v9

រត់​ដើម្បី​បរិស្ថានប្រចាំ​ឆ្នាំ​ លើក​ទី​២ នឹង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ

3 weeks ago​ | ដោយ Bopha

ព្រឹត្តិការណ៍«រត់​ដើម្បី​បរិស្ថាន​ប្រចាំ​ឆ្នាំ​លើក​ទី​២» ដែល​នឹង​រៀបចំ​ដោយ​ក្រសួង​បរិស្ថាន សហការជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​មជ្ឈមណ្ឌល​អូស្រ្តាលី​សម្រាប់​ការ​បណ្តុះ​បណ្តាល ACE នឹង​ត្រូវ​ធ្វើ​ឡើង​នៅពហុកីឡដ្ឋាន​ជាតិ នាវេលា​ម៉ោង​៦:៣០ ដល់​ម៉ោង​១០:៣០​ព្រឹក នា​​ថ្ងៃ​អាទិត្យ​ ទី​៣ ខែកញ្ញា ខាង​មុខ​នេះ។

បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​​ក្រសួង​បរិស្ថាន បាន​ឲ្យ​ដឹង​ថា កម្ម​វិធី​​រត់​ដើម្បី​បរិស្ថាន​នេះ ត្រូវ​បាន​រៀបចំ​ឡើង ក្នុង​គោល​បំណង​លើក​កម្ពស់​ចំណេះ​ដឹង​ទាក់​ទង​​នឹង​បរិស្ថាន និង​គ្រោង​យក​ថវិកា ដែល​បាន​ពី​ការ​លក់​សំបុត្រ ទៅ​ធ្វើ​ធុង​បែង​ចែក​សំរាម ចែក​ជូន​សាលា​រៀននានា នៅ​ក្នុង​រាជធានីភ្នំពេញ និង​តាម​បណ្តា​ខេត្ត ហើយនិង​មាន​ការ​ចូល​រួម​ពី​សិស្ស និស្សិត មន្រ្តី​រាជការ អង្គការ​សង្គម​ស៊ីវិល វិស័យ​ឯក​ជន បុគ្គលិក​ស្ថានទូត​នានា​សរុប​ប្រមាណ​២០០០​នាក់។

ជាមួយ​នឹង​ទិស​ដៅ ក្នុងការ​ធ្វើ​ធុង​សំរាម សម្រាប់​បែង​ចែក​ទៅ​ដល់​សាលា​រៀន​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្តនានា​នេះ គឺ​ក្រសួង​បរិស្ថាន តម្រូវឲ្យ​អ្នក​ចូល​រួម​រត់ដើម្បី​បរិស្ថាន​នេះ ​ត្រូវ​ទិញ​សំបុត្រ​ចូល​រួម​តម្លៃ​២ម៉ឺន​រៀល​ក្នុង​ម្នាក់ៗ ដែល​មាន​លក់​នៅ​ពហុកីឡដ្ឋាន​ជាតិ នោះ​តែ​ម្តង៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77