v9

Mayweather ប្រកាស​ចូល​និវត្តន៍​ជា​អចិន្ត្រៃយ៍ ក្រោយ​​ផ្តួល McGregor ឲ្យ​សន្លប់​ទឹក​ ទី​១០

3 months ago​ | ដោយ Dara

កីឡាករ​ប្រដាល់ Floyd Mayweather បាន​បញ្ជាក់​ថា រូប​គេ​​នឹងធ្វើដំណើរ​ទៅកាន់​ការ​ចូល​និវត្តន៍​ជា​អចិន្ត្រយ៍​របស់​គេ ក្រោយ​ពី​បានបង្កើត​ប្រវត្តិសាស្ត្រ​របស់​គេក្នុង​កីឡា​ប្រដាល់​តាមរយៈ​ការ​កត់ត្រា​ជ័យ​ជម្នះ​​ជាលើក​ទី​៥០​ជាប់​ៗ​គ្នា​របស់​គេ នៅ​ពេល​ប្រកួត​ជាមួយនឹង​អ្នក​ប្រយុទ្ធគុនចម្រុះ Conor McGregor កាលពីថ្ងៃ​សៅរ៍ (ត្រូវនឹង​ព្រឹក​ថ្ងៃ​អាទិត្យ​នៅ​កម្ពុជា)​។

កីឡាករ​​អាមេ​រិក​វ័យ​៤០​ឆ្នាំ​រូបនេះ បាន​​គ្រប់​គ្រងលើ McGregor ទាំង​ស្រុងក្នុង​ការ​ប្រកួត​​នៅ​ទឹក​ទី​​១០​នា​សង្វៀន​ T-Mobile Arena ដើម្បី​ផ្តួល​តា​រា​ប្រដាល់​គុន​ចម្រុះ (MMA) ឲ្យសន្លប់​ដោយ​បច្ចេក​ទេស​។ ជ័យជម្នះនេះ​​ធ្វើ​ឲ្យ Mayweather ដែល​បាន​ចាក​ចេញពីការ​ចូល​និវត្តន៍​រយៈពេល​២​ឆ្នាំ ដើម្បី​ជួប​ជាមួយនឹង McGregor ឡើង​ឈរ​ពី​លើ​​អតីត​​​កីឡាករ​ប្រដាល់​ទម្ងន់ Rocky Marciano ជាមួយ​នឹង​កំណត់​ត្រា​ឈ្នះ​៥០​លើក មិន​ដែល​ចាញ់​។ ក្រោយ​ពី​សេចក្តី​ប្រដាល់ក្នុង​ទម្ងន់​៦៦,៧​គីឡូក្រាម​រូបនេះ បាន​បញ្ជាក់​ថា រូប​គេ​នឹង​មិន​បង្ហាញខ្លួននៅលើ​សង្វៀន​ប្រកួតម្តង​ទៀត​ឡើយ​។

ក្រោយ​ពី​កោត​សរសើរ​​លើ​ដៃគូប្រកួត​របស់​ខ្លួន Mayweather បានបញ្ជាក់​ថា៖ «ពិត​ណាស់ នេះ​គឺ​ជា​រាត្រី​ប្រកួត​ចុងក្រោយ​របស់​ខ្ញុំហើយ​។ រាត្រីនេះ គឺ​ជា​ការ​ប្រកួត​ចុងក្រោយ​របស់​ខ្ញុំ​។ នៅ​រាត្រី​នេះ ខ្ញុំ​បាន​ជ្រើស​រើស​​យក​ដៃ​គូ​រាំ​ដ៏​ត្រឹម​ត្រូវ​ដើម្បី​រាំ​ជាមួយ​​។ Conor គឺ​ជា​ម្ចាស់​ជើង​ឯក​ដ៏ខ្លាំងម្នាក់​»​។ កីឡាករ​អាមេ​រិក​រូប​នេះ ក៏​នឹង​ត្រូវ​ទទួល​បាន​ប្រាក់​តម្លៃ​ខ្លួន​ប្រមាណ​ជា​២០០​លាន​ដុល្លារ​អាមេ​រិក​ផងដែរ ដើម្បី​ធ្វើ​ឲ្យ​ចំណូល​សរុប​ក្នុង​អាជីព​របស់​គេ​មាន​ចំនួន​១​ពាន់​​លាន​ដុល្លារ​អាមេ​រិក​។ ស្រប​ពេល​ជាមួយ​គ្នា​​នេះ McGregor ដែល​ជា​តា​រា​ប្រដាល់​គុន​ចម្រុះ​ក្នុង​អង្គ​ភាព Ultimate Fighting Championship នោះ​ត្រូវ​បាន​រំពឹង​ទុក​ថា ទទួល​​បាន​តម្លៃ​ខ្លួន​១០០​លានដុល្លារ​អាមេ​រិក​៕

ប្រភព​ព័ត៌​មាន៖ Sports.yahoo

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77