v9

Pacquiao អាច​ប៉ះ ជើងខ្លាំង ខាងប្រដាល់ដាក់ទ្រុង McGregor ខែ​មេសា ​ឆ្នាំ​ក្រោយ

4 months ago​ | ដោយ V-Dara

កីឡាករប្រដាល់សកលនិម្មិតរូបហ្វីលីពីន Manny Pacquiao បានបង្ហើបប្រាប់ថា រូបគេអាចនឹងប៉ះជើងខ្លាំង ខាងប្រដាល់ដាក់ទ្រុង Conor McGregor នៅក្នុងខែមេសា ឆ្នាំ២០១៨ ខាងមុខ ដែលទទួលបានតម្លៃខ្លួនខ្ពស់មិនចាញ់ Floyd Mayweather ឡើយ។

បុរសវ័យ ៣៨ឆ្នាំ Pacquiao បានថ្លែងប្រាប់សារព័ត៌មាន Dailymail របស់ចក្រភពអង់គ្លេសកាលពីថ្ងៃសុក្រ ទី០៨ ខែធ្នូ ម្សិលមិញថា គាត់បានត្រៀមលក្ខណៈសម្បតិ្តរួចរាល់ហើយក្នុងការឡើងសង្វៀនប្រកួតទល់នឹង Conor McGregor នៃខែមេសាដែលជាពេលវិស្សមកាលពីការងារសភារបស់គាត់។

Pacquiao បានថ្លែងថា «ប្រសិនបើយើងអាចចរចាគ្នាបាន ខែមេសា ឆ្នាំ២០១៨ គឺល្អបំផុតហើយ ខ្ញុំគ្មានបញ្ហាទេ»។

ការថ្លែងបែបនេះរបស់អតីតម្ចាស់ខ្សែក្រវាត់ពិភពលោក ៨ជំនាន់ Pacquiao ក្រោយពេលទទួលដំណឺងថា កីឡាករជើង ខ្លាំងអៀរឡង់ខាងជើង McGregor វ័យ ២៩ឆ្នាំ ក៏មានបំណងចង់ប្រកួតជាមួយគេដែរ ក្រោយពេលបរាជ័យក្រោមកណ្តាប់ដៃរបស់ Floyd Mayweather ក្នុងទឹកទី១០ កាលពីចុងខែសីហា ឆ្នាំ២០១៧។

Pacquiao ដែលឈានចូលវ័យ ៣៩ឆ្នាំដាច់ខែធ្នូនេះ ទើបតែបានបាត់បង់ខ្សែក្រវាត់ទម្ងន់មធ្យមពិភពលោក WBO ក្រោមកណ្តាប់ដៃកីឡាករអូស្រ្តាលី Jeff Horn ដោយពិន្ទុកាលពីខែកក្កដា ឆ្នាំ២០១៧ ដែលជាខ្សែក្រវាត់ទើបដណ្តើម បានពីជើងខ្លាំងអាមេរិក Jessie Vargas ឆ្នាំ២០១៦ បន្ទាប់ពីសម្រេចចិត្តឡើងសង្វៀនវិញ ចេញពីការចូលនិវត្តន៍៕

កែសម្រួលដោយ៖ Cambosport
អត្ថបទ៖ KhmerTalking

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77