v9

សេះចំណូលថ្មី PP3 រត់វ៉ាដាច់អតីតសេះជើងឯក ដើម្បីគ្រងជើងឯកប្រចាំខែកញ្ញា

3 months ago​ | ដោយ vdara

សេះចំណូលថ្មីឈ្មោះ PP3 បានបង្កើតនូវកំណត់ត្រាថ្មី នៅក្នុងការប្រណាំងសេះដណ្តើមពានរង្វាន់ SCT Sport Complex របស់ក្រុមហ៊ុន 7NG ស្ថិតនៅលើទឹកវិហារសួគ៌ ស្រុកខ្សាច់កណ្តាល កាលពីថ្ងៃអាទិត្យ តាមរយៈការរត់វ៉ាដាច់សេះខ្លាំងៗ ធ្លាប់ទទួលបានតំណែងជើងឯង ដើម្បីទទួលបានចំណាត់ថ្នាក់លេខ១ ប្រចាំខែកញ្ញានេះ។

តាមរយៈការប្រណាំងសេះ លើផ្ទៃរាប នៅលើទីលាន SCT Sport Complex នោះគឺអ្នកទស្សនាការប្រកួតនេះ ស្ទើរតែមិនជឿនៅពេលសេះឈ្មោះ PP3 ដែលទើបតែមកប្រកួតជាលើកដំបូង បែរជាអាចរត់វ៉ាដាច់សេះខ្លាំងនាំចូលមកពីក្រៅប្រទេសនោះ ពិសេសសេះឈ្មោះ Waichi និង Carino ដែលសុទ្ធតែធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតប្រចាំខែកន្លងមក។

ជាមួយជ័យជម្នះ និងការទទួលបានលេខ១ ក្នុងក្រុម A ដែលជាក្រុមមានសេះលំដាប់អន្តរជាតិ នាំចូលមកពីក្រៅប្រទេស ប្រចាំខែកញ្ញានេះ បានជួយឲ្យសេះ PP3 ទទួលបានប្រាប់រង្វាន់ចំនួន ៤ លានរៀល ហើយក៏ជាសេះ ដែលអាចនឹងត្រូវបានគេជ្រើសរើសយកទៅប្រកួតផ្តាច់ព្រ័ត្រ ប្រចាំឆ្នាំ ២០១៧ នេះ នៅក្នុងខែធ្នូផងដែរ។

ចំណែកសេះ Carino ទទួលបានលេខ២ និងប្រាក់រង្វាន់២លានរៀល ខណៈសេះ Waichi ជាប់លេខ៣ អមដោយប្រាក់រង្វាន់១,២លានរៀល ហើយសេះចំនួន ៣ ក្បាលទៀត ដែលមិនទទួលបានចំណាត់ថ្នាក់ ក៏ទទួលប្រាក់ប្រាក់លើកទឹកចិត្តក្នុងមួយក្បាលៗចំនួន ៦ ម៉ឺនរៀល ផងដែរ។

ដោយឡែក ការប្រកួតរវាងសេះក្នុងស្រុកស្ថិតក្នុងក្រុម C សេះរបស់លោក ឯកឧត្តម យឹម ណុលឡា ឈ្មោះ ពាលី ទទួលបានចំណាត់ថ្នាក់លេខ ១ អមដោយប្រាក់រង្វាន់១លានរៀល ឯសេះ Madona របស់លោក ងីម វណ្ណា បានលេខ ២ និងប្រាក់រង្វាន់ ៥០ ម៉ឺនរៀល ហើយសេះ Navara មានម្ចាស់ឈ្មោះ រឿន ពៅ ដែលទទួលបានលេខ ៣ បានប្រាក់រង្វាន់ ៤ ០ម៉ឺនរៀល។ រីឯសេះចំនួន ១៥ ក្បាលទៀត ដែលមិនទទួលបានចំណាត់ថ្នាក់ក្នុងក្រុម C នេះ បានប្រាក់លើកទឹកចិត្ត ៦ ម៉ឺនរៀលដូចៗគ្នា៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77