v9

គិរីវង់ ប៉ូលិស និងស្វាយរៀង ឈ្នះកៅអីឡើងទៅវគ្គបន្តពានសម្តេចហ៊ុន សែន

1 month ago​ | ដោយ Bopha

ក្រុមគិរីវង់សុខសែនជ័យ អគ្គស្នងការដ្ឋាននគរបាលជាតិ(ប៉ូលិស) និងក្រុមព្រះខ័នរាជស្វាយរៀង សុទ្ធតែបានបន្តយកប្រៀបលើគូប្រកួតរបស់ខ្លួន ក្នុងការប្រកួតជើងទី២ ដំណាក់កាលទី៤ កាលពីល្ងាចថ្ងៃពុធ ម្សិលមិញ ដើម្បីឈ្នះកៅអីឡើងទៅប្រកួតដំណាក់កាលទី៥ ឬវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១១ ឆ្នាំ២០១៧។

សម្រាប់ការប្រកួតនៅលើទីលានផ្សេងគ្នា កាលពីម្សិលមិញនោះ ក្រុមគិរីវង់សុខសែនជ័យ បានព្យាយាមទប់ពីការវាយបករបស់ក្រុមអាស៊ីអឺរ៉ុប រហូតបញ្ចប់ការប្រកួតក្នុងលទ្ធផល ០-០ ហើយការស្មើគ្នានេះ បានជួយឲ្យក្រុមគិរីវង់ នៅតែមានប្រៀបលើក្រុមអាស៊ីអឺរ៉ុប និងបានឡើងទៅប្រកួតវគ្គបន្ត ព្រោះការប្រកួតជើងទី១កន្លងមក គិរីវង់ បានឈ្នះក្រុមអាស៊ីអឺរ៉ុប ២-០។

ចំណែកក្រុមសូលទីឡូអង្គរ ដែលទើបទទួលបានឱកាសឡើងមកប្រកួតនៅលើកំពូលកម្ពុជា ឆ្នាំ២០១៨ នោះ មិនអាចប្រើទឹកដីខ្លួនឯងគឺកីឡដ្ឋានខេត្តសៀមរាប ដើម្បីវាយបកយកឈ្នះក្រុមប៉ូលិស បាននោះទេ គឺពួកគេបន្តចាញ់ ២-០ បន្ថែមទៅលើការចាញ់ ៤-១ ក្នុងជើងទី១ ដែលធ្វើឲ្យក្រុមមួយនេះធ្លាក់ ហើយក្រុមប៉ូលិស ត្រូវឡើងទៅវគ្គបន្ត។

ជាមួយគ្នានេះដែរ ក្រុមព្រះខ័នរាជស្វាយរៀង បានបន្តយកឈ្នះក្រុមម្ចាស់ផ្ទះខេត្តកំពត ៤-១ បន្ថែមទៅលើការឈ្នះ ៨-០ ក្នុងជើងទី១ ដើម្បីបន្តឡើងទៅកាន់ការប្រកួតដំណាក់កាលទី៥។ ប៉ុន្តែភ្នំពេញក្រោន បានឡើងទៅវគ្គបន្ត ដោយមិនចាំបាច់ប្រកួតជើងទី២នេះ ព្រោះក្រុមយុវជនបាល់ទាត់ជាតិបាទី បានបង់បោះចោលការប្រកួត ខណៈជើងទី១ ភ្នំពេញក្រោនបានឈ្នះ ៦-០។

យោងតាមលទ្ធផលការប្រកួតដំណាក់កាលទី៤នេះ ក្រុមស្វាយរៀង ត្រូវឡើងទៅជួបក្រុមក្រសួងការពារជាតិ ដែលពួកគេ ធ្លាប់ចាញ់ ក្នុងការប្រកួតផ្តាច់ព្រ័ត្រពានហ៊ុន សែន នេះ កាលពីឆ្នាំ២០១៦ ឯក្រុមភ្នំពេញក្រោន ត្រូវប្រឈមជាមួយក្រុមណាហ្គាវើល។ ចំណែកក្រុមប៉ូលិស ត្រូវប៉ះក្រុមអគ្គិសនីកម្ពុជា ខណៈក្រុមគីរីវង់ ត្រូវប្រកួតជាមួយក្រុមបឹងកេត ហើយការប្រកួតដំណាក់កាលទី៥ គឺមានការប្រកួត២ជើងដូចគ្នា ដើម្បីរកក្រុមឈ្នះឡើងទៅកាន់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77