v9

Napoli, Sevilla និង Celtic ទៅវគ្គចែកពូលនៃក្របខ័ណ្ឌ Champions League

3 months ago​ | ដោយ Jerry Jr

គ្រាប់បាល់បញ្ចូលទី១គ្រាប់ ពីសំណាក់ខ្សែប្រយុទ្ធ Jose Callejon បានជួយឲ្យក្រុម Napoli ឈានទៅកាន់វគ្គចែកពូលនៃក្របខ័ណ្ឌ Champions League យ៉ាងងាយកាលពីថ្ងៃអង្គារ ស្របពេលដែលក្រុម Sevilla ក៏បានឈានទៅវគ្គបន្តផងដែរ ហើយក្រុម Celtic បានជួបការភិតភ័យក្នុងប្រទេសកាហ្សាក់ស្ថាន នៅមុនពេលឈ្នះក្នុងការប្រកួតវគ្គ Playoff របស់ពួកគេ។

ក្រុម Napoli របស់លោក Maurizio Sarri ដែលបានធ្លាក់ចាញ់ក្រោមស្នាដៃក្រុម Real Madrid ក្នុងវគ្គ១៦ក្រុមចុងក្រោយកាលពីរដូវកាលមុននោះ បានរកគ្រាប់បាល់នាំមុខមុន នៅពេលដែលខ្សែបម្រើ Marek Hamsik បានបញ្ជូនបាល់ពីតំបន់ខាងឆ្វេងទៅឲ្យ Callejon ដើម្បីរកគ្រាប់បាល់បំប៉ោងសំណាញ់ទីនៅនាទី ទី៤៨។ ក្រោយមក ខ្សែបម្រើប្រយុទ្ធ Dries Mertens បានស៊ុតបាល់ប៉ះបង្គោលទី នៅមុនពេល Insigne បានបំពេញជ័យជម្នះសម្រាប់ក្រុមរបស់អ៊ីតាលី។

ខ្សែប្រយុទ្ធ Insigne បាននិយាយថា៖ «Napoli ត្រូវតែរក្សាការលេងក្នុងក្របខ័ណ្ឌ Champions League រាល់រដូវកាលទាំងអស់ ពីព្រោះនេះជាកន្លែងដែលជាកម្មសិទ្ធិរបស់យើង។ យើងពិតជារីករាយណាស់ក្នុងការឈានទៅវគ្គចែកពូល»។ ដោយឡែក ក្រុម Sevilla បានសង្គ្រោះការភិតភ័យមួយ នៅពេលដែលប្រកួតជាមួយនឹងក្រុម Basaksehir ដើម្បីទៅវគ្គបន្ត។

ក្រុមរបស់អេស្ប៉ាញមួយនេះ ដែលបានកត់ត្រាជ័យជម្នះ ២-១ កាលពីជើងទី១ក្នុងប្រទេសតួកគី នោះ បានបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ នៅកីឡដ្ឋាន Sanchez Pizjuan ដើម្បីឈ្នះទាំងពីរជើង ៤-៣។ ក្រុម Celtic ក៏ជួបនូវការភិតភ័យផងដែរ ប៉ុន្តែ បានឈានទៅវគ្គបន្តជាមួយនឹងលទ្ធផលទាំងពីរជើង ៨-៤ បើទោះបីចាញ់ក្រុម Astana ៤-៣ ក្នុងការប្រកួតជើងទី២នៅប្រទេសកាហ្សាក់ស្ថាន ក៏ដោយ៕

ប្រភពព័ត៌មាន៖ Channel News Asia

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77