v9

លោក Klopp ទទួលស្គាល់ថា មានសម្ពាធ ខណៈ Liverpool សម្លឹងរកកៅអីវគ្គចែកពូល

3 months ago​ | ដោយ Jerry Jr

លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ក្រុម Liverpool បានទទួលស្គាល់ថា ក្រុមរបស់លោកកំពុងតែមានអារម្មណ៍ថា រងសម្ពាធរួចជាស្រេច នៅរូវកាលនេះ នៅមុនពេលការប្រកួតជើងទី២នៃក្របខ័ណ្ឌ Champions League វគ្គ Playoff របស់ពួកគេ ជាមួយនឹងក្រុម Hoffenheim នៅរាត្រីនេះ។

ក្រុម Liverpool ហាក់ស្ទើរតែបានបោះជំហានឆ្ពោះទៅមុខយ៉ាងរឹងមាំទៅកាន់វគ្គចែកពូលទៅហើយ ក្រោយពីបាននាំមុខ ២-០ ក្នុងការប្រកួតជើងទីមួយកាលពីសប្តាហ៍មុនក្នុងប្រទេសអាល្លឺម៉ង់ នៅមុនពេលកីឡាករ Mark Uth បានរកគ្រាប់បាល់វាយបកមួយគ្រាប់វិញនៅនាទី ទី៨៧ ដើម្បីផ្តល់ក្តីសង្ឃឹមឡើងវិញដល់ក្រុម Hoffenheim។

Liverpool ដែលជាម្ចាស់ជើងឯកកំពូលអឺរ៉ុប៥សម័យកាល ត្រូវបានរកគ្រាប់បាល់បានដោយកីឡាករ Sadio Mane ដើម្បីផ្តួលក្រុម Crystal Palace ក្នុងការប្រកួតក្របខ័ណ្ឌ Premier League កាលពីថ្ងៃសៅរ៍ ហើយលោក Klopp រំពឹងទុកថា នឹងមានការប្រកួតដ៏ស្វិតស្វាញមួយផ្សេងទៀតនៅកីឡដ្ឋាន Anfield នៅថ្ងៃពុធនេះ។

លោក Klopp ដែលបានឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ក្នុងពេលដឹកនាំក្រុម Borussia Dortmund កាលពីឆ្នាំ២០១៣នោះ បានឲ្យដឹងថា៖ «យើងទាំងអស់គ្នាមានសម្ពាធ ហើយវាតែងតែចាប់ផ្តើមយ៉ាងរហ័ស។ អ្នកត្រូវតែដោះស្រាយឲ្យបានឆាប់រហ័ស និងត្រូវដោះស្រាយឲ្យបានល្អ។ ភាពផ្សេងគ្នានៅឆ្នាំនេះ គឺថា វាពិតជាមានភាពស្វិតស្វាញ»។

គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះបានបន្ថែមទៀតថា៖ «យើងទាំងអស់គ្នាដឹងថា ការបញ្ចប់ក្នុងលទ្ធផលស្មើជាមួយនឹងក្រុម Crystal Palace និងការទទួលបាន២ពិន្ទុ មិនមែន៤ពិន្ទុ វាពិតជាមិនផ្តល់នូវអារម្មណ៍ល្អឡើយ ប៉ុន្តែ យើងអាចដោះស្រាយបាន។ ប៉ុន្តែ យើងមិនអាចធ្វើឲ្យមានការភ្លាត់ស្នៀតក្នុងការប្រកួតជម្រុះ Champions League ឡើយ។ វានឹងលំបាកសម្រាប់ក្រុមទាំងពីរ»។ លោក Klopp មិនបានប្រើប្រាស់តារាឆ្នើមៗជាច្រើនក្នុងជម្រើសទាំង១១នាក់ដំបូង ក្នុងពេលផ្តួលក្រុម Crystal Palace នោះទេ៕

កម្មវិធីប្រកួតនៅរាត្រីនេះ៖

– CSKA Moscow Vs Young Boys ម៉ោង 1:45 ទៀបភ្លឺ

– FC Copenhagen Vs Qarabag ម៉ោង 1:45 ទៀបភ្លឺ

– FCSB Vs Sporting ម៉ោង 1:45 ទៀបភ្លឺ

– Liverpool Vs Hoffenheim ម៉ោង 1:45 ទៀបភ្លឺ

– Slavia Prague Vs APOEL ម៉ោង 1:45 ទៀបភ្លឺ

ប្រែសម្រួលដោយ៖ Cambosport
ប្រភពព័ត៌មាន៖ Sport24

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77