v9

អេ យ៉ាត​នុត ជឿ​ជាក់​ខ្ពស់ មុនពេល​ប៉ះ Xu លើ​ទឹក​ដី​ស៊ាងហៃ ថ្ងៃ​សៅរ៍នេះ

3 weeks ago​ | ដោយ Dara

កីឡាការិនីគុន​ខ្មែរ អេ យ៉ានុត កំពុង​តែ​​​សម្លឹង​ឆ្ពោះ​ទៅកាន់ការ​វិល​​ទៅប្រកួតក្នុង​កម្មវិធី ONE Championship វិញ ក្រោយ​ពី​បានអវត្តមាន​អស់រយៈពេល​២​ឆ្នាំ ខណៈ​ដែលនាង​ធ្វើការ​បង្ហាញខ្លួន​ជាលើក​ទី​២​របស់នាងក្នុង​​កីឡា​យុទ្ធ​គុន​ចម្រុះ (MMA) នៅ​ថ្ងៃ​សៅរ៍នេះ​។

យ៉ា​នុត នឹងសម្លឹង​រក​ការ​បង្កើតភាព​អស្ចារ្យ ​នៅពេល​ដែល​កីឡា​​ការិនី​វ័យក្មេង​រូបនេះ​ប៉ះ​ជាមួយនឹង​អ្នក​លេង​ប្រដាល់​សកល Xu Chun Yan របស់​ចិន ក្នុង​ព្រឹត្តិការណ៍ ONE CHAMPIONSHIP: SHANGHAI ដែលនឹង​ប្រព្រឹត្ត​ទៅ​នៅ​ឯ​សង្វៀន Shanghai Oriental Sports Center ក្នុង​ទីក្រុង​ស៊ាងហៃ ប្រទេស​ចិន នៅ​ថ្ងៃ​សៅរ៍ ទី​២ ខែ​កញ្ញា នេះ​។ កីឡា​ការិនី​វ័យ​១៩​ឆ្នាំ​រូបនេះ បាន​ឲ្យ​ដឹងថា៖ «នេះ​គឺ​ជា​អង្គភាព​ដ៏​ធំមួយ​ដែលមាន​​ជើងខ្លាំង​ជាច្រើន​មក​ពី​ទូ​ទាំង​ពិភព​លោក​។ ខ្ញុំពិតជា​រំភើប​ណាស់ក្នុងការអាច​បង្ហាញខ្លួន​ម្តង​ទៀត ហើយខ្ញុំ​ត្រៀម​រួច​រាល់​ក្នុងការ​​​បង្កើត​ការភ្ញាក់ផ្អើល និង​បង្ហាញពី​សមត្ថភាព​របស់ខ្ញុំ​»​។

អេ យ៉ានុត បាន​កើត និង​ធំ​ធាត់ក្នុង​​រាជ​ធានី​ភ្នំពេញ​ និង​​បានកើត​​ក្នុង​ត្រកូល​​ជា​អ្នកប្រដាល់គុណខ្មែ​រ​។ ឪពុក​របស់នាង​គឺលោក​អេ ភូ​ផង ដែល​ជា​អតីតកីឡាករ​ប្រដាល់​​គុណខ្មែរ​ដ៏ល្បីល្បាញ​បំផុតម្នាក់ក្នុង​ជំនាន់​របស់​នាង ហេតុនេះ នាង​បាន​ចាប់ផ្តើម​ធ្វើការ​ហ្វឹក​ហាត់កីឡា​ប្រដាល់​​ចាប់​តាំងពី​នៅ​វ័យក្មេង​។ ក្រោយ​ពី​មានកំណត់ត្រា​ប្រកួត​ច្រើន​ជាង​១០០​លើកក្នុងកីឡា​ប្រដាល់​គុន​ខ្មែរ អេ យ៉ានុត សង្ឃឹម​ថា នឹង​អាច​ក​សាង​កេរិ៍្ត​ឈ្មោះ​របស់ខ្លួនក្នុង​ព្រឹត្តិការណ៍ MMA របស់ ONE Championship ដើម្បី​ធ្វើ​ឲ្យក្រុម​គ្រួ​សារ និង​ប្រទេស​របស់​​នាង​មាន​មោទ​ន​ភាព​។ កីឡាការិនី​រូបនេះ បាន​ធ្វើ​ការ​​ប្រកួត​ MMA លក្ខខណៈ​អាជីព​ជាលើក​ទី​១​របស់​នាង​កាល​ពី​ខែ​ធូ ឆ្នាំ​២០១៥ ក្នុង​ព្រឹត្តិការណ៍ ONE: Kingdom of Khmer នៅ​រោង​មហោ​ស្រព​កោះ​ពេជ្រ ប៉ុន្តែ បាន​រង​បរា​ជ័យ​ក្រោម​​ស្នា​ដៃ​របស់​កីឡា​ការិនីវី ស្រីខួច ដោយ​ពិន្ទុ​។ ស្រប​ពេល​ជាមួយ​គ្នានេះ កីឡា​ការិនី​ចិន Xu Chun Yan ក៏​ជា​ជើង​ថ្មី​ផងដែរ​ក្នុង MMA ប៉ុន្តែ នាងគឺ​ជា​អតីតម្ចាស់ខ្សែក្រវាត់ WBC ក្នុង​កីឡា​ប្រដាល់អាជីព​៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77