v9
V9BET

ការប្រកាសឲ្យ រឿង សោភ័ណ្ឌ ឈ្នះថៃ នៅ CNC ប្រៀបដូចជាល្បែងកូនក្មេង

2 years ago​ | ដោយ Bopha

មន្រ្តីបច្ចេកទេសរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ប្រចាំនៅសង្វៀន CNC បានបង្ហាញពីការកាត់សេចក្តីដ៏គួរឲ្យអស់សំណើរមួយ គឺវាហាក់ដូចជាល្បែងកូនក្មេងអ៊ីចឹងដែរ នៅពេលដែលក្រុមមួយនេះ បានបង្វែលទ្ធផលនៃការប្រកួតរវាង រឿង សោភ័ណ្ឌ និងជើងខ្លាំងរបស់ថៃ Opor Sor Thor.Visit តាមតែអំពើចិត្ត ដើម្បីសង្រ្គោះទៅដល់លោកអាជ្ញាកណ្តាល អ៊ិន ខេមរិន្ទ ដែលបានប្រព្រឹត្តិការណ៍ខុសពីស្ថានភាពជាក់ស្តែងនោះ។

នៅក្នុងការប្រកួតជម្រុះដណ្តើមខ្សែក្រវាត់គោជល់ ក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម នៅសង្វៀន CNC កាលពីយប់ថ្ងៃសៅរ៍ កន្លងមកនេះ លោកអាជ្ញាកណ្តាល អ៊ិន ខេមរិន្ទ បានបង្កើតកំហុសដ៏ធ្ងន់មួយ ដោយលោកបានរាប់ទៅលើ រឿង សោភ័ណ្ឌ នៅដើមទឹកទី៤ ដោយគ្រាន់តែ សោភ័ណ្ឌ ទាត់ទៅលើ Opor Sor រួចផុតជើងក្រោម និងរអិលដួលដោយខ្លួនឯង។

ការរាប់ដោយគ្មានមូលដ្ឋាននេះបានធ្វើឲ្យ រឿង សោភ័ណ្ឌ បង្ហាញពីការខឹង និងលែងចង់ប្រកួតតទៅទៀត ដោយរូបគេបានចូលវាយមួយប្រាវៗ ដើម្បីបំពេញតួនាទីជាកីឡាករ ដែលឡើងប្រកួតយកប្រាក់តម្លៃខ្លួនពីខាងប៉ុស្តិ៍ និងម្ចាស់ឧបត្ថម្ភ។

ជាមួយនឹងការវាយបែបនេះ សោភ័ណ្ឌ បានដឹងថា ខ្លួនគេ និងចាញ់ក្នុងការប្រកួតនេះ ដោយរូបគេបានឱនមុខចុះ បង្ហាញការអស់សង្ឃឹម នៅពេលពិធីករ បានប្រកាសថា ការប្រកួតនេះ ឈ្នះចាញ់គ្នាដោយឯកច្ឆន្ទ ខណៈ Opor Sor បានបង្ហាញភាពសប្បាយរីករាយ ព្រោះដឹងថា គេនឹងឈ្នះ ប៉ុន្តែនៅចុងបញ្ចប់នៃការប្រកាសរបស់ពិធីករគឺបែរជា រឿង សោភ័ណ្ឌ ជាអ្នកឈ្នះទៅវិញ។

ជាមួយលទ្ធផលនេះបានធ្វើឲ្យកីឡាករថៃ Opor Sor មានការភ្ញាក់ផ្អើល នឹងបង្ហាញអាការៈងឿយឆ្ងល់ ព្រោះតាមរយៈការប្រកួត និងការរាប់ទៅលើ រឿង សោភ័ណ្ឌ របស់លោក អ៊ិន ខេមរិន្ទ បានបញ្ជាក់យ៉ាងច្បាស់ថា រូបគេគឺជាអ្នកឈ្នះ ក្នុងការប្រកួតនេះ។

ទាក់ទងទៅនឹងបញ្ហានេះត្រូវបានប្រភពច្បាស់ការប្រាប់ឲ្យដឹងថា ចៅក្រមទាំង៥ បានកាត់សេចក្តីឲ្យ Opor Sor ឈ្នះលើ រឿង សោភ័ណ្ឌ ជាឯកច្ឆន្ទ ប៉ុន្តែនៅមុនពេលប្រកាសលទ្ធផលនោះ ថ្នាក់លើរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានធ្វើការអន្តរាគមន៍ ដោយបង្វែឲ្យ រឿង សោភ័ណ្ឌ ជាអ្នកឈ្នះវិញ ដើម្បីលុបលាងកំហុសរបស់លោកអាជ្ញាកណ្តាល អ៊ិន ខេមរិន្ទ ដែលជាប្អូនថ្លៃរបស់លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ព្រមទាំងគេចចេញពីបាតុភាពផ្សេងៗដូចជាការគប់ដមទឹកសុទ្ធ ឬស្បែកជើងទៅលើសង្វៀន ដែលអាចកើតឡើងពីសំណាក់អ្នកគាំទ្ររបស់ រឿង សោភ័ណ្ឌ ដែលមិនពេញចិត្តចំពោះការរាប់របស់លោក អ៊ិន ខេមរិន្ទ៕

វីឌីអូការប្រកួតរវាង រឿង សោភ័ណ្ឌ និង Opor Sor៖

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.