v9

រឿង សោភ័ណ្ឌ និង អ៊ុំ ចំរើន ត្រូវវ៉ៃដណ្តើមប្រាក់លានជាមួយថៃ នៅថ្ងៃសៅរ៍

3 months ago​ | ដោយ V-Dara

កីឡាករជើងខ្លាំងរបស់កម្ពុជា រឿង សោភ័ណ្ឌ និង អ៊ុំ ចំរើន របស់ក្លិបតាឡីដំរីមានរិទ្ធ ត្រូវបានដាក់ឲ្យប្រកួតម៉ារ៉ាតុង ដណ្តើមប្រាក់លានជាមួយអ្នកប្រដាល់របស់ថៃ Rongkeat Keatprakphath និង Manavthorng Netnamchhai នៅលើសង្វៀន CNC នាយប់ថ្ងៃសៅរ៍នេះ។

នៅក្នុងការប្រកួតនេះ រឿង សោភ័ណ្ឌ របស់ក្លិបមកុដរាជសីហ៍ ត្រូវប្រកួតជម្រុះជាមួយ Manavthorng Netnamchhai ឯ អ៊ុំ ចំរើន ត្រូវប៉ះជាមួយ Rongkeat Keatprakphath ហើយអ្នកឈ្នះ ក្នុងការប្រកួតដែលមានតែ ៣ ទឹកនេះ នឹងត្រូវឡើងទៅប្រកួតផ្តាច់ព្រ័ត្រ ក្នុងថ្ងៃសៅរ៍នោះតែម្តង ដើម្បីរកអ្នកឈ្នះទទួលបានទឹកប្រាក់ ៤ លានរៀល។

គេនៅមិនទាន់ដឹងថា កីឡាករ ២ រូប ដែលទទួលបានជ័យជម្នះក្នុងការប្រកួតជម្រុះនេះ ជាកីឡាករកម្ពុជា ឬថៃ នោះទេ ព្រោះអ្នកទាំង ៤ នេះ សុទ្ធតែមានសមត្ថភាពខ្ពស់ និងមានក្បាច់សម្លាប់រៀងៗខ្លួន ប៉ុន្តែសម្រាប់ភាគីកម្ពុជា ត្រូវបានគេផ្តល់ការទុកចិត្តទៅលើ រឿង សោភ័ណ្ឌ ច្រើនជាង អ៊ុំ ចំរើន ហើយបើទោះបីជាអ្នកទាំង ២ ត្រូវឡើងទៅជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រ ក៏ អ៊ុំ ចំរើន មានភាគរយតិចក្នុងការយកឈ្នះ សោភ័ណ្ឌ ដែរ។

បើតាមប្រវត្តិប្រកួត ដែលផ្តល់ឲ្យដោយអ្នកគ្រប់គ្រងប្រដាល់នៅ CNC បានឲ្យដឹងថា អ៊ុំ ចំរើន ដែលមានអាយុ ២៣ ឆ្នាំ មានកំណត់ត្រាប្រកួតល្អជាងកីឡាករថៃ Rongkeat Keatprakphath ព្រោះ ចំរើន ធ្លាប់ប្រកួត ៩៥ ដង ឈ្នះ ៨២ ចាញ់ ១១ និងស្មើ ២ ដង ឯកីឡាករថៃ ដែលមានអាយុ ៣០ ឆ្នាំ ធ្លាប់ប្រកួតបាន៩០ដង ឈ្នះ ៧០ ចាញ់ ១៨ និងស្មើ ២ ដង ប៉ុន្តែ ចំរើន ទាប់ជាង Rongkeat Keatprakphath បន្តិចគឺកម្ពស់ ១,៦៦ម៉ែត្រ ទល់នឹង ១,៧០ម៉ែត្រ។

ចំណែក រឿង សោភ័ណ្ឌ ក៏មានប្រវត្តិប្រកួតច្រើនជាង Manavthorng Netnamchhai ផងដែរ ព្រោះ សោភ័ណ្ឌ ធ្លាប់ប្រកួតរហូតដល់ ១៣៦ ដង ឈ្នះ ១១៨ ចាញ់ ១៦ និងស្មើ ២ ដង ខណៈ Manavthorng ប្រកួតបានត្រឹម ៩៥ ដង ឈ្នះ ៧៧ ចាញ់ ១៣ និងស្មើ ៥។ ប៉ុន្តែ សោភ័ណ្ឌ ចាញ់ប្រៀបផ្នែកកម្ពស់ Manavthorng ដាច់តែម្តង គឺ ១,៦៤ម៉ែត្រ ទល់នឹង ១,៧៤ម៉ែត្រ។

យ៉ាងណាក៏ដោយ រឿង សោភ័ណ្ឌ ធ្លាប់បានផ្តួលកីឡាករដែលមានកម្ពស់ខ្ពស់ជាងខ្លួនច្រើនលើកមកហើយ ហេតុនេះការចាញ់ប្រៀបផ្នែកកម្ពស់ វាមិនមែនជាបញ្ហាចំពោះរូបគេនោះទេ ហើយបានតាមគ្រូបង្វឹករបស់ក្លិបមកុដរាជសីហ៍ បានឲ្យដឹងថា រឿង សោភ័ណ្ឌ បានខំប្រឹងហ្វឹកហាត់ខ្លាំង ព្រោះរូបគេចង់ឈ្នះ ដើម្បីក្លាយជាម្ចាស់ប្រាក់លាន ក្នុងការប្រកួតទម្ងន់៦៩គីឡូក្រាមនេះ៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77