v9

អាត អូនតូច បានត្រឹមជូនពរក្រុម U16 កម្ពុជាចេញទៅថៃ ខណៈខ្លួនគ្មានវត្តមាន

2 weeks ago​ | ដោយ vdara

កីឡាករធ្លាប់ទទួលបានការគាំទ្រខ្លាំងពីអ្នកស្នេហាវិស័យកីឡាបាល់ទាត់ ក្នុងការប្រកួតពានរង្វាន់ AFF U16 Championship 2015 អាត អូនតូច បានត្រឹមបង្ហោះសារជូនពរដល់ក្រុម U16 កម្ពុជា ដែលបានចេញទៅហ្វឹកហាត់នៅប្រទេសថៃ កាលពីព្រឹកថ្ងៃអង្គារនេះ ខណៈកីឡាករមានមាឌតូចម្នាក់នេះ គ្មានវត្តមាននៅក្នុងបញ្ជីឈ្មោះរបស់កីឡាករអាយុក្រោម ១៦ ឆ្នាំទាំង ២៦ នាក់របស់ លោក Lee Tae Hoon នោះ។

ដោយភ្ជាប់ជាមួយរូបថតមួយសន្លឹករបស់កីឡាករ គ្រូបង្វឹក និងមន្រ្តីបច្ចេកទេស បានថតជុំគ្នា នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីព្រឹកមិញនេះ អាត អូនតូច បានសរសេរសារជូនពរយ៉ាងខ្លាំងថា៖ «សូមជូនពរឲ្យមិត្តភ័ក្តទាំងអស់គ្នា និងលោកគ្រូទាំងអស់ ធ្វើដំណើរដោយសុវត្ថិភាព ហើយទទួលជ័យជម្នះត្រឡប់មកកម្ពុជា វិញ»។

ជាមួយការបង្ហោះសារនេះ បានធ្វើឲ្យអ្នកស្រឡាញ់ និងចូលចិត្ត អាត អូនតូច បានចូល Coment សួរពីមូលហេតុដែល អាត អូនតូច មិនបានចូលរួមជាមួយក្រុមU16កម្ពុជា លើកនេះ។ ប៉ុន្តែ អាត អូនតូច បានសរសេរថា៖«ខ្ញុំធ្លាប់ប្រកួតពានហ្នឹងម្តងហើយ អ៊ីចឹងប្រកួតម្តងទៀតអត់បានទេ។ ចំណែកអ្នកដែលទៅថ្ងៃនេះ សុទ្ធតែអត់ដែលបានលេងពានហ្នឹង ឯអ្នកធ្លាប់លេងពានហ្នឹង គេទៅលេង U18អស់ហើយ»។

គួរបញ្ជាក់ថាកីឡាករអាយុក្រោម១៦ឆ្នាំចំនួន២៧នាក់ ដែលបានចេញទៅប្រទេសថៃ កាលពីព្រឹកថ្ងៃអង្គារនេះ នឹងត្រូវធ្វើការហ្វឹកហាត់នៅថៃ ក្រោមការដឹកនាំរបស់គ្រូបង្គោលលោក Lee Tae Hoon រយៈពេល៦ថ្ងៃ គឺដល់ថ្ងៃអាទិត្យ ហើយនៅថ្ងៃចន្ទ ទី១៨ ខែកញ្ញា ពួកគេត្រូវបន្តដំណើរទៅប្រទេសម៉ុងហ្គោលី ដើម្បីចូលរួមការប្រកួត AFC U16 Championship 2018 នៅទីនោះ ដោយក្រុមU16កម្ពុជា ឈរនៅពូលI ជាមួយក្រុមម្ចាស់ផ្ទះម៉ុងហ្គោលី អូស្រ្តាលី និងក្រុមU16វៀតណាម៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77