v9

ទ័ព ក្រោន ណាហ្គា និងស្វាយរៀង ត្រូវប្រជែងគ្នា ប៉ុន្តែបឹងកេត អាចឈ្នះ៣ពិន្ទុ

4 weeks ago​ | ដោយ vdara

ក្រុមបឹងកេត ដែលកំពុងឈរនៅលេខរៀងទី២នៃលីកកំពូលកម្ពុជា ឆ្នាំ២០១៧ ត្រូវបានគេមើលឃើញថា អាចនឹងដណ្តើមបាន៣ពិន្ទុបន្ថែមទៀត ដើម្បីបន្តឈរនៅទីតាំងនេះដដែលនេះ ប៉ុន្តែក្រុមព្រះខ័នរាជស្វាយរៀង ក្រសួងការពារជាតិ(ទ័ព) ណាហ្គាវើល និងភ្នំពេញក្រោន ត្រូវប្រជែងគ្នាយ៉ាងតានតឹង ដើម្បីដណ្តើមយក៣ពិន្ទុ ក្នុងការប្រកួតលើកនេះ។

សម្រាប់ការប្រកួតវិលជុំប្រចាំសប្តាហ៍ទី១៨នេះ ក្រុមណាហ្គាវើល នឹងត្រូវជួបក្រុមឈរនៅកំពូលតារាង ព្រះខ័នរាជស្វាយរៀង ហើយនេះជាការប្រកួតដ៏សំខាន់បំផុត ព្រោះក្រុមណាហ្គាវើល ត្រូវការឈ្នះ ដើម្បីពង្រឹងទីតាំងលេខ៣របស់ខ្លួន ឯក្រុមមាន៣៧ពិន្ទុស្វាយរៀង ក៏ត្រូវការឈ្នះ ដើម្បីពង្រឹងតំបន់កំពូលតារាងរបស់ខ្លួនដូចគ្នា។ ប៉ុន្តែសម្រាប់ការប្រកួតជើងទី១ ណាហ្គាវើល បានឈ្នះស្វាយរៀង ៣-១។

ចំណែកក្រសួងការពារជាតិ ត្រូវវិលទៅជួបក្រុមក្រុមភ្នំពេញក្រោន ហើយនេះជាការប្រកួតដ៏សំខាន់បំផុត ដែលក្រុមឈរនៅលេខ៥ ទ័ព ត្រូវការយកឈ្នះជាដាច់ខាត ដើម្បីយកលេខ៤ ក្នុងតំបន់ Top4 របស់ក្រុមភ្នំពេញក្រោន ប៉ុន្តែភ្នំពេញក្រោន ក៏ត្រូវការឈ្នះ ជាចាំបាច់ ដើម្បីបន្តឈរនៅលេខ៤ ហើយក៏ដើម្បីលប់បំបាត់ការចាញ់ក្រុមទ័ព ៣-២ ផងដែរ ហេតុនេះការប្រកួតនេះ នឹងមានភាពតានតឹងខ្លាំងបំផុត។

ផ្ទុយពីនេះក្រុមបឹងកេត ត្រូវបានគេមើលឃើញថា នឹងអាចដណ្តើមបាន៣ពិន្ទុបន្ថែម ព្រោះនៅសប្តាហ៍នេះ ក្រុមបឹងកេត ត្រូវជួបក្រុមកំពុងឈរនៅតំបន់កាត់ចោល CMAC ដែលពួកគេធ្លាប់ឈ្នះ ២-១ ក្នុងជើងទី១។

ចំណែកក្រុមប៉ូលិស ត្រូវជួបក្រុមគិរីវង់សុខសែនជ័យ ដែលពួកគេ ធ្លាប់ឈ្នះ ២-១ ឯក្រុមអគ្គិសនីកម្ពុជា ត្រូវប្រឈមជាមួយក្រុមខេមបូឌានថាយហ្គឺរ ដែលពួកគេបានចាញ់ ១-០ ក្នុងជើងទី១ ហើយក្រុមអាស៊ីអឺរ៉ុប ត្រូវស្វាគមន៍ក្រុមវេស្ទើន ដែលពួកគេបានឈ្នះ ៣-១ ក្នុងជើងទី១៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77