v9

លោក Conte នឹងផ្លាស់ប្តូរសមាជិកក្នុងជម្រើសដំបូងពេលប៉ះ Qarabag រាត្រីនេះ

2 months ago​ | ដោយ vdara

លោក Antonio Conte អ្នកចាត់ការទូទៅរបស់ក្រុម Chelsea បានបញ្ជាក់កាលពីថ្ងៃចន្ទថា លោកនឹងធ្វើការផ្លាស់ប្តូរសមាជិកក្នុងជម្រើសដំបូងក្នុងក្រុមរបស់លោកសម្រាប់ការប្រកួតក្របខ័ណ្ឌ Champions League ជាមួយនឹងក្រុម Qarabag របស់អាស៊ែរបៃហ្សង់ នៅរាត្រីនេះ។

ការប្រកួតបើកឆាកក្នុងពូលនៅកីឡដ្ឋាន Stamford Bridge គឺជាការប្រកួតទី ២ ក្នុងចំណោមការប្រកួតទាំង ៧ លើក ក្នុងរយៈពេល ២១ ឆ្នាំសម្រាប់ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League មួយនេះ។ ស្របពេលដែលក្រុម Chelsea នឹងត្រូវធ្វើការប្រកួតពាន League Cup ជាមួយនឹងក្រុម Nottingham Forest នាថ្ងៃទី ២០ ខែកញ្ញា បន្ទាប់ពីការប្រកួតលើទឹកដីខ្លួនឯងជាមួយនឹងក្រុម Arsenal នៅថ្ងៃអាទិត្យខាងមុខនេះ។

លោក Conte បានបញ្ជាក់ថា លោកគ្មានជម្រើសអ្វីក្រៅពីការប្រើប្រាស់កីឡាករចុះឡើងឡើយនោះទេ​ ហើយលោកបានប្រាប់អ្នកយកព័ត៌មាននៅឯទីលានហ្វឹកហាត់ Cobham របស់ Chelsea ថា៖ «វាជារឿងធម្មតាទេ ក្នុងការដោះដូរកីឡាករចុះឡើងនោះ នៅពេលដែលអ្នកត្រូវតែលេងការប្រកួត ៧ ក្នុងរយៈពេល ២១ ថ្ងៃ។ ខ្ញុំស្ថិតក្នុងអារម្មណ៍ស្ងប់ទៅលើបញ្ហានេះ ពីព្រោះខ្ញុំជឿជាក់លើកីឡាកររបស់ខ្ញុំ»។

គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «អ្នកមិនអាចសម្រាកបានឡើយនៅអង់គ្លេស ពីព្រោះអ្នកត្រូវតែលេងការប្រកួតដ៏តានតឹងក្នុងលីក ក្នុងពាន FA Cup ហើយក៏ក្នុងពាន Carabao (League) Cup ផងដែរ។ បច្ចុប្បន្ន យើងចាប់ផ្តើមលេងការប្រកួត Champions League ក្នុងការលេងការប្រកួត ៦០ ទៅ ៦៥ ប្រកួត វាជារឿងធម្មតាទេ ប៉ុន្តែ វាមិនងាយស្រួលឡើយ។ កាលពីមុន ពេលខ្លះនៅមុនពេលការប្រកួត Champions League អ្នកមានពេលសម្រាក។ ប៉ុន្តែ នៅអង់គ្លេស វាមិនងាយស្រួលឡើយក្នុងការធ្វើបែបនេះ»។

តារាឆ្នើម Eden Hazard បានវិលចូលលេងវិញ ក្រោយពីជាសះស្បើយពីរបួសបាក់កជើង ក្នុងពេលក្រុមខ្លួនទទួលជ័យជម្នះ ២-១ នៅលើទឹកដីក្រុម Leicester City កាលពីថ្ងៃសៅរ៍ និងត្រូវបានរំពឹងទុកថា នឹងចូលលេងក្នុងនាមជាកីឡាករបម្រុងក្នុងការប្រកួតបើកឆាកក្នុងពូល C នារាត្រីនេះ។ ការប្រកួតនៅរាត្រីនេះ នឹងចាប់ផ្តើមនៅម៉ោង ១:៤៥ ទៀបភ្លឺ៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Sky Sports

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77