v9

មិនគួរឲ្យជឿ! បុរសមុខដែក Mike Tyson ប្រាប់ថា រូបគាត់ធ្លាប់បាន រងនូវការបំពានផ្លូវភេទ ក្នុងវ័យ ៧ឆ្នាំ (មានវីដេអូ)

2 months ago​ | ដោយ Jerry Jr

លោក Mike Tyson បាននិយាយសារភាពពីហេតុការណ៍ដែលរូបលោកត្រូវបានគេបៀតបៀនផ្លូវភេទ នៅពេលដែលលោកមានវ័យ៧ឆ្នាំ ក្រោយពីត្រូវបានចាប់ជំរិតនៅតាមដងវិថី។ ក្នុងកិច្ចសម្ភាសជាមួយនឹងកម្មវិធី E60 របស់ទូរទស្សន៍ ESPN អតីតម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោករូបនេះ បានប្រាប់លោក Jeremy Schapp ថា ការរំលោភបំពាននោះ បានធ្វើឲ្យលោកមានការឈឺចាប់យ៉ាងខ្លាំង ប៉ុន្តែ បាននិយាយថា លោកនៅតែមានការលំបាកក្នុងការស្រាយបំភ្លឺពីអ្វីដែលបានកើតឡើង។

លោក Schapp ដែលបានសម្ភាស Tyson យ៉ាងញឹកញាប់អំឡុងរយៈពេល២៥ឆ្នាំចុងក្រោយនេះ បានចោទសួរថា ហេតុអ្វីបានជាលោកសម្រេចចិត្តនិយាយដោយបើកចំហជាលើកទី១ទៅលើបញ្ហាបំពានផ្លូវភេទនេះ? បុរសមុខដែក Tyson បានឆ្លើយថា៖ «ពិតណាស់ ខ្ញុំមិនចូលចិត្តនិយាយពីបញ្ហានេះឡើយ ខ្ញុំចង់រក្សាទុកជារឿងអតីតកាល ប៉ុន្តែ ខ្ញុំបានរងនូវការធ្វើបាបក្នុងពេលស្ថិតជាកុមារម្នាក់។ វាបានធ្វើឲ្យរងនូវការលំបាកក្នុងពិភពដែលខ្ញុំបានរស់នៅ»

Tyson បានបញ្ជាក់ថា លោកមានអារម្មណ៍ថា ខ្មាស់អៀនចំពោះអ្វីដែលបានកើតឡើងចំពោះលោក ហើយហេតុផលដែលមនុស្សមួយចំនួនមិនចង់និយាយពីបញ្ហានេះ ពីព្រោះពួកគេមានអារម្មណ៍ថា វាបានធ្វើឲ្យពួកគេបាក់មុខក្នុងនាមជាបុរស។ Tyson បានឲ្យដឹងថា៖ «ខ្ញុំបានដឹងថា វាមិនធ្វើឲ្យអ្នកខ្វះភាពជាបុរសឡើយ ពីព្រោះវាបានកើតឡើងរួចទៅហើយ»។ នេះមិនមែនជាលើកទីមួយឡើយដែលអតីតកីឡាករប្រដាល់រូបនេះ បានធ្វើការពិភាក្សាទៅលើការបំពានផ្លូវភេទ។

ក្នុងកិច្ចសម្ភាសមួយកាលពីឆ្នាំ២០១៤ជាមួយនឹងវិទ្យុ SiriusXM’s Opie លោកបានប្រាប់លោក Jim Norton ដែលជាអ្នករៀបចំកម្មវិធីថា ពីដំណើរដែលរូបគេត្រូវបានចាប់ជំរិតនៅតាមដងវិថី ក្នុងវ័យ៧ឆ្នាំ និងត្រូវបានរំលោភបំពានដោយបុរសចំណាស់ម្នាក់។ Tyson បានបញ្ជាក់ថា វាបានកើតឡើងត្រឹមតែ១លើកគត់ ហើយលោកបានគេចផុតពីការធ្វើបាប តាមរយៈការរត់ចេញឲ្យឆ្ងាយ។ ក្នុងកិច្ចសម្ភាសជាមួយនឹងទូរទស្សន៍ ESPN នាពេលថ្មីៗនេះ បុរសវ័យ៥១ឆ្នាំរូបនេះ បានប្រាប់លោក Schapp ពីដំណើរដែលលោកត្រូវបានចាប់ដោយជនចម្លែកម្នាក់ និងត្រូវបាននាំយកទៅកាន់អគារមួយ ប៉ុន្តែ បានសម្រេចចិត្តរក្សាការសម្ងាត់ទៅលើអ្វីដែលជារឿងឯកជនដែលបានកើតឡើងចំពោះរូបលោក៕

ប្រែសម្រួលដោយ៖ Cambosport
ប្រភព៖ TheSun

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77