v9

ឃីម ឌីម៉ា វ៉ៃថៃឡើងរាប ដើម្បីឈ្នះមេដាយមាសនៅស៊ីហ្គេម

4 weeks ago​ | ដោយ Bopha

ជើងខ្លាំងរបស់កម្ពុជា ឃីម ឌីម៉ា បានក្លាយជាកីឡាករគុនខ្មែរដំបូងគេ ដែលណ្តើមបានមេដាយមាសឲ្យកម្ពុជា ក្នុងការប្រកួតស៊ីហ្គេម បន្ទាប់ពីរូបគេបានយកឈ្នះកីឡាករថៃ Chonlawit ក្នុងការប្រកួតផ្តាច់ព្រ័ត្រ នៅស៊ីហ្គេម លើកទី២៩ ដែលកំពុងដំណើរការ នៅប្រទេសម៉ាឡេស៊ី មុននេះបន្តិច។

នៅក្នុងការប្រកួតផ្តាច់ព្រ័ត្រ ប្រភេទទម្ងន់៦៣,៥គីឡូក្រាមនេះ ឃីម ឌីម៉ា បានបង្ហាញការប្រកួតយ៉ាងល្អ ប៉ុន្តែចៅក្រមនៅតែផ្តល់ពិន្ទុឲ្យរូបគេចាញ់កីឡាករថៃ ១០-៩ នៅទឹកទី១។ ការកាត់ក្តីបែបលម្អៀងនេះ បានបង្ខំឲ្យ ឃីម ឌីម៉ា បង្កើនការវាយសម្រុកកាន់តែខ្លាំង តាមរយៈការម៉ាត់ បុកជង្គង់ និងការវាយកែង ដើម្បីយកឈ្នះថៃ Chonlawit ២ទឹកចុងក្រោយ ជាមួយពិន្ទុ ១០-៩ និង១០-៩។

ជ័យជម្នះដ៏រំភើបនេះបានជួយឲ្យ ឃីម ឌីម៉ា ទទួលបានមេដាយមាស ហើយវាក៏ជាមេដាយមាសទី២របស់កម្ពុជាផងដែរ ខណៈក្រុមប៉េតង់ ជាអ្នកឈ្នះមេដាយមាសទី១ឲ្យកម្ពុជា លើវិញ្ញាសាវាយគូនារីរបស់អ្នកស្រី កែ ឡេង និង អ៊ុក ស្រីមុំ។

ប៉ុន្តែកីឡាករ ម៉ឺន សុភា បានចាញ់កីឡាករថៃ Anueng ក្នុងការប្រកួតផ្តាច់ព្រ័ត្រ ទម្ងន់៧១គីឡូក្រាម ហើយនៅក្នុងការចាញ់ទាំង៣ទឹកជាមួយពិន្ទុ ១០-៩ ១០-៩ និង ១០-៩ នោះ ម៉ឺន សុភា ក៏ត្រូវបានអាជ្ញាកណ្តាលរាប់នៅទឹកទី២ទាំងមិនទំនងផងដែរ។ ការចាញ់នេះ បានធ្វើឲ្យរូបគេបានត្រឹមទទួលមេដាយប្រាក់ឲ្យកម្ពុជា៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77