v9

Barcelona ប្តឹង Neymar ជុំវិញការផ្ទេរ ក្នុងតម្លៃខ្លួនជាកំណត់ពិភពលោក ទៅកាន់ PSG

4 weeks ago​ | ដោយ Jerry Jr

ក្លិប Barcelona កំពុងតែដាក់ពាក្យបណ្តឹងប្តឹងតារាឆ្នើម Neymar ដើម្បីទាមទារសំណងក្នុងទឹកប្រាក់៨,៥លានអឺរ៉ូ (ស្មើនឹង១០លានដុល្លារអាមេរិក) ជុំវិញការផ្ទេរក្នុងតម្លៃខ្លួនជាកំណត់ត្រាពិភពលោករបស់គេទៅកាន់ក្លិប Paris St-Germain។

ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីលរូបនេះ បានផ្ទេរក្នុងតម្លៃខ្លួន២២២លានអឺរ៉ូ (ស្មើនឹង២៦១លានដុល្លារអាមេរិក) ទៅកាន់ក្លិបយក្សរបស់បារាំង កាលពីដើមខែសីហានេះ ក្រោយពីបានប្រើប្រាស់ប្រាក់ទិញរំលាយកិច្ចសន្យារបស់គេ។ បច្ចប្បន្នក្លិប Barcelona ចង់ឲ្យរូបគេសងកញ្ចប់ប្រាក់ឧបត្ថម្ភថ្មីមួយដែលរូបគេទទួលបាន នៅពេលដែលរូបគេបានចុះហត្ថលេខាលើកុងត្រាថ្មីរយៈពេល៥ឆ្នាំ កាលពីរយៈពេល៩ឆ្នាំមុន នៅមុនពេលបង្ខំឲ្យមានការផ្ទេររបស់គេ។

ក្លិបយក្សរបស់អេស្ប៉ាញមួយនេះ បានឲ្យដឹងថា៖ «ក្លិបទាមទារឲ្យកីឡាកររូបនេះប្រគល់ទឹកប្រាក់ដែលបង់ឲ្យរួចជាស្រេចត្រឡប់មកវិញ ខណៈដែលរូបគេមិនបានបំពេញកិច្ចសន្យារបស់គេឡើយ»។ ក្រៅពីទឹកប្រាក់ឧបត្ថម្ភចំនួន ៨,៥លានអឺរ៉ូនេះ ក្លិប Barcelona ក៏ចង់បានទឹកប្រាក់បន្ថែម១០ភាគរយទៅលើចំនួននោះ ដោយសារតែការពន្យាពេលនៃការបង់សងវិញផងដែរ។

ក្លិប Barcelona បានបញ្ជាក់ក្នុងសេចក្តីថ្លែងការដដែលថា៖ «ក្លិបក៏ស្នើឲ្យ Paris St-Germain ទទួលខុសត្រូវសម្រាប់ការបង់សងចំពោះទឹកប្រាក់នោះផងដែរ ប្រសិនបើកីឡាកររូបនេះមិនអាចធ្វើបានដោយខ្លួនគេផ្ទាល់»

ក្រោយមក ក្លិប Paris St-Germain បានឆ្លើយតបវិញថា ពួកគេពិតជាមានការភ្ញាក់ផ្អើលចំពោះសេចក្តីប្រកាសរបស់ Barcelona និងបានបន្ថែមថា៖ «ក្លិបសូមធ្វើការបញ្ជាក់ម្តងទៀតរួមជាមួយនឹង Neymar Jr ថា យើងពិតជាគោរពតាមច្បាប់ និងលក្ខខណ្ឌផ្សេងៗទាំងអស់ ប៉ុន្តែ ពិតជាសោកស្តាយណាស់ ចំពោះឥរិយាបថរបស់ក្លិប FC Barcelona»។ ពាក្យបណ្តឹងនេះត្រូវបានដាក់កាលពីថ្ងៃទី១១ ខែសីហា ទៅកាន់តុលាការការងារ ក្នុងទីក្រុង Barcelona៕

ប្រែសម្រួលដោយ៖ Cambosport
ប្រភពព័ត៌មាន៖ BBC

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77