v9

ក្រុមតេក្វាន់ដូ ITF កម្ពុជា ចេញទៅប្រកួតជើងពិភពលោក នៅកូរ៉េខាងជើង

2 months ago​ | ដោយ vdara

ក្រុមអត្តពលិកកីឡាតេក្វាន់ដូ ITF របស់កម្ពុជាចំនួន១៤នាក់ រួមទាំងគ្រូបង្វឹក និងអ្នកដឹកនាំចំនួន៥នាក់ទៀត បានធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើង កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ ដើម្បីចូលរួមការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកពិភពលោកនៅទីនោះ ដែលនឹងចាប់ផ្តើមពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី២១ ខែកញ្ញា។

អត្តពលិកទាំង១៤នាក់ ដែលចេញទៅប្រកួតជើងឯកពិភពលោកលើកនេះ រួមមានកីឡាករ ប៉ាល់ ជីវ័ន, ហ៊ វិចិត្រ, បុត្រ សេរីគង្គា, អោក សំនាង, ឃឿន ប៊ុនឡុង, សៀង អេងហ៊ុយ, ឃឿន ប៊ុនលាង, នេត្រ ហាក់លី, ទ្រី វរលក្ខណ៍, ជា ច័ន្ទឡា, តាំង សៀសុង, តាត់ ឧត្តម កីឡាការិនី រស់ ស្រីនិច និង រោយ មុល្លិកា ហើយអ្នកទាំងនេះ នឹងត្រូវប្រកួតប្រជែងនៅលើវិញ្ញាសាចំនួន២០។

ទាក់នឹងការប្រកួតនេះ លោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូអាយធីអេហ្វកម្ពុជា និងជាប្រធានប្រតិភូដឹកនាំការប្រកួតនេះ បានជំរុញឲ្យអត្តពលិកចេញទៅប្រកួតលើកនេះ កុំបាក់ទឹកចិត្ត និងតក់ស្លុត ទោះប៉ះម្ចាស់ក្បាច់គុន ឬជើងខ្លាំង គឺត្រូវតាំងចិត្តយកឈ្នះឲ្យបាន ដើម្បីកិត្តិយសខ្លួនឯង និងប្រទេសជាតិ។

នៅក្នុងការប្រកួតវិញ្ញាសាទាំង២០នោះ អត្តពលិកកម្ពុជាទាំង១៤នាក់ គឺស្ទើតែទាំងអស់ ត្រូវប្រកួតលើសពីវិញ្ញាសា ខណៈ ប៉ាល់ ជីវ័ន ដែលធ្លាប់ឈ្នះបានមេដាយសំរឹទ្ធ ពីការប្រកួតជើងឯកពិភពលោកនេះ ត្រូវប្រកួតរហូតដល់៥វិញ្ញាសាតែម្នាក់ឯង ក្នុងនោះមានប្រកួតសម្តែងមេគុនកម្រិត៤ដាន់ ប្រកួតប្រយុទ្ធជាក្រុម ប្រកួតវាយបំបែកក្តាជាក្រុម សម្តែងបច្ចេកទេសពិសេសជាក្រុម និងបង្ហាញស្នៀតការពារខ្លួន១នាក់ទល់៣នាក់។

យ៉ាងណាក៏ដោយ ប៉ាល់ ជីវ័ន ហាក់មិនទាន់រំពឹងខ្ពស់ ក្នុងការឈ្នះបានមេដាយប៉ុន្មានឡើយ ដោយគេបាននិយាយថា៖««ការប្រកួតលើកនេះ មានប្រទេសចូលរួមពី៦០ទៅ៧០ប្រទេស ហើយប្រទេស១អាចដាក់អត្តពលិករបស់ខ្លួន២នាក់ ក្នុង១វិញ្ញាសា គឺខុសពីលើកមុន ដែលតម្រូវឲ្យដាក់បានតែម្នាក់ក្នុង១វិញ្ញាសា ហេតុនេះការប្រកួតប្រជែង ពិតជាមានភាពតានតឹងខ្លាំងណាស់ ប៉ុន្តែពួកយើងនឹងប្រឹងប្រែងប្រកួតឲ្យអស់ពីសមត្ថភាព ហើយយើងក៏បានត្រៀមខ្លួនបានល្អផងដែរ»៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77