v9
V9BET

ស៊ីរី រំពឹងបង្កើតភាពអស្ចារ្យក្នុង World Cup ពេលប៉ះ អូស្ត្រាលី ល្ងាចនេះ

2 years ago​ | ដោយ pheng

ក្រុមបាល់ទាត់ជម្រើសជាតិស៊ីរី នឹងពឹងផ្អែកទៅលើស្មារតីប្រយុទ្ធរបស់ពួកគេដើម្បីបង្កើតអព្ភូតហេតុក្នុងយុទ្ធនាការ World Cup របស់ពួកគេ នៅពេលប្រកួតជាមួយនឹងក្រុមជម្រើសជាតិអូស្ត្រាលី នៅថ្ងៃអង្គារនេះ ខណៈដែលក្រុមអូស្ត្រាលី ក៏សម្លឹងរកការទទួលបានជំនួយពីអ្នកគាំទ្រលើទឹកដីខ្លួនឯងផងដែរ។

ក្រុមជម្រើសជាតិស៊ីរី បានទទួលលទ្ធផលស្មើ ១-១ ក្នុងការប្រកួតជើងទី១ នៃយុទ្ធនាការវគ្គ Playoff ប្រចាំតំបន់អាស៊ី ក្នុងប្រទេសម៉ាឡេស៊ី កាលពីសប្តាហ៍មុន ក្រោយពីទទួលបានបាល់ប៉េណាល់ទីដ៏ចម្រូងចម្រាស់នៅជិតបញ្ចប់ការប្រកួត ដើម្បីផ្តល់ការខកចិត្តដល់អូស្ត្រាលីតែម្តង។ លទ្ធផលនេះ គ្រប់គ្រាន់ក្នុងការរក្សាយុទ្ធនាការជម្រុះដ៏គួរឲ្យកត់សម្គាល់មួយ ដែលបានកើតឡើងផ្ទុយគ្នាស្រឡះទៅនឹងសង្គ្រាមស៊ីវិល ដ៏ឃោឃៅរបស់ប្រទេសស៊ីរី ក្រោមការដឹកនាំដ៏គួរឲ្យសរសើររបស់លោកគ្រូបង្វឹក Ayman al-Hakim។

បច្ចុប្បន្ន វាអាស្រ័យទៅលើការប្រកួតរយៈពេល៩០នាទីទៀតប៉ុណ្ណោះនៅកីឡដ្ឋាន ANZ ក្នុងទីក្រុងស៊ីដនី ខណៈដែលក្រុមឈ្នះនឹងត្រូវឈានទៅប្រកួតវគ្គ Playoff ពីរជើង ជាមួយនឹងក្រុមឈរលេខ៤ពីតំបន់អាមេរិកខាងជើង កណ្តាល និងការ៉ាអ៊ីប (CONCACAF) ដែលបច្ចុប្បន្នកំពុងតែគ្រប់គ្រងដោយក្រុមជម្រើសជាតប៉ាណាម៉ា។

លោក al-Hakim បានឲ្យដឹងថា៖ «ការប្រកួតរបស់យើងជាមួយនឹងអូស្ត្រាលី ក្នុងទីក្រុងស៊ីដនី ពិតជាលំបាក ហើយបើទោះបីយើងនឹងអវត្តមានកីឡាករ៥នាក់ (ដោយសារតែរបួស និងជាប់ពិន័យព្យួរ) ក៏ដោយ យើងមានភាពស៊ាំទៅនឹងការលេងនៅក្រៅទឹកដីរបស់យើង»។ គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «ខ្ញុំនិយាយទៅកាន់អ្នកគាំទ្ររបស់យើងថា អ្វីដែលយើងសម្រេចបានមកទល់ពេលនេះ មិនត្រឹមតែជាសមិទ្ធផលមួយឡើយ ប៉ុន្តែ ក៏ជាអព្ភូតហេតុមួយដែរ ហើយយើងនឹងធ្វើដំណើរទៅមុខជាមួយនឹងកម្លាំងរបស់យើងដើម្បីបន្តដំណើររបស់យើងលើផ្លូវនៃការសម្រេចឲ្យបានក្តីសុបិនរបស់យើង»។ ខ្សែប្រយុទ្ធ Omar al-Soma ដែលទើបតែវិលចូលរួមក្រុមជម្រើសជាតិវិញ ក្រោយពីអវត្តមានដោយសារតែហេតុផលនយោបាយនោះ បានបញ្ជាក់ថា ក្រុមនេះ មិនខ្វះនូវការជឿជាក់លើខ្លួនឯងឡើយ។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង៤រសៀល៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Sport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.