v9

Bayern ចុះហត្ថលេខាជាមួយ James Rodriguez ក្នុងកិច្ចសន្យាខ្ចីជើងពីរឆ្នាំពី Real Madrid

8 months ago​ | ដោយ Jerry Jr

ក្លិបយក្ស Bayern Munich បានចុះហត្ថលេខាជាមួយនឹងខ្សែបម្រើប្រយុទ្ធ James Rodriguez ពីក្លិប Real Madrid ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេល២ឆ្នាំ។ Rodriguez វ័យ២៥ឆ្នាំ នឹងផ្ទេរទៅកាន់ក្រុមម្ចាស់ជើងឯករបស់អាល្លឺម៉ង់មួយនេះ ក្រោយពីបានចំណាយពេល៣រដូវកាលជាមួយនឹងក្លិប Real ដែលជាកន្លែងរូបគេមិនធ្លាប់បានបង្ហាញខ្លួនក្នុងជម្រើសទាំង១១នាក់ដំបូងជាទៀងទាត់ឡើយ។

ក្លិប Bayern មានជម្រើសក្នុងការទិញយកខ្សែបម្រើប្រយុទ្ធអន្តរជាតិកូឡុំប៊ីរូបនេះ ក្នុងពេលបញ្ចប់ក្នុងកិច្ចសន្យាខ្ចីជើង។ លោក Karl-Heinz Rummenigge ប្រធានក្លិបរបស់ Bayern បានឲ្យដឹងថា៖ «យើងពិតជារីករាយណាស់ដែលយើងបានបំពេញការផ្ទេរមួយនេះ។ ការចុះហត្ថលេខាជាមួយនឹង James Rodriguez គឺជាបំណងដ៏ធំមួយពីអ្នកចាត់ការទូទៅរបស់លោក Carlo Ancelotti ក្រោយពីពួកគេទាំងពីរធ្លាប់បានធ្វើការជាមួយគ្នាយ៉ាងជោគជ័យនៅក្លិប Real Madrid»

Rodriguez នឹងចូលរួមជាមួយនឹងក្រុម Bayern ភ្លាមៗ ហើយរូបគេនឹងធ្វើដំណើរទៅជាមួយនឹងក្រុមថ្មីរបស់ខ្លួនក្នុងដំណើរប្រកួតរយៈពេល១២ថ្ងៃក្នុងប្រទេសចិន និងសិង្ហបុរី។ ស្របពេលជាមួយគ្នានេះ ក្លិប Bayern ក៏បានយល់ព្រមលក់ខ្សែបម្រើ Douglas Costa ទៅឲ្យក្លិបសេះបង្កង់ Juventus ផងដែរ។ ខ្សែបម្រើអន្តរជាតិប្រេស៊ីលរូបនេះ ដែលបានផ្ទេរមកពីក្លិប Shakhtar Donetsk កាលពីឆ្នាំ២០១៥នោះ នឹងចូលរួមជាមួយនឹងក្លិបស្ថិតក្នុងក្របខ័ណ្ឌ Serie A ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល នៅមុនពេលបំពេញការផ្ទេរក្នុងតម្លៃខ្លួន៤០លានអឺរ៉ូ (ស្មើនឹង៤៦លានដុល្លារអាមេរិក)។ បើបូកទាំងតម្លៃខ្លួននៃការខ្ចីជើងទៀត ការផ្ទេរនេះ នឹងកើនដល់៤៦លានអឺរ៉ូ៕

កីឡាករ ខ្សែបម្រើ Douglas Costa

ប្រែសម្រួលដោយ៖ Cambosport
ប្រភពព័ត៌មាន៖ The Guardian

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77