v9

ក្រុមយុវជនក្រសួងការពារជាតិ ផ្តួលក្រុមរបស់ហុងដា ដើម្បីឡើងទៅវគ្គ ១/២ ផ្តាច់ព្រ័ត្រ

3 months ago​ | ដោយ V-Dara

ក្រុមយុវជនក្រសួងការពារ មិនបានទទួលរងភាពហ្មងសៅដូចក្រុមធំរបស់ខ្លួនគឺក្រុមក្រសួងការពារជាតិ ដែលបានចាញ់ទាំង ២ ប្រកួតជាប់ៗគ្នា ក្នុងការប្រកួតលីកកំពូលកម្ពុជា ឆ្នាំ២០១៧ នោះទេ ខណៈពួកគេ បានលត់ក្រុមសូទីឡូអង្គរ ៥-០ ដើម្បីឡើងទៅកាន់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌខេមបូឌានលីក២ ឆ្នាំ២០១៧ នោះ។

បើទោះបីជា សូទីឡូអង្គរ ជាក្រុមដែលបង្កើតឡើង ក្រោមការឧបត្ថម្ភរបស់កីឡាករលំដាប់អន្តរជាតិ ហុងដា របស់ជប៉ុន និងជាក្រុមដែលទទួលបានឱកាសទៅហ្វឹកហាត់នៅជប៉ុនទាំងក្រុម នាពេលកន្លងមកនេះ ប៉ុន្តែសម្រាប់ការប្រកួត កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ ក្រុមយុវជនក្រសួងការពារជាតិ បានលត់ក្រុមសូទីឡូអង្គររហូតដល់ ៥-០ ដើម្បីបញ្ជាក់ពីភាពខ្លាំងរបស់ខ្លួន។

លទ្ធផលនេះបានជួយឲ្យក្រុមយុវជនក្រសួងការពារជាតិ ត្រូវឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយក្រុមលេខ២ យុវជនសាលាបាល់ទាត់ជាតិបាទី ដែលនឹងត្រូវធ្វើនៅលើទីលានមជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិបាទី នាថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ ខាងមុខនេះ។

ចំណែកក្រុមណាឈ្នះ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះ នឹងត្រូវឡើងទៅជួបក្រុមលេខ១ វិសាខា ដែលកំពុងអង្គុយចាំនៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីរកក្រុមលើកពាន ព្រោះរូបមន្តនៃការប្រកួតខេមបូឌានលីក២នេះ គឺក្រុមដែលទទួលបានលេខ៣ និងលេខ៤ ពីការប្រកួតវិលជុំ ត្រូវប្រកួតគ្នា ដោយក្រុមឈ្នះត្រូវឡើងទៅជួបក្រុមលេខ២(យុវជនសាលាបាល់ទាត់ជាតិបាទី) ដែលអង្គុយចាំនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយក្រុមឈ្នះត្រូវឡើងទៅជួបក្រុមលេខ១គឺវិសាខា ដែលទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតវិលជុំ ដែលមាន៧ក្រុមចូលរួម៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77