v9

សង្ខេប ពីការដោះដូរកីឡាករ នៅថ្ងៃបិទរដូវកាល ក្នុងក្របខ័ណ្ឌ Premier League

3 months ago​ | ដោយ Jerry Jr

ក្រោយពីទីផ្សារដោះដូរកីឡាករក្នុងលីកកំពូលៗនៅអឺរ៉ុប ក្នុងនោះរាប់បញ្ចូលទាំងក្របខ័ណ្ឌអង់គ្លេស Premier League បានបិទកាលពីថ្ងៃព្រហស្បតិ៍ (ត្រូវនឹងព្រឹកថ្ងៃសុក្រនៅកម្ពុជា) មានការចាកចេញ និងចូលរួមជាមួយនឹងក្លិបថ្មីដ៏គួរឲ្យកត់សម្គាល់នៅថ្ងៃចុងក្រោយនេះ។

ខ្សែបម្រើអន្តរជាតិអង់គ្លេស Danny Drinkwater បានចាកចេញពីក្លិប Leicester City ដើម្បីបំពេញការផ្ទេររបស់គេទៅកាន់ក្លិប Chelsea ក្នុងតម្លៃខ្លួន៣៥លានផោន (ស្មើនឹង៤៥,៣លានដុល្លារអាមេរិក)។ ប៉ុន្តែ ក្លិប Leicester បានទិញចូលខ្សែបម្រើ Adrien Silva វ័យ២៨ឆ្នាំ ពីក្លិប Sporting Lisbon ក្នុងតម្លៃខ្លួន២២លានផោន ដើម្បីជំនួសកន្លែងទំនេរដែលត្រូវបានចាកចេញដោយ Drinkwater។ ស្របពេលជាមួយគ្នានេះ ខ្សែការពារអន្តរជាតិអ៊ីតាលី Davide Zappacosta ក៏បានចូលរួមជាមួយនឹងក្រុមម្ចាស់ការពារតំណែងជើងឯកមួយនេះ ផងដែរ ពីក្លិប Torino របស់ក្របខ័ណ្ឌ Serie A ក្នុងតម្លៃខ្លួនបិទជិត។

ប៉ុន្តែ ក្រុម Chelsea ក៏បានជួបនូវការខកចិត្តផងដែរ នៅថ្ងៃបិទទីផ្សារដោះដូរកីឡាករកាលពីថ្ងៃព្រហស្បតិ៍ ក្រោយពីខ្សែប្រយុទ្ធអេស្ប៉ាញ Fernando Llorente បានសម្រេចចិត្តចូលរួមជាមួយនឹងក្លិប Tottenham ពីក្លិប Swansea ក្នុងតម្លៃខ្លួនប្រមាណជា៧លានផោន។

Tottenham ក៏បានពង្រឹងតំបន់ការពាររបស់ខ្លួនផងដែរ ក្រោយពីការចាកចេញរបស់កីឡាករ Kyle Walker ទៅកាន់ក្លិប Man City កាលពីដើមរដូវក្តៅនេះ តាមរយៈការចុះហត្ថលេខាជាមួយនឹងខ្សែការពារអន្តរជាតិកូតឌីវ័រ Serge Aurier ពីក្លិប Paris Saint‑Germain ក្នុងតម្លៃខ្លួន២៣លានផោន។

ដោយឡែក ខ្សែបម្រើអន្តរជាតិអង់គ្លេស Ross Barkley បានផ្លាស់ប្តូរចិត្តរបស់គេ ដើម្បីច្រានចោលឱកាសក្នុងការផ្ទេរទៅកាន់ក្រុម Chelsea របស់លោក Antonio Conte និងបន្តនៅជាមួយនឹងក្លិប Everton។ ក្លិប Everton ក៏បានពង្រឹងតំបន់ប្រយុទ្ធរបស់ខ្លួនផងដែរ តាមរយៈការចុះហត្ថលេខាជាមួយនឹងតារាឆ្នើមវ័យក្មេង Nikola Vlasic ពីក្លិបក្រូអាស៊ី Hajduk Split ក្នុងតម្លៃខ្លួន១០លានផោន។

ជាមួយគ្នានេះ ខ្សែការពារអន្តរជាតិបារាំង Mamadou Sakho បានបំពេញការផ្ទេរជាអិន្ត្រៃយ៍របស់គេពីក្លិប Liverpool ទៅកាន់ក្លិប Crystal Place ក្នុងតម្លៃខ្លួន២៦លានផោន៕

ប្រែសម្រួលដោយ៖ Cambosport
ប្រភពព័ត៌មាន៖ BBC, Sky Sports, The Guardian និង ESPN

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77