v9

ជើងខ្លាំងកម្ពុជាបីនាក់ នឹងត្រូវប្រកួតវាយដាក់ទ្រុងនៅលើទឹកដីហ្សាការតា ថ្ងៃសៅរ៍នេះ

2 weeks ago​ | ដោយ vdara

អ្នកលេងក្បាច់គុនចម្រុះ (MMA) របស់កម្ពុជា ៣ នាក់ នឹងត្រូវបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ ONE: TOTAL VICTORY នៅលើសង្វៀន Jakarta Convention Center ប្រទេសឥណ្ឌូនេស៊ី នាថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ខាងមុខនេះ។

អ្នកប្រយុទ្ធរបស់កម្ពុជាទាំង៣នាក់ ដែលនឹងត្រូវធ្វើការបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះកម្រិតអាជីពរបស់ ONE នោះ រួមមាន ស៊ីម ប៊ុនស្រុន ថៃ រិទ្ធិ និងផាត សូដា រួមជាមួយនឹងការប្រកួត ៧ គូផ្សេងទៀត ដើម្បីធ្វើឲ្យកម្មវិធីប្រកួត ONE: TOTAL VICTORY កាន់តែមានភាពរំភើប។

កីឡាករស៊ីម ប៊ុនស្រុន នឹងត្រូវធ្វើការបង្ហាញខ្លួនក្នុងកម្មវិធីរបស់ ONE Championship (ONE) ជាលើកទី ៣ របស់ខ្លួននៅពេលជួបកីឡាករម្ចាស់ផ្ទះ Stefer Rahardian ក្នុងទម្ងន់ ៥៦,៧ គីឡូក្រាម។ កីឡាកររបស់កម្ពុជាវ័យ ២៤ ឆ្នាំរូបនេះ មានកំណត់ត្រាឈ្នះពីរលើកពីការប្រកួតទាំងពីរលើករបស់ខ្លួនក្នុងកម្មវិធីរបស់ ONE ក្រោយពីបានផ្តួលកីឡាករខុន ស៊ីចាន់ ក្នុងព្រឹត្តិការណ៍ ONE: Kingdom of Khmer កាលពីឆ្នាំ ២០១៥ និងកីឡាករចិន Liu Peng Shuai ក្នុងកម្មវិធី ONE: Age of Domination កាលពីឆ្នាំ ២០១៦ ក្នុងប្រទេសហ្វីលីពីន។

ដោយឡែក សម្រាប់ Rahardian នេះគឺជាការប្រកួតជាលើកទី ៥ របស់ខ្លួនក្នុងកម្មវិធីរបស់ ONE ក្រោយពីបានកត់ត្រាជ័យជម្នះ ៤ លើកជាប់ៗគ្នា។

កីឡាករថៃ រិទ្ធី នឹងត្រូវធ្វើការប្រកួតខ្លួនក្នុងការប្រកួតរបស់ ONE ជាលើកទីមួយរបស់ខ្លួន នៅពេលដែលជួបជាមួយនឹងកីឡាករម្ចាស់ផ្ទះម្នាក់ទៀតគឺ Sunoto ក្នុងទម្ងន់ ៦៣,៥ គីឡូក្រាម។ ប៉ុន្តែ នេះមិនមែនជាការប្រកួត MMA ជាលើកទី ១ របស់ រិទ្ធី វ័យ ១៩ ឆ្នាំ ឡើយ ខណៈដែលរូបគេមាកំណត់ត្រាឈ្នះដល់ ៥ លើក និងចាញ់ ២ លើកក្នុងការប្រកួតវាយដាក់ទ្រុងរបស់ខ្លួន ដោយការប្រកួតរបស់គេភាគច្រើនក្នុងព្រឹត្តិការណ៍របស់ Full Metal Dojo។

កីឡាករ Sunoto វ័យ ៣២ ឆ្នាំ សញ្ជាតិឥណ្ឌូនេស៊ី មានកំណត់ត្រាឈ្នះសរុប ៦ លើក និងចាញ់៣លើក ហើយនេះគឺជាការបង្ហាញខ្លួនជាលើកទី៨របស់គេក្នុងកម្មវិធីរបស់ ONE។

កីឡាករកម្ពុជាម្នាក់ទៀតដែលនឹងត្រូវធ្វើការបង្ហាញខ្លួនក្នុងការប្រកួត MMA អាជីពរបស់អង្គភាព ONE ជាលើកទី ១ របស់ខ្លួនម្នាក់ទៀតនោះគឺ ផាត សូដា នៅពេលដែលរូបគេត្រូវប៉ះជាមួយនឹងកីឡាករឥណ្ឌូនេស៊ី Adrian Matheis ក្នុងទម្ងន់៥២,២គីឡូក្រាម៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77