v9

Bayern សម្លឹងរកការស្តារមុខមាត់ត្រឡប់មកវិញ ពេលប៉ះ Anderlecht រាត្រីនេះ

2 weeks ago​ | ដោយ vdara

អ្នកចាំទី Manuel Neuer បានបញ្ជាក់ថា Bayern Munich នឹងសម្លឹងរកការស្តារមុខមាត់របស់ពួកគេត្រឡប់មកវិញ នៅពេលដែលពួកគេធ្វើជាម្ចាស់ផ្ទះទទួលក្រុម Anderlecht ក្នុងការប្រកួតបើកឆាកនៃក្របខ័ណ្ឌ Champions League របស់ពួកគេនៅរាត្រីថ្ងៃអង្គារនេះ ក្រោយពីការរងបរាជ័យដ៏មិននឹកស្មានដល់ក្នុងការប្រកួតក្របខ័ណ្ឌ Bundesliga ។

Bayern បានរងបរាជ័យក្នុងលទ្ធផល ២-០ នៅលើទឹកដីក្រុម Hoffenheim កាលពីថ្ងៃសៅរ៍ ដែលធ្វើឲ្យក្រុមម្ចាស់ការពារតំណែងជើងឯកមួយនេះស្ថិតក្នុងចំណាត់ថ្នាក់លេខ ៦ នៅលើតារាងលីករបស់អាល្លឺម៉ង់។ បច្ចុប្បន្ន ក្រុម Bayern ចង់ធ្វើការស្តារមុខមាត់ត្រឡប់មកវិញជាមួយនឹងការបង្ហាញពីទម្រង់លេងដ៏រឹងមាំមួយពេលប្រកួតជាមួយនឹងក្រុម Anderlecht ដែលជាម្ចាស់ចើងឯកប្រចាំរដូវកាលឆ្នាំ ២០១៦-២០១៧ របស់បែលហ្ស៊ិក។

Neuer ដែលជាអ្នកចាំទី និងជាប្រធានក្រុមរបស់ Bayern បានឲ្យដឹងក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទថា៖ «យើងចង់បង្ហាញពីភាពខ្លាំងរបស់យើងក្នុងក្របខ័ណ្ឌ Champions League ហើយយើងចង់បង្ហាញពីភាពផ្សេងគ្នាទៅនឹងការប្រកួតជាមួយនឹងក្រុម Hoffenheim»។ អ្នកចាំទីរូបនេះបានប្រាប់បន្តថា៖ «រឿងដ៏សំខាន់បំផុតនោះគឺថា យងចង់គ្រប់គ្រងតាំងពីចាប់ផ្តើមប្រកួត និងគ្រប់គ្រងចលនាបាល់ឲ្យបានរហ័ស។ ពិតណាស់ យើងចង់រកគ្រាប់បាល់នាំមុខ ១-០ ឲ្យបានឆាប់រហ័ស ដែលបំណងនោះយើងធ្វើមិនបានសម្រេចបានឡើយពេលប៉ះក្រុម Hoffenheim»។

លោក Carlo Ancelotti គ្រូបង្វឹករបស់ក្រុម Bayern បានបញ្ជាក់ថា ខ្សែបម្រើស្លាបអន្តរជាតិបារាំង Franck Ribery កំពុងតែព្យាយាមធ្វើឲ្យរបួសឆាប់ជាសះស្បើយ ក្រោយពីមានបញ្ហារបួស បន្ទាប់ពីចូលលេងបានរយៈពេល ១២ នាទីចុងក្រោយនៅលើទឹកដីក្រុម Hoffenheim។ ខ្សែការពារអាល្លឺម៉ង់ Jerome Boateng នឹងត្រូវលេងការប្រកួតជាលើកទី ១ របស់គេនៅរដូវកាលនេះ ក្រោយពីរងរបួសភ្លៅ ស្របពេលដែលខ្សែការពារស្លាប Juan Bernat និង David Alaba សុទ្ធសឹងរបួស ខណៈដែលខ្សែបម្រើដ៏មានឥទ្ធិពល Arturo Vidal ជាប់ពិន័យព្យួរ។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង១:៤៥ទៀបភ្លឺ៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77