v9

ណាហ្គាវើល និង បឹងកេត ឡើងទៅវគ្គបន្តពានហ៊ុនសែន ប៉ុន្តែថាយហ្គឺរ ទម្លាក់ក្រុមអគ្គិសនី មិនបាន

2 months ago​ | ដោយ vdara

ក្រុមណាហ្គាវើល និងបឹងកេត សុទ្ធតែបានបន្តឈ្នះលើក្រុមឡើងមកពីខេត្ត សម្រាប់ការប្រកួតជើងទី២ដំណាក់កាលទី៤ពានរង្វាន់សម្តេចហ៊ុនសែន លើកទី១១ ឆ្នាំ២០១៧ ដើម្បីឡើងទៅកាន់ការប្រកួតដំណាក់កាលទី៥ រីឯក្រុមខេមបូឌានថាយហ្គឺរ បានវាយបកយកឈ្នះក្រុមអគ្គិសនីកម្ពុជា ៤-២ វិញ ក្នុងការប្រកួតលើកទី២នេះ ប៉ុន្តែនៅតែមិនអាចបានឡើងទៅវគ្គបន្ត។

ការមិនទទួលបានឱកាសឡើងទៅប្រកួតនៅវគ្គបន្តរបស់ក្រុមខេមបូឌានថាយហ្គឺរ ក៏ព្រោះតែក្រុមគ្រប់គ្រងដោយជនជាតិជប៉ុនមួយនេះ បានចាញ់ក្រុមអគ្គិសនីកម្ពុជា ៣-០ ក្នុងការប្រកួតជើងទី១។ ហេតុនេះតាមរយៈការប្រកួតទាំង២ជើងនេះ គឺក្រុមអគ្គិសនីកម្ពុជា បានយកឈ្នះក្រុមខេមបូឌានថាយហ្គឺរ ៥-៤ ដើម្បីឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ ជាលើកដំបូង។

យ៉ាងណាមិញក្រុមណាហ្គាវើល និងបឹងកេត បានបន្ថែមការឈ្នះរៀងៗខ្លួន នៅក្នុងការប្រកួតជើងទី២នេះ។ តាមរយៈការកាលពីថ្ងៃពុធនោះ ក្រុមណាហ្គាវើល បានយកឈ្នះក្រុមខេត្តស្វាយរៀង ៣-១ បន្ថែមទៅលើការឈ្នះ ១៤-០ កាលជើងទី១ ចំណែកក្រុមបឹងកេត បានលត់ក្រុមខេត្តឧត្តរមានជ័យ ៨-២ បន្ថែមទៅលើការឈ្នះ ១៤-១ កាលជើងទី១។

តាមរយៈលទ្ធផលនៃការប្រកួតនេះ ក្រុមណាហ្គាវើល បឹងកេត និងក្រុមអគ្គិសនីកម្ពុជា ត្រូវឡើងទៅកាន់ការប្រកួតដំណាក់កាលទី៥ ឬវគ្គ៨ក្រុមចុងក្រោយពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០១៧ ចំណែកក្រុម១០ទៀត នឹងប្រកួតកាត់សេចក្តីជើងទី២ ដំណាក់កាលទី៤នេះ នៅថ្ងៃទី១៨ ខែតុលា ខាងមុខ៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77