v9

មិនធម្មតា! កីឡាករចាំទី ជម្រើសជាតិ ស៊ូ យ៉ាទី ហក់ចូលពិភពសម្តែង បន្ទាប់ពីឃើញមិត្តរួមក្រុម ល្បីឈ្មោះ

3 months ago​ | ដោយ Jerry Jr

អ្នកចាំទីជម្រើសជាតិលោក ស៊ូ យ៉ាទី បន្ទាប់ពីមានឈ្មោះបោះសំឡេងក្នុងវិស័យបាល់ទាត់កម្ពុជារួចមក ពេលនេះលោកបានហក់ចូលសម្ដែងខ្សែភាពយន្ដខ្នាតធំមួយឲ្យផលិតកម្ម «សិល្បៈខ្មែរភាពយន្ដ» ដែលមានចំណង ជើងថា «បន្តោងឆ្នាំងដី» ដោយនេះជាក្ដីស្រម៉ៃរបស់លោកដែលចង់ក្លាយជាតារាសម្ដែង បន្ទាប់ពីឃើញមិត្តរួមក្រុមមាន ឈ្មោះល្បីល្បាញតាមរយៈការសម្ដែង។

ជាការពិតណាស់ កីឡាករបាល់ទាត់មកពីក្លឹបបឹងកេត ស៊ូ យ៉ាទី ត្រូវបានប្រជាជនទូទាំងប្រទេស ជាពិសេសអ្នកគាំទ្រវិស័យបាល់ទាត់ជ្រាបថា លោក គឺជាកីឡាករចាំទីជម្រើសជាតិមួយរូបប្រចាំប្រទេសកម្ពុជា ក្រៅពីនេះលោកក៏មានក្ដីស្រម៉ៃខ្ពស់ចង់ក្លាយជាតារាសម្ដែងផងដែរ ខណៈផលិតកររបស់ផលិតកម្ម «សិល្បៈខ្មែរភាពយន្ដ» បានផ្ដល់ឱកាសដ៏ពិសេសនេះដល់លោក។

បើតាមការសង្កេតឃើញរបស់ទស្សនិកជន មូលហេតុដែលលោក ចង់ហក់ចូលវិស័យសម្ដែងនោះ គឺមកពីលោកមើលឃើញថា មិត្តៗដែលជាកីឡាករបាល់ទាត់ដូចលោក បានកំពុងតែមានឈ្មោះបោះសំឡេង ពង្រីកភាពល្បីល្បាញរបស់ខ្លួនតាមរយៈការសម្ដែងដូចជា លី វ៉ាហេត និង ប្រាក់ មុន្នីឧត្តមជាដើម។

ជុំវិញរឿងរ៉ាវទាំងនេះ លោក ស៊ូ យ៉ាទី បានថ្លែងប្រាប់គេហទំព័រ Khmer Talking ឲ្យដឹងថា « បាទបង!កន្លងមកខ្ញុំតែងតែមានការស្រមើស្រម៉ៃចង់ក្លាយជាអ្នកសិល្បៈមួយរូប ដោយឡែកពេលនេះ បង ហេង ឡុង និង បង ពែក មី ជាពិសេសផលិតកម្ម «សិល្បៈខ្មែរភាពយន្ដ» ទាំងមូល បានផ្ដល់ឱកាសឲ្យខ្ញុំបានចូលរួមសម្ដែងខ្សែភាពយន្ដឡើកទី១ ដែលមានចំណងជើងថា «បន្ដោងឆ្នាំងដី» ប្រចាំផលិតកម្មនេះផងដែរ។ តែទោះបីជាយ៉ាងណាក្ដី ខ្ញុំមិនអាចបោះបង់ចោលអាជីពជាកីឡាបាល់ទាត់នោះតែ អាជីពទាំងពីរនេះខ្ញុំនឹងដើរទន្ទឹមគ្នា ព្រោះខ្ញុំមានឈ្មោះមកដល់ថ្ងៃនេះ គឺដោយសារបាល់ទាត់នេះហើយ។ ទោះបីជាអាជីពជាតារាសម្ដែងមានការលំបាក់ជាងកីឡាបាល់ទាត់យ៉ាងណាក្ដី ប៉ុន្ដែខ្ញុំនឹងខិតខំប្រឹងប្រែង ដើម្បីសម្រេចក្ដីស្រមៃមួយនេះ»

គួរឲ្យដឹងថា នេះជាលើកទីមួយហើយដែលលោក ស៊ូ យ៉ាទី បានចូលរួមសម្ដែងក្នុងខ្សែភាពយន្ដខ្នាតធំនេះ ព្រោះពីមុនមកលោកធ្លាប់តែថតស្ពតពាណិជ្ជកម្ម និងធ្វើជាកីឡាករតែប៉ុណ្ណោះ។ លោក សង្ឃឹមថា ទស្សនិកជន នឹងជួយគាំទ្រស្នាដៃសម្ដែងរបស់លោក ក្នុងផលិតកម្មថ្មីមួយនេះ៕

ប្រភព៖ Khmertalking

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77