v9

ជើង​ខ្លាំង​គុនខ្មែរ​ទាំង​ ៤ ត្រូវ​វ៉ៃ​ឆ្ពោះ​ទៅ​រក​មេដាយ​មាស នៅ​ស៊ីហ្គេម ថ្ងៃ​នេះ

3 months ago​ | ដោយ Bopha

កីឡា​ករប្រដាល់​គុន​ខ្មែរ​ជើង​ខ្លាំង​ទាំង​៤​នាក់​របស់​កម្ពុជា រួម​មាន ម៉ឺន សុភា, ឃីម ឌីម៉ា, ឡៅ ចិន្ត្រា និង វ៉ាន វឿន នឹង​​​ត្រូវ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ នៅ​ថ្ងៃ​ចន្ទ ដើម្បី​ស្វែង​រក​ឱកាស​ឡើង​ទៅ​​រក​មេដាយ ក្នុងការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​នៃ​​ព្រឹត្តិការណ៍​​ស៊ីហ្គេម ដែល​កំពុង​ដំណើរ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី។

ការ​ឡើង​មក​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នេះ គឺព្រោះ​តែ ឡៅ ចិន្ត្រា,វ៉ាន វឿន, ឃីម ឌីម៉ា និង ម៉ឺន សុភា សុទ្ធ​តែ​ទទួល​បាន​ជ័យ​ជម្នះ ក្នុង​​ការ​ប្រកួត​ជម្រុះ​៨​ កាល​ពី​ថ្ងៃសៅរ៍ និង​ថ្ងៃ​អាទិត្យ ម្សិល​មិញ គឺ​មាន​តែ​អ្នក​លេង​ស្នៀត​ជើង មឿន សុខហ៊ុច ​​ម្នាក់​គត់ បាន​ចាញ់​ពិន្ទុ​កីឡាករ​ថៃ​ទាំង​៣​​ទឹក និង​បាន​ធ្លាក់​ចេញ​ពី​ការ​ប្រកួត​នេះ។

តាម​រយៈ​ការ​ប្រកួត​នោះ ​ឡៅ ចិន្ត្រា បាន​យក​ឈ្នះ​កីឡាករ​ឥណ្ឌូនេស៊ី ដោយ​ពិន្ទុ​ដាច់ ទាំង​៣​ទឹក ក្នុងការ​ប្រកួត​ទម្ងន់​៥៧​គីឡូក្រាម ហើយ វ៉ាន វឿន ដែល​ប្រកួត​ក្នុង​ទម្ងន់​៥៤​គីឡូក្រាម ក៏​បាន​យក​ឈ្នះ​កីឡាកររបស់​សិង្ហបុរី​ ដោយ​ពិន្ទុ​ទាំង​៣​ទឹក​ដាច់ជាមួយ​ពិន្ទុ ១០-៩ ១០-៩ និង ១០-៩ ដូច​គ្នា។

ចំណែក​កីឡាករ ឃីម ឌីម៉ា ដែល​ប្រកួត​ក្នុង​ទម្ងន់​៦៣,៥កីឡូក្រាម ​បាន​យក​ឈ្នះ​កីឡាករ​របស់​ម្ចាស់​ផ្ទះ​ម៉ាឡេស៊ី​៣​ទឹកដាច់​ដែរ ក្នុង​ការ​ប្រកួត កាលពី​ថ្ងៃ​អាទិត្យ គឺ​មុន​ពេល មឿន សខហ៊ុច បាន​ចាញ់កីឡាករ​ថៃ ក្នុង​ទម្ងន់​៦៧​គីឡូគ្រាម។ ប៉ុន្តែ ម៉ឺន សុភា បាន​ម៉ាត់​ឲ្យ​កីឡាករ​របស់​ម៉ាឡេស៊ី ដួល និងត្រូវ​បាន​អាជ្ញាកណ្តាល​រាប់នៅ​ទឹក​ទី​២ ហើយ​នៅ​ទឹក​ទី​៣ សុភា បាន​ម៉ាត់​ឲ្យ​អាជ្ញាកណ្តាល​រាប់ជា​លើក​ទី​២ នឹង​ឈាន​ដល់​ការ​បញ្ឈប់​ការ​ប្រកួត​​តែ​ម្តង ព្រោះ​គូ​ប្រកួតម្នាក់​នេះ អស់​លទ្ធភាព​បន្ត​ការប្រកួត​។

លោក ឈិត សារីម គ្រូ​បង្វឹក​ក្រុម​ជម្រើសជាតិ​កីឡាគុនខ្មែរ បាន​និយាយ​​ក្រោយការ​ប្រកួត​ថា៖​«​​​គួរឲ្យ​​ស្តាយ​​ចំពោះ​ការ​ចាញ់​របស់ មឿន សុខហ៊ុច ព្រោះ​ដៃគូ​របស់​គេ​​ខ្ពស់ជាង និង​​បិទ​បាន​ល្អ មិន​ឲ្យ​យើង​វាយ​ចូល​ទេ ប៉ុន្តែ​វា​ក៏ជា​ជោគ​ជ័យ​មួយ​ផងដែរ ដែល​យើង​មក​៥នាក់ ហើយ​អាច​ឡើង​ទៅ​កាន់វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ រហូត​​៤​នាក់​នោះ»។

ដោយ​ឡែក សម្រាប់​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ដែល​នឹងចាប់​ផ្តើមពី​រសៀល​ម៉ោង​១​ទៅ នៅ​​ថ្ងៃ​ចន្ទនេះ​ កីឡាករ​ វ៉ាន វឿន របស់​កម្ពុជា ត្រូវ​ជួប​កីឡាករ ម៉ឺន សុភា និង ឡៅ ចន្ត្រា ត្រូវ​ជួប​កីឡាករ​ម្ចាស់​ផ្ទះ​ម៉ាឡេស៊ី​ដូច​គ្នា ដោយ​ក្នុង​នោះ វ៉ាន វឿន ត្រូវ​ជួប​កីឡាករ Mohd Ali ឡៅ ចន្ទ្រា ប៉ះកីឡាករ Ain ហើយ ម៉ឺន សុភា ត្រូវតទល់​នឹង Muhamad Samsi។ ចំណែក ឃីម ឌីម៉ា ត្រូវ​ប៉ះ​កីឡាករ​ហ្វីលីពីន Ryan Jakiri ហើយ​អ្នក​ឈ្នះ នឹង​ត្រូវ​ឡើង​ទៅ​ប្រកួត​យក​មេដាយ​មាស នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ នៅ​ថ្ងៃ​អង្គារ ចំណែក​អ្នក​ចាញ់​ក្នុងវគ្គ​នេះ ទទួល​បាន​មេដាយ​សំរឹទ្ធ​ដូចៗ​គ្នា៕

ដោយ៖ Cambosport

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77