v9

ក្រុមប៉េតង់ក្រសួងការពារជាតិ ឈ្នះពានធំរបស់សម្តេច ស ខេង

2 months ago​ | ដោយ vdara

កីឡាករម្ចាស់មេដាយមាសពិភពលោក មាស ច័ន្ទមាន រួមទាំងកីឡាករ យឹម សោភ័ណ្ឌ, សុខ ច័ន្ទម៉ុល និង រស់ អេសអារី បានរួមគ្នាឈ្នះពានធំឲ្យក្រសួងការពារជាតិ នៅក្នុងការប្រកួតប៉េតង់ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី១៧ ឆ្នាំ២០១៧ ដែលបានបញ្ចប់ កាលពីល្ងាចថ្ងៃចន្ទ ម្សិលមិញ។

ការឈ្នះពានធំនេះ បានកើតមានឡើងបន្ទាប់ពីក្រុមកីឡាកររបស់ក្រសួងការពារជាតិ បានយកឈ្នះកីឡាកររបស់ទីស្តីការគណៈរដ្ឋមន្រ្តី នៅក្នុងការប្រកួតផ្តាច់ព្រ័ត្រ ដែលត្រូវបានធ្វើឡើង នៅចំពោះមុខសម្តេចក្រឡាហោម ស ខេង ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា កាលពីថ្ងៃម្សិលមិញនោះ។ រីឯក្រុមអគ្គភស្តុភារក្រសួងការពារជាតិ បានយកឈ្នះក្រុមក្រសួងមហាផ្ទៃ ១៣-១១ ដើម្បីទទួលបានលេខ៣។

ប៉ុន្តែវីរកីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ ដែលទើបឈ្នះមេដាយមាសពីការប្រកួតស៊ីហ្គេម នៅប្រទេសម៉ាឡេស៊ី កាលពីពេលថ្មីៗនេះ រួមជាមួយកីឡាការិនី ឈិន ស្រីពេជ្រ និង សួស សុវណ្ណដារ័ត្ន មកពីក្រសួងការពារជាតិដែរ បានត្រឹមលេខ២ ក្នុងការប្រកួត៣នាក់ទល់៣នាក់ផ្នែកនារី ព្រោះពួកគេបានចាញ់ក្រុមយោធភូមិភាគពិសេស ដែលមានកីឡាការិនី ដួង ឌីណា, អ៊ុន ស្រីយ៉ា, ពៅ ឈូករ័ត្ន និង អ៊ុន ម៉ាណែត ក្នុងវគ្គផ្តាច់ព្រ័ត្រ កាលល្ងាចថ្ងៃចន្ទ នោះដែរ។ រីឯក្រុមក្រសួងមហាផ្ទៃ បានយកឈ្នះក្រុមទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីទទួលបានលេខ៣។

ចំពោះលទ្ធផលការប្រកួតដណ្តើមពានសមាគម សម្រាប់ក្រុមដែលធ្លាក់ចេញពីការប្រកួតដណ្តើមពានធំនោះ គឺលេខ១ បានទៅក្រុមទីស្តីការគណៈរដ្ឋមន្រ្តី លេខ២ក្រុមគិរីវង់សុខសែនជ័យខេត្តតាកែវ លេខ៣ក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពត និងលេខ៤ក្រុមសាលាពលទាហានយោធភូមិភាគពិសេសខេត្តកំពង់ឆ្នាំង។ រីឯការប្រកួតផ្នែកវ័យចាស់៣នាក់ទល់៣នាក់ លេខ១បានទៅក្រុមក្លិបដូនពេញនាគព័ន្ធ លេខ២ក្លិបមូលដ្ឋានសមុទ្ររាប លេខ៣ ខេត្តព្រៃវែង និងលេខ៤ក្រុមមន្ទីរអយកខេត្តស្វាយរៀង។

ចំណែកការប្រកួត១នាក់ទល់១នាក់ ផ្នែកយុវជននារីអាយុក្រោម១៨ឆ្នាំ លេខ១បានទៅកីឡាការិនី ផាត វិច្ឆិកា របស់ទីស្តីការគណៈរដ្ឋមន្រ្តី លេខ២ ហុង ស្រីនិច របស់មជ្ឈមណ្ឌលខ.ភ.ម លេខ៣ ជុំ ធីវណ្ណ មកពីខេត្តតាកែវ និងលេខ៤ សាយ ស៊ីថុល មកពីមជ្ឈមណ្ឌលខ.ភ.ម។ រីឯផ្នែកយុវជនវិញ លេខ១បានទៅកីឡាករ ពុទ្ធ យ៉ុនចាន់ដារ៉ា របស់ក្រសួងការពារជាតិ លេខ២ ភាព វ៉ាឃីម ក្លិបឆ្នោតស្ថាបនា លេខ៣ ទីវ រដ្ឋា របស់ក្រសួងមហាផ្ទៃ និងលេខ៤ ហេង ស៊ីណា មកពីទីស្តីការគណៈរដ្ឋមន្រ្តី។

យ៉ាងណាមិញ សម្រាប់ការប្រកួតជាក្រុម៣នាក់ទល់៣នាក់ចម្រុះយុវជន-យុវនារី លេខ១បានទៅក្រុមទីស្តីការគណៈរដ្ឋមន្រ្តី លេខ២ក្រុមក្រសួងការពារជាតិ លេខ៣ក្រុមក្រសួងមហាផ្ទៃ និងលេខ៤ក្រុមឆ្នោតស្ថាបនា៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77