v9

អ្នកឈ្នះមេដាយមាស នៅស៊ីហ្គេមទទួលបានប្រាក់រង្វាន់ពីណាហ្គាវើល

3 months ago​ | ដោយ vdara

កីឡាករ កីឡាការិនី​របស់​កម្ពុជា ដែល​ទទួល​បាន​មេដាយ​មាស ពី​ការ​ប្រកួត​ស៊ីហ្គេម លើក​ទី​២៩ ឆ្នាំ​២០១៧ នៅ​ប្រទេស​ម៉ាឡេស៊ី ​បានទទួល​​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ពីណាហ្គាវើល កាល​ពី​​ម៉ោង​១១:៣០ ថ្ងៃ​សុក្រ​ព្រឹក​មិញនេះ នៅផ្សារ​ទំនើប​ក្រោម​​ដី​របស់​ណាហ្គាវើល។

នៅ​ក្នុងការ​ផ្តល់​ប្រាក់​រង្វាន់​​នេះ​វីរនារីកីឡាប៉េតង់ កែ ឡេង និង អ៊ុក ស្រីមុំ ដែល​ឈ្នះ​បាន​មេដាយ​មាស លើ​វិញ្ញាសា​វាយ​គូ បាន​ទទួល​ប្រាក់​រង្វាន់​ចំនួន​៥០០០​ដុល្លារ។ រីឯ​កីឡាករ​ប្រដាល់​គុនខ្មែរ ឃីម ឌីម៉ា ដែល​ឈ្នះ​​មេដាយ​មាស​លើ​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម រួម​ទាំង​វីរនារី​កីឡាការិនី​តេក្វាន់​ដូ ស៊ន សៀវម៉ី ដែល​ឈ្នះ​មេដាយ​មាស​ក្នុង​ទម្ងន់​ក្រោម​៧៣​គីឡូក្រាម ទទួល​បាន​ប្រាក់​រង្វាន់​ចំនួន​៣០០០​ដុល្លារ​ដូច​គ្នា។

ជាមួយ​គ្នា​នេះ​ដែរ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា(NOCC) បាន​ទទួល​ប្រាក់​រង្វាន់​ចំនួន​១៥០០​ដុល្លារ​ដែរ ព្រោះ​សម្រាប់​ការ​ចេញ​ទៅ​ស៊ីហ្គេម​លើក​នេះ ណាហ្គាវើល បាន​សន្យារ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​​ឲ្យ​NOCC ៥០០​ដុល្លារ ចំពោះ​ការ​ឈ្នះ​មេដាយ​មាស​នីមួយៗរបស់​អត្តពលិក​កម្ពជា ខណៈ​ការ​ប្រកួត​នេះ កម្ពុជា បាន​ឈ្នះ​មេដាយ​មាស​៣ ប្រាក់​២ និង​សំរឹទ្ធ​ចំនួន​​១២។

លោក វ៉ាត់ ចំរើន អគ្គ​លេខាធិការ NOCC និង​ជា​នាយ​បេសកកម្ម​ការ​ប្រកួត​ស៊ីហ្គេម​លើក​នេះ ​​បាន​ថ្លែង​ក្រោយ​ពេល​លោក​​ឡើង​ទៅ​​ទទួល​ប្រាក់​រង្វាន់​១៥០០​ដុល្លារ​​ពី​​ណាហ្គាវើល​ថា៖​«ណាហ្គាវើល ដែល​ជា​ដៃ​គូ​សហការ​ដ៏​ល្អ​របស់ NOCC តែ​ង​តែ​ផ្តល់​ការ​លើក​ទឹក​ចិត្ត​ដល់​អ្នក​បាន​មេដាយមាស អ៊ីចឹង​​យើង​ត្រូវ​ដាក់​ទិស​ដៅ​រក​មេដាយ​មាស​ឲ្យ​បាន​ច្រើន សម្រាប់ការ​​ប្រកួត​ស៊ីហ្គេម លើក​ក្រោយ​ទៀត គឺ​មិន​មែន​កំណត់​ត្រឹម​តែ​រក​មេដាយ​នោះ​ទេ តែត្រូវ​រក​ឲ្យ​បាន​មេដាយ​មាស»។

ចំណែក​លោក Pern Chen នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ណាហ្គាវើល បាន​ថ្លែង​ថា៖​«វា​ពិត​ជា​មោទនភាព​ដ៏​អស្ចារ្យ​របស់​ណាហ្គាវើល ដែល​បាន​ក្លាយ​ជា​ផ្នែកមួយ​នៃ​ភាព​ជោគ​ជ័យ​នេះ​ជាមួយ NOCC ក្នុង​ការ​ជួយ​លើក​កម្ពស់ និង​អភិវឌ្ឍ​វីស័យ​កីឡា​សម្រាប់​ប្រទេស​កម្ពុជា ហើយ​ណាហ្គាវើល បាន​ប្តេជ្ញា​បន្ត​ឧបត្ថម្ភ​គាំ​ទ្រ​ដល់ NOCC ក្នុង​ព្រឹត្តិការណ៍​កីឡា​អន្តរជាតិ​ដូច​ជា​កីឡា​អូឡាពិក ស៊ីហ្គេម អាស៊ីហ្គេម រហូតដល់​ឆ្នាំ​២០១៨»៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77