v9

ម្ចាស់មេដាយ​មាស​មក​ពី​ស៊ីហ្គេម នឹង​ទទួល​​ប្រាក់​រង្វាន់​ពីណាហ្គាវើល នៅ​ថ្ងៃសុក្រ

3 weeks ago​ | ដោយ Bopha

កីឡាករ កីឡាការិនី​របស់​កម្ពុជា ដែល​ទទួល​បាន​មេដាយ​មាស ពី​ការ​ប្រកួត​ស៊ីហ្គេម លើក​ទី​២៩ ឆ្នាំ​២០១៧ នៅ​ប្រទេស​ម៉ាឡេស៊ី នឹងទទួល​បាន​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ពីណាហ្គាវើល នៅ​ព្រឹក​ម៉ោង​១១ ថ្ងៃ​សុក្រ​ស្អែក​នេះ គឺ​បន្ថែម​ទៅ​លើ​ប្រាក់​រង្វាន់​ដែល​ទទួល​បាន​តាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាល។

ការ​ផ្តល់​ប្រាក់​ទៅ​ដល់​កីឡាករ កីឡាការិនី​កម្ពុជា ដែល​បាន​ឈ្នះ​មេដាយ​មាស ពី​ការ​ប្រកួត​ស៊ីហ្គេម​នេះ គឺ​ធ្វើ​ឡើង​ទៅ​តាម​អ្វី​ដែល​ណាហ្គាវើល បាន​សន្យា​ដល់​អត្ត​ពលិក​កម្ពុជា មុន​ពេល​ចេញ​ទៅ​ប្រកួត ដោយ​ក្នុង​នោះ​ណាហ្គាវើល ​នឹង​ផ្តល់​ឲ្យប្រាក់​រង្វាន់​ចំនួន​៣០០០​ដុល្លារ សម្រាប់​កីឡាករ កីឡាការិនី ដែល​ដណ្តើម​​បាន​មេដាយមាស​ លើ​វិញ្ញាសា​ឯត្តជន និង​ឲ្យ​៥០០០​ដុល្លារ សម្រាប់​វិញ្ញាសា​ជា​ក្រុម។ បន្ថែម​លើ​នេះ ណាហ្គាវើល ក៏​នឹង​ផ្តល់​ជូន៥០០​ដុល្លារ​ដល់ NOCC សម្រាប់​ការ​ឈ្នះមេដាយ​នីមួយៗ ពី​ស៊ីហ្គេម ផងដែរ។

គួរ​បញ្ជាក់​ថា សម្រាប់​ការ​ប្រកួតស៊ីហ្គេម នៅ​ប្រទេស​ម៉ាឡេស៊ី ដែល​ទើប​បាន​បញ្ចប់​នេះ កម្ពុជា បាន​ឈ្នះ​មេដាយ​មាស​៣ ប្រាក់​២ និង​សំរឹទ្ធ​​១២ សរុប​​១៧មេដាយ ដោយ​ក្នុង​កីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ បាន​ឈ្នះ​មេដាយ​មាស​លើ​វិញ្ញាសា​វាយ​គូ ឯកីឡាករ​​ប្រដាល់​គុនខ្មែរ ឃីម ឌីម៉ា បាន​ឈ្នះ​មេដាយ​មាស ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥គីឡូក្រាម ហើយកីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី បាន​ឈ្នះ​មេដាយមាស ក្នុង​ប្រភេទ​ទម្ងន់​ក្រោម​៧៣គីឡូក្រាម។

ចំពោះ​ប្រាក់​រង្វាន់​តាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​វិញ គឺ​អត្ត​ពលិក ដែល​ឈ្នះ​បាន​មេដាយ​មាស​ពី​ការ​ប្រកួត​ស៊ីហ្គេម​នេះ នឹង​ទទួល​បាន​ប្រាក់​រង្វាន់​៤០​លាន​រៀល ឬ​១ម៉ឺន​ដុល្លារ មេដាយ​ប្រាក់​បាន​៣០លាន​រៀល និងមេដាយ​សំរឹទ្ធ​បាន​១៦​លាន​រៀល ហើយការ​ផ្តល់​ប្រាក់​រង្វាន់នេះ គឺ​គិត​ទៅ​លើ​ចំនួន​អ្នក​បាន​មេដាយ។ មាន​ន័យ​ថា អ្នក​បាន​មេដាយសំរឹទ្ធ ​លើ​ការ​ប្រកួត​ជា​ក្រុម៣​នាក់ ឬ​លើស​ពីនេះ គឺម្នាក់ៗ​បាន​ប្រាក់​រង្វាន់១៦លាន​រៀល​ដូចៗ​គ្នា៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77