v9

វ៉ាន វឿន ចាញ់កីឡាករម្ចាស់ផ្ទះ បានត្រឹមមេដាយសំរឹទ្ធ

3 months ago​ | ដោយ Bopha

កីឡាករប្រដាល់គុនខ្មែរ វ៉ាន វឿន មិនអាចស្វែងរកឱកាស ឡើងទៅប្រកួតរកមេដាយមាសឲ្យកម្ពុជា នៅវគ្គផ្តាច់ព្រ័ត្របានទេ ខណៈរូបគេបានចាញ់ពិន្ទុកីឡាកររបស់ម្ចាស់ផ្ទះម៉ាឡេស៊ី ក្នុងការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រ មុននេះបន្តិច។

នៅក្នុងការប្រកួតនោះ វ៉ាន វឿន របស់កម្ពុជា ត្រូវបានចៅក្រមសម្រេចឲ្យចាញ់ពិន្ទុកីឡាករ Mohd Ali ទាំង៣ទឹក គឺ ១០-៩ ១០-៩ និង ១០-៩ ក្នុងការប្រកួតក្នុងទម្ងន់៥៤គីឡូក្រាម ប៉ុន្តែការសម្រេចឲ្យ វ៉ាន វឿន ចាញ់ នៅក្នុងទឹកទី២ ត្រូវបានគេមើលឃើញពីភាពលម្អៀងរបស់អាជ្ញាកណ្តាលទៅលើខាងម្ចាស់ផ្ទះ ព្រោះនៅទឹកទី២ វ៉ាន វឿន បានវាយចំគោលដៅបានល្អជាងកីឡាករ Mohd Ali។

ការចាញ់ពិន្ទុកីឡាករ Mohd Ali នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ បានធ្វើឲ្យ វ៉ាន វឿន របស់កម្ពុជា បានត្រឹមឈ្នះមេដាយសំរឹទ្ធ។ យ៉ាងណាក៏ដោយ កម្ពុជា នៅសល់កីឡាករ៣នាក់ទៀត គឺ ឡៅ ចិន្ត្រា ឃីម ឌីម៉ា និង ម៉ឺន សុភា ដែលត្រូវប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាបន្តបន្ទាប់គ្នា បន្តិចទៀតនេះ៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77