v9

ឃីម ឌីម៉ា ផ្តួលហ្វីលីពីន ឡើងទៅវគ្គផ្តាច់ព្រ័ត្រ ក្រោយ ឡៅ ចិន្ត្រា ចាញ់ម្ចាស់ផ្ទះទាំងអយុត្តិធម៌

4 weeks ago​ | ដោយ Bopha

កីឡាករជើងខ្លាំងរបស់កម្ពុជា ឃីម ឌីម៉ា បានផ្តួលអ្នកប្រដាល់របស់ហ្វីលីពីន ក្នុងទឹកទី២ ក្នុងការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងទម្ងន់៦៣,៥គីឡូក្រាម មុននេះបន្តិច ដើម្បីឡើងទៅដណ្តើមមេដាយមាស ក្នុងការប្រកួតផ្តាច់ព្រ័ត្រ ដែលនឹងត្រូវធ្វើនៅថ្ងៃអង្គារស្អែកនេះ។

នៅក្នុងការប្រកួតនោះ ឃីម ឌីម៉ា ត្រូវបានអាជ្ញាកណ្តាលសម្រេចឲ្យចាញ់ពិន្ទុរបស់កីឡាករ Ryan Jakiri ១០-៩ ក្នុងការប្រកួតទឹកទី១ ប៉ុន្តែនៅក្នុងការប្រកួតទឹកទី២ ឃីម ឌីម៉ា បានវាយសម្រុកយ៉ាងខ្លាំង និងវាយកែងឲ្យហ្វីលីពីនដួល តែអាជ្ញាកណ្តាលមិនរាប់ទេ។ ទោះបីជាយ៉ាងណា ឌីម៉ា បានតាមវាយកែងបណ្តាលឲ្យ Ryan Jakiri ដួលសន្លប់នៅទឹកទី២នេះតែម្តង ដើម្បីឡើងទៅកាន់ការប្រកួតផ្តាច់ព្រ័ត្រ។

ចំណែកកីឡាករ ឡៅ ចិន្ត្រា បានបង្ហាញការប្រកួតបានយ៉ាងល្អ ក្នុងការវាយសម្រុកទៅលើកីឡាករម្ចាស់ផ្ទះរបស់ម៉ាឡេស៊ី Ain ប៉ុន្តែរឿងដ៏គួរឲ្យហួសចិត្តនោះ គឺអាជ្ញាកណ្តាល ដែលត្រូវបានគេមើលឃើញថា មានភាពលម្អៀងទៅលើម្ចាស់ផ្ទះនោះ បានផ្តល់ពិន្ទុឲ្យ ឡៅ ចិន្ត្រា ចាញ់ចំនួន២ទឹកជាប់ៗគ្នាគឺ ១០-៩ និង ១០-៩ គឺអាជ្ញាកណ្តាលទាំងនេះ បានឲ្យ ចិន្ត្រា ឈ្នះតែ១ទឹកទី៣ចុងក្រោយទេ ខណៈ ឡៅ ចិន្ត្រា តាមវ៉ៃកីឡាករម៉ាឡេស៊ី ចង់គាំងៗម្តងៗនោះ។

ការកាត់សេចក្តីលម្អៀងយ៉ាងខ្លាំងនេះ បានធ្វើឲ្យកីឡាករដ៏ល្អរបស់កម្ពុជា ឡៅ ចិន្ត្រា ចាញ់ដ៏គួរឲ្យសោកស្តាយ និងបានត្រឹមមេដាយសំរឹទ្ធ ក្នុងទម្ងន់៥៧គីឡូក្រាមរបស់ខ្លួន៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77