v9

អាស៊ីអឺរ៉ុប និងសូលទីឡូអង្គរ ត្រូវវាយបកគូសត្រូវចាស់ ប៉ុន្តែភ្នំពេញក្រោន ឡើងទៅវគ្គបន្តដោយស្វ័យប្រវត្តិ

1 month ago​ | ដោយ Bopha

ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១១ ប្រចាំឆ្នាំ២០១៧ នឹងត្រូវប្រកួតបញ្ចប់វគ្គជម្រុះដំណាក់កាលទី៤ នៅរសៀលម៉ោង៣ ថ្ងៃពុធនេះ ដើម្បីរកក្រុមមានប្រៀបចំនួន៤ទៀត ដែលត្រូវឡើងទៅប្រកួតនៅដំណាក់កាលទី៥ ឬវគ្គ៨ក្រុមចុងក្រោយជាមួយក្រុមអគ្គិសនីកម្ពុជា ក្រសួងការពារជាតិ ណាហ្គាវើល និងបឹងកេតអង្គរ។

នៅក្នុងការប្រកួតនេះ ក្រុមអាស៊ីអឺរ៉ុប និងក្រុមសូលទីលូអង្គរ នឹងប្រើប្រាស់ឱកាសដ៏តិចតួចរបស់ខ្លួន ដើម្បីប្រកួតប្រជែងជាមួយក្រុមគិរីវង់សុខសែនជ័យ និងក្រុមប៉ូលិស ក្នុងការប្រកួតជើងទី២ កាត់សេចក្តីនៅថ្ងៃនេះ។ ប៉ុន្តែក្រុមយុវជនបាល់ទាត់ជាតិបាទី បានលុបចោល ការប្រកួតជើងទី២ជាមួយក្រុមភ្នំពេញក្រោន ដែលពួកគេធ្លាប់ចាញ់ ៦-០ ក្នុងជើងទី១ ដូច្នេះភ្នំពេញក្រោន បានឡើងទៅវគ្គបន្តដោយស្វាយប្រវត្តិ។

សម្រាប់ការប្រកួតជើងទី១ កន្លងមក ក្រុមអាស៊ីអឺរ៉ុប បានចាញ់ក្រុមគិរីវង់ ២-០ ហេតុនេះសម្រាប់ការប្រកួតលើកនេះ អាស៊ីអឺរ៉ុប ត្រូវការឈ្នះគិរីវង់ ៣គ្រាប់ ទើបអាចឡើងទៅវគ្គបន្តបាន ប៉ុន្តែក្រុមគិរីវង់ ដែលជាម្ចាស់ផ្ទះការប្រកួតជើងទី២នេះ ប្រហែលជាមិនបណ្តោយឲ្យបាត់បង់ឱកាសទៅវគ្គបន្តនោះទេ។

ចំណែកក្រុមសូលទីឡូអង្គរ កាន់តែមានភាគរយតិច ក្នុងការប្រជែងជាមួយក្រុមប៉ូលិស ព្រោះការប្រកួតជើងទី១ ពួកគេបានចាញ់ក្រុមប៉ូលិស រហូតដល់ ៤-១ ប៉ុន្តែ សូលទីឡូអង្គរ ត្រូវបានគេមើលឃើញថា នឹងខំប្រឹងប្រកួតខ្លាំង ព្រោះការប្រកួតនេះ ត្រូវធ្វើនៅលើទឹកដីរបស់ពួកគេ នៅខេត្តសៀមរាប។

ចំពោះក្រុមព្រះខ័នរាជស្វាយរៀង ក៏ត្រូវប្រកួតជើងទី២ជាមួយក្រុមខេត្តកំពត នៅថ្ងៃនេះផងដែរ ប៉ុន្តែការឈ្នះ ៨-០ នៅជើងទី១ អាចបង្ហាញបានថា ខេត្តកំពត មិនអាចវាយបកយកឈ្នះលើក្រុមខ្លាំងស្វាយរៀង បាននោះទេ៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77