v9

ក្រុម U18 កម្ពុជា រកឃើញការឈ្នះនៅមីយ៉ាន់ម៉ា មុនពេលមកផ្ទះវិញថ្ងៃនេះ

1 week ago​ | ដោយ vdara

នៅទីបំផុត ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ១៨ ឆ្នាំ (U18) បានរកឃើញការឈ្នះរបស់ខ្លួនហើយ នៅក្នុងការប្រកួតជម្រុះពានរង្វាន់ AFF U18 Championship 2017 នៅលើទឹកដីប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែវាក៏ជាជ័យជម្នះចុងក្រោយ និងយឺតពេលផងដែរ។

ក្រុម U18 កម្ពុជា បានយកឈ្នះក្រុម U18 ឡាវ ៤-១ ដែលគ្រាប់បាល់ទាំងនេះបានកើតមានឡើងនៅតង់ទី ១ ចំនួន ២ គ្រាប់ គឺពេលក្រុមកម្ពុជា នាំមុខឡាវ ២-១ ហើយ ២ គ្រាប់ទៀត បានកើតមានឡើង នៅតង់ទី ២។

ប៉ុន្តែលទ្ធផលនេះវាមិនបានជួយឲ្យក្រុមកម្ពុជា ឡើងទៅវគ្គបន្តនោះទេ ព្រោះនេះគ្រាន់តែជាជ័យជម្នះលើកដំបូង ក្នុងការប្រកួតបង្រ្គប់កិច្ចលើកចុងក្រោយរបស់កម្ពុជា តែប៉ុណ្ណោះ ព្រោះ ៤ ប្រកួតកន្លងមក កម្ពុជា បានចាញ់ក្រុមសិង្ហបុរី ៥-៣ ស្មើក្រុមទីម័រ ១-១ ចាញ់ក្រុមថៃ ១-០ និងចាញ់ក្រុមម៉ាឡេស៊ី ២-០ ហើយក្រុមកម្ពុជា នឹងវិលមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញវិញ នៅរសៀលម៉ោង ២:៥៥ ថ្ងៃពុធនេះ។

ចំណែកក្រុម U18 ថៃ បានស្មើ ១-១ ជាមួយក្រុមម៉ាឡេស៊ី សម្រាប់ការប្រកួតកាលពីម្សិលមិញនោះដែរ ហើយលទ្ធផលនេះបានជួយឲ្យក្រុមម៉ាឡេស៊ី ទទួលបានលេខ១ ក្នុងពូល A ខណៈថៃ បានលេខ​ ២ ដោយមាន ១៣ ពិន្ទុ ជាមួយការឈ្នះ ៤ និងស្មើ ១ ប្រកួតដូចគ្នា តែក្រុមម៉ាឡេស៊ី មានគ្រាប់បាល់ចំណេញច្រើនជាងថៃ។

តាមរយៈលទ្ធផលនេះ ក្រុមម៉ាឡេស៊ី និងថៃ ត្រូវដឹកដៃគ្នាឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយក្រុមលេខ១ និងលេខ២ មកពីពូលB ប៉ុន្តែពូលមួយនេះ នឹងត្រូវប្រកួតកាត់សេចក្តីក្រុមលេខ ១ និងលេខ ២ នៅថ្ងៃពុធនេះ ដោយក្នុងនោះក្រុមឥណ្ឌូនេស៊ី មាន ៦ ពិន្ទុ ត្រូវជួបក្រុមប្រ៊ុយណេ នៅរសៀលម៉ោង ៣:៣០ ឯក្រុមវៀតណាម ដែលកំពុងឈរនៅកំពូលតារាងមាន ៩ ពិន្ទុ ត្រូវប៉ះក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា ដែលមាន ៦ ពិន្ទុ នៅល្ងាចម៉ោង៦:៣០៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77