v9

ក្រុមជនពិការកម្ពុជា ចេញទៅប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម នៅម៉ាឡេស៊ី ព្រឹកមិញ

1 week ago​ | ដោយ vdara

អត្តពលិកជនពិការរបស់កម្ពុជាចំនួន ១០១ នាក់ ព្រមទាំងថ្នាក់ដឹកនាំ និងប្រតិភូមួយចំនួនទៀត បានធ្វើដំណើរទៅកាន់ទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីព្រឹកថ្ងៃពុធនេះ ដើម្បីចូលរួមការប្រកួតកីឡាអាស៊ានប៉ារ៉ាងហ្គេម លើកទី ៩ ឆ្នាំ ២០១៧ ដែលនឹងចាប់ផ្តើមពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៣ ខែកញ្ញា។

បើតាមមន្រ្តីដឹកនាំរបស់គណៈកម្មាធិការជាតិប៉ារ៉ាអូឡាំពិកកម្ពុជា បានឲ្យដឹងថា សម្រាប់ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០១៧នេះ កម្ពុជាបានបញ្ជូនក្រុមជនពិការលើប្រភេទកីឡាចំនួន ១០ ទៅចូលរួម ក្នុងនោះមានកីឡាអត្តពលកម្ម បាញ់ធ្នូ ប៊ូខ្យែ(Boccia) បាល់បោះជនពិការដោយប្រើរទេះរុញ លើកទម្ងន់ បាល់ទះអង្គុយ ហែលទឹក វាយកូនឃ្លីលើតុ ថេនភីនប៊ូលីង(Tenpin Bowling) និងបាល់ទាត់ជនពិការចលករខួរក្បាល។

ចំនួននេះមានការកើនឡើងខ្លាំង បើប្រៀបធៀបនឹងឆ្នាំ ២០១៦ ដែលកម្ពុជា បានបញ្ជូនតែកីឡាអត្តពលកម្ម ហែលទឹក និង ថេនភីនប៊ូលីង ដោយដណ្តើមបានមេដាយមាស ១ ប្រាក់ ២ និងសំរឹទ្ធចំនួន ៧ ប៉ុន្តែកម្ពុជា ហាក់មិនបានផ្តល់ទំនុកចិត្តខ្ពស់ដល់ប្រភេទកីឡាថ្មីទាំង៧ ដែលទើបដាក់ឲ្យទៅប្រកួតលើកនេះប៉ុន្មានឡើយ។

លោក យី សុភក្រ្កា មន្រ្តីសម្របសម្រួលរបស់គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិក បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយ នៅព្រលានយន្តហោះអន្តរជាតុភ្នំពេញ មុនចេញទៅម៉ាឡេស៊ីថា៖«នៅក្នុងចំណោមប្រភេទកីឡាទាំង១០នេះ យើងមានទំនុកចិត្តខ្ពស់ទៅលើការប្រកួតកីឡាអត្តពលកម្ម ដែលធ្លាប់បានចូលរួមការប្រកួតនេះយូរណាស់មកហើយ រួមទាំងកីឡាហែលទឹក និងថេនភីនប៊ូលីង ដែលទើបដណ្តើមបានមេដាយមកពីកូរ៉េថ្មីៗនេះ»។

លោកបានបន្ថែមថា៖«ចំណែកប្រភេទកីឡាផ្សេងទៀត យើងពិបាករំពឹងដែរ ព្រោះជាប្រភេទកីឡាប្រភេទថ្មីរបស់គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ប៉ុន្តែអត្តពលិករបស់យើង នឹងខំប្រឹងប្រែងប្រកួត ដើម្បីស្វែងរកជ័យជម្នះ»៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77