v9

ក្លិបអង់គ្លេស បានចំណាយរហូតដល់ទៅ ១,៤ពាន់លានផោន លើការទិញចូលកីឡាករថ្មី

3 weeks ago​ | ដោយ Jerry Jr

ក្លិបកីឡាបាល់ទាត់របស់អង់គ្លេស បានជះប្រាក់នៅថ្ងៃចុងក្រោយនៃការបើកទីផ្សារដោះដូរកីឡាកររហូតដល់ទៅ២១០លានផោន (ស្មើនឹង២៧២លានដុល្លារអាមេរិក) ដើម្បីធ្វើឲ្យការចំណាយសរុបកើនរហូតដល់ទៅ ១,៤ពាន់លានផោន ខណៈដែលក្របខ័ណ្ឌ Premier League បានបញ្ចេញសាច់ដុំផ្នែកហិរញ្ញវត្ថុរបស់ខ្លួនម្តងទៀត។

តួលេខពីក្រុមហ៊ុន Sports Business Group របស់អង្គភាព Deloitte បានបង្ហាញថា ការចំណាយសរុបកើនច្រើនរហូតដល់ទៅ២៣ភាគរយ បើធៀបទៅនឹងកំណត់ត្រាដែលត្រូវបានបង្កើតឡើងកាលពីរដូវកាលក្តៅមុន។ ការចំណាយនោះនឹងមានចំនួនកាន់តែខ្ពស់ជាងនេះទៅទៀត ប្រសិនបើការផ្ទេរជាច្រើនផ្សេងទៀតបានទទួលជោគជ័យដូចការរំពឹងទុក កាលពីថ្ងៃព្រហស្បតិ៍។

បើទោះបីបានចំណាយប្រាក់ជាច្រើនក៏ដោយ ប៉ុន្តែ ក្លិបស្ថិតក្នុងក្របខ័ណ្ឌ Premier League មិនមានការខាតបង់អ្វីឡើយ ក្រោយពីទទួលបានប្រាក់ចំណូលដ៏ច្រើនសន្ធឹកសន្ធាប់ពីការលក់សិទ្ធិផ្សាយការប្រកួត។ លោក Dan Jones ដែលជាដៃគូក្នុងក្រុមហ៊ុន Sports Business Group របស់ Deloitte បានឲ្យដឹងថា៖ «នៅពេលដែលយើងបានធ្វើការវិភាគទៅលើប្រាក់ចំណូលដែលប្រមូលបានពីការលក់សិទ្ធិផ្សាយការប្រកួត ពាណិជ្ជកម្មផ្សេងៗ និងចំណូលពីការលក់សំបុត្រ ក្លិបរបស់ក្របខ័ណ្ឌ Premier League កំពុងតែចំណាយប្រាក់ក្នុងកម្រិតយ៉ាងល្អ»។ លោក Jones បានបន្ថែមទៀតថា៖ «សម្រាប់រយៈពេល១៥ឆ្នាំចុងក្រោយនេះ ការចំណាយសរុបប្រចាំឆ្នាំ នៅតែស្ថិតក្នុងកម្រិតចន្លោះពី១/៥ និង១/៣ នៃប្រាក់ចំណូលសរុបរបស់ពួកគេ»

បើផ្អែកទៅលើការប៉ាន់ប្រមាណទៅលើប្រាក់ចំណូលសម្រាប់ក្លិបទាំង២០របស់ក្របខ័ណ្ឌ Premier League នៅរដូវកាលនេះ ការចំណាយប្រាក់១,៤ពាន់លានផោន ទៅលើការទិញចូលកីឡាករថ្មី បង្ហាញពីចំនួនមធ្យមនៃការកើនឡើងប្រាក់ចំណូលចំនួន៣១ភាគរយ ក្នុងមួយក្លិប៕

ប្រែសម្រួលដោយ៖ Cambosport
ប្រភពពី៖ Eurosport

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77