v9

ក្រុមកីឡាហែលទឹក មកពី ៧ក្លិប ត្រូវប្រកួតប្រជែងគ្នាថ្ងៃនេះ ដើម្បីរកអ្នកខ្លាំង

1 month ago​ | ដោយ Bopha

ក្រុមអត្តពលិកកីឡាហែលទឹកចំនួន៩៥នាក់ មកពីក្លិបចំនួន៧ នឹងត្រូវប្រកួតប្រជែងគ្នា ក្នុងព្រឹត្តិការណ៍កីឡាហែលទឹកជ្រើសរើសជើងឯកSCG ប្រចាំឆ្នាំ២០១៧ នៅអាងហែលទឹកពហុកីឡដ្ឋានជាតិ ចាប់ពីរសៀលម៉ោង៣ ថ្ងៃសុក្រនេះ នឹងត្រូវបញ្ចប់ នៅល្ងាចថ្ងៃអាទិត្យ ដើម្បីរកអ្នកខ្លាំងទៅតាមប្រភេទវិញ្ញាសានីមួយៗ ពិសេសយុវជនមានសមត្ថភាពពិតប្រាកដ២នាក់ ទៅប្រកួតនៅក្រៅប្រទេស។

កីឡាករ កីឡាការិនីទាំង៩៥នាក់ ដែលត្រូវចូលរួមនៅក្នុងការប្រកួតនេះ គឺមានមកពីក្លិបព្រឹទ្ធាចារ្យហែមថុន ក្លិបក្រសួងមហាផ្ទៃ ក្លិបមច្ឆានុ ក្លិបជ្រោយចង្វារ ក្លិបការកុល ក្លិបក្រសួងព័ត៌មាន និងក្លិបនាគរាជកំពង់ចាម ហើយអ្នកទាំងនេះ នឹងត្រូវប្រកួតប្រជែងគ្នាទៅតាមប្រភេទអាយុរៀងៗខ្លួន។

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បានប្រាប់កាលពីម្សិលមិញថា៖«ការប្រកួតនេះ ដើម្បីពង្រឹងសមត្ថភាពដល់កីឡាករ កីឡាការិនីថ្នាលរបស់យើង ហើយនៅក្នុងការប្រកួតនេះដែរ យើងនឹងត្រូវធ្វើការជ្រើសរើសយកកីឡាករអាយុក្រោម១៣ឆ្នាំម្នាក់ និងកីឡាការិនីអាយុក្រោម១៥ឆ្នាំម្នាក់ ត្រៀមទៅចូលរួមការប្រកួតកីឡាហែលទឹកយុវជនអាស៊ាន លើកទី៤១ នៅប្រទេសប្រ៊ុយណេ ពីថ្ងៃទី១០ ដល់ទី១២ ខែវិច្ឆិកា ខាងមុខនេះ»។

បើតាមលោក ហែម គិរី បានឲ្យដឹងថា ការប្រកួតនេះមាន២៨វិញ្ញាសា ប៉ុន្តែអត្តពលិកទាំង៩៥នាក់នេះ ត្រូវបានបែងចែកជា៥ផ្នែកទៅតាមកម្រិតអាយុ គឺទី១ការប្រកួតរបស់ក្រុមកុមារា-កុមារី ដែលមានអាយុក្រោម១១ឆ្នាំ ទី២ក្រុមកុមារា-កុមារីមានអាយុក្រោម១៤ឆ្នាំ ទី៣ក្រុមយុវជន-យុវនារីមានអាយុក្រោម១៧ឆ្នាំ ទី៤ក្រុមកីឡាករ កីឡាការិនីក្រុមជម្រើសជាតិ ឬក្រុមជំនាញ និងទី៥ការប្រកួតរបស់ក្រុមជនពិការ៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77