ខាំ ខ្លានាង ដាក់ទិសដៅខំហាត់៨ឆ្នាំ ដើម្បីវ៉ៃឲ្យបានល្បីឈ្មោះដូច បឺត ខាំ និង បឺត សំខាន់
កីឡាករខ្លួនតូចចិត្តធំ ខាំ ខ្លានាង បានបង្ហាញពីមហិច្ឆតាដ៏ធំរបស់ខ្លួន គឺការព្យាយាមហ្វឹកហាត់ឲ្យបានខ្លាំង ក្នុងរយៈពេល៧ទៅ៨ឆ្នាំទៀត ដើម្បីឡើងវ៉ៃឲ្យបានខ្លាំង ធ្វើឲ្យរូបគេក្លាយជាកីឡាករមានឈ្មោះល្បីល្បាញដូចគ្រូបង្វឹករបស់ខ្លួនគឺ បឺត ខាំ និង បឺត សំខាន់។
ខាំ ខ្លានាង បាននិយាយថា៖ «ប្រហែល១ឆ្នាំនេះ ខ្ញុំបានប្រកួតអន្តរជាតិជាមួយកីឡាករបរទេសចូល១០ដងហើយ ហើយទទួលបានជោគជ័យច្រើន ប៉ុន្តែបើនិយាយពីសមត្ថភាព និងភាពល្បីល្បាញវិញ គឺខ្ញុំទើបតែចាប់ផ្តើមទេ ហេតុនេះខ្ញុំត្រូវហ្វឹកហាត់ឲ្យបានខ្លាំងជាងនេះ ព្រោះមហិច្ឆតារបស់ខ្ញុំ ចង់មានឈ្មោះល្បីដូចគ្រូបង្វឹករបស់ខ្ញុំ បឺត សំខាន់ និង បឺត ខាំ ដ្បិតអីពួកគាត់មានក្បាច់ល្អណាស់»។
កីឡាករវ័យក្មេង ខ្លានាង បានបញ្ជាក់ថា៖ «បើមើលសមត្ថភាពរបស់ខ្ញុំនៅពេលនេះ នៅមានការខ្វះខាតច្រើន ដែលត្រូវប្រើពេលពី៧ទៅ៨ឆ្នាំទៀតឯណោះ ទើបអាចបានប្រហែលគ្រូរបស់ខ្ញុំ ហេតុនេះខ្ញុំត្រូវខំប្រឹងបន្ថែមទៀត ហើយខ្ញុំមិនគិតថា ដល់ពេលនោះខ្ញុំចាស់ កម្លាំងធ្លាក់នោះទេ គឺនៅពេលយើងខំហាត់ យើងនឹងឡើងកាន់តែខ្លាំង»។
ការបង្ហាញពីមហិច្ឆតា ក្នុងការចង់ក្លាយជាកីឡាករដ៏ល្បីឈ្មោះរបស់កម្ពុជា នៅថ្ងៃអនាគតនេះគឺសិស្សគណក្លិបរ៉ាហាប់ស្វាយប៉ាក ខាំ ខ្លានាង បានលើកឡើង បន្ទាប់ពីរូបគេបានប្រកួតស្មើពិន្ទុជាមួយកីឡាករថៃ Koladoi សម្រាប់ការប្រកួតអន្តរជាតិក្នុងកម្មវិធីសមរភូមិអ្នកប្រយុទ្ធគោជល់ នៅលើសង្វៀន PNN កាលពីយប់ថ្ងៃអាទិត្យ ហើយក៏ជាពេលដែលរូបគេហាក់មិនសប្បាយចិត្តទទួលយកលទ្ធផលស្មើផងដែរ ព្រោះមុនការប្រកួតលទ្ធផល ខ្លានាង រំពឹងឈ្នះរហូតដល់៨០ភាគឯណោះ៕
អត្ថបទដោយ៖ Cambosport
ខាំ ខ្លានាង