v9
V9BET

អាល្លឺម៉ង់ ជឿជាក់ខ្ពស់ មុនពេលប៉ះម៉ិកស៊ិក ក្នុងវគ្គ១/២នៃ Confed Cup នៅរាត្រីនេះ

2 years ago​ | ដោយ Jerry Jr

ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ គឺជាស្តេចក្នុងការស៊ុតបាល់ប៉េណាល់ទី ប៉ុន្តែក្រុមម្ចាស់ជើងឯកពិភពលោកមួយនេះ សង្ឃឹមថា នឹងយកឈ្នះលើក្រុមជម្រើសជាតិម៉ិកស៊ិក ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Confederations Cup នៅរាត្រីនេះ ដោយមិនចាំបាច់ត្រូវកាត់សេចក្តីដោយបាល់១១ម៉ែត្រ។

ក្រុមជម្រើសជាតិអាល្លឺម៉ង់ បានឈ្នះរាល់ការស៊ុតបាល់ប៉េណាល់ទីទាំងលើកដែលពួកគេបានជួបប្រទះ បើគិតចាប់តាំងពីឆ្នាំ១៩៧៦ ទាំងក្នុងយុទ្ធនាការ World Cup និងព្រឹត្តិការណ៍ Euro ជុំផ្តាច់ព្រ័ត្រ។ ក្រុមអាល្លឺម៉ង់របស់លោក Joachim Loew នឹងត្រូវជួបជាមួយនឹងជើងខ្លាំងម៉ិកស៊ិក ក្នុងទីក្រុង Sochi ដើម្បីប្រជែងយកកៅអីទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Confed Cup នាថ្ងៃអាទិត្យនេះ ក្នុងទីក្រុង St Petersburg ជាមួយនឹងក្រុមជម្រើសជាតិស៊ីលី ដែលបានទម្លាក់ព័រទុយហ្គាល់ ដោយការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តី ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមួយគូទៀត នៅទីក្រុង Kazan កាលពីថ្ងៃពុធ។

ក្រោយពីបានបញ្ចប់ដោយឈរលេខ១ក្នុងពូលនៃព្រឹត្តិការណ៍ Confederations Cup តាមរយៈការឈ្នះ២លើក និងស្មើ១លើក ក្រុមជម្រើសជាតិអាល្លឺម៉ង់ មិនស្គាល់ចាញ់សោះពីការប្រកួត១៣លើកចុងក្រោយរបស់ពួកគេ បើគិតចាប់តាំងពីពួកគេបានរងបរាជ័យក្រោមស្នាដៃក្រុមជម្រើសជាតិបារាំង ក្នុងយុទ្ធនាការ Euro វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឆ្នាំ២០១៦។

ខ្សែការពារស្លាបឆ្វេង Jonas Hector បានបញ្ជាក់ថា តារាឆ្នើមៗវ័យក្មេងរបស់អាល្លឺម៉ង់ មិនទាន់បានហ្វឹកហាត់ទៅលើការស៊ុតបាល់ប៉េណាល់ទីឡើយ និងសង្ឃឹមថា អាចផ្តួលក្រុមជម្រើសជាតិម៉ិកស៊ិក ក្នុងរយៈពេលត្រឹមតែ៩០នាទី។ Hector បានទទួលស្គាល់ថា ៖ «យើងចង់គេចឲ្យផុតពីស្ថានភាពស៊ុតបាល់ប៉េណាល់ទី។ យើងមិនបានធ្វើការហ្វឹកហាត់ជាពិសេសឡើយសម្រាប់បាល់ប៉េណាល់ទីនេះ ហើយយើងនឹងអនុញ្ញាតឲ្យ នៅពេលដែលវាកើតឡើង»

អាល្លឺម៉ង់ រំពឹងទុកថា នឹងមានការប្រជែងយ៉ាងស្វិតស្វាញពីសំណាក់ក្រុមជម្រើសជាតិម៉ិកស៊ិក។ ម៉ិកស៊ិក បានធ្វើការវាយបកដេញតាមពីក្រោយរាល់ការប្រកួតទាំង៣លើកនៃការប្រកួតក្នុងពូលរបស់ពួកគេ ដើម្បីផ្តួលនូវែលសេឡង់ និងរុស្ស៊ី ក្នុងលទ្ធផល ២-១ ដូចគ្នា ក្រោយពីបានបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ជាមួយព័រទុយហ្គាល់ ដែលនៅពេលនោះ ពួកគេបានវាយបកដើម្បីរកគ្រាប់បាល់តាមស្មើ២លើក។ អាល្លឺម៉ង់ បានផ្តួលម៉ិកស៊ិក ៤-៣ នៅពេលដែលក្រុមទាំងពីរបានជួបគ្នាជាលើកចុងក្រោយក្នុងការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣នៃព្រឹត្តិការណ៍ Confederations Cup ឆ្នាំ២០០៥ នៅអាល្លឺម៉ង់។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង១រំលងអធ្រាត្រ៕

អត្ថបទដោយ៖ Cambosport
ប្រភពព័ត៌មាន៖ Worldsoccertalk

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.