អ៊ុំ ចំរើន ក្រោកពីសន្លប់ មកឈ្នះទាំងវេទនា រីឯ ឡុង សំណាង ខំប្រឹងគ្រប់កលល្បិច បានត្រឹមស្មើថៃ

2 years ago​ | ដោយ Jerry Jr

អ្នកប្រដាល់វាយមិនដកថយរបស់ក្លិបតាឡីដំរីមានរិទ្ធ អ៊ុំ ចំរើន បានប្រកាច់ពេញសង្វៀនប្រដាល់ មុនពេលរូបគេត្រូវបានអ្នកឲ្យទឹកគ្រាមកទទួលជ័យជម្នះ លើកីឡាករវាយមិនគោរពច្បាប់របស់ថៃ Tongsak ក្នុងការប្រកួតមិត្តភាពអន្តរជាតិ នៅលើសង្វៀន PNN កាលពីយប់ថ្ងៃអាទិត្យ ម្សិលមិញ រីឯ ឡុង សំណាង បានប្តេជ្ញាខំហាត់ក្បាច់ជង្គង់ឲ្យបានខ្លាំងជាងនេះ ខណៈការខំប្រឹងរបស់គេបានត្រឹមស្មើពិន្ទុជាមួយជើងខ្លាំងរបស់ថៃ Jensuek នោះ។

សម្រាប់ការប្រកួតកាលពីម្សិលមិញនោះ មានការចាប់អារម្មណ៍ខ្លាំងនៅពេល អ៊ុំ ចំរើន បានព្យាយាមទាត់ ម៉ាត់ និងប្តូរជង្គង់យ៉ាងស្វិតស្វាញជាមួយ Tongsak នោះ។ Tongsak វាយចេញយឺតជាង ចំរើន តែក្បាច់ជង្គង់របស់គេបុកចំគោលដៅល្អណាស់ ហើយក៏បានធ្វើឲ្យ ចំរើន ជួបការលំបាកផងដែរ។

ប៉ុន្តែខណៈការប្រកួតកាន់តែមានភាពស្វិតស្វាញខ្លាំងនៅទឹកទី៤នោះ Tongsak បែរជាគ្រប់គ្រងអារម្មណ៍ខ្លួនឯងមិនបាន ដោយរូបគេ បានវាយកែងស្តាំថែមពីក្រោយទៅលើចំក្រោយត្រចៀកឆ្វេងរបស់ អ៊ុំ ចំរើនពេញមួយទំហឹង។ ការវាយថែមខុសលក្ខខណ្ឌប្រកួតនេះ បានធ្វើឲ្យ អ៊ុំ ចំរើន ដួលប្រកាច់ពេញសង្វៀន នៅពេលរូបគេខំក្រោកឈរទាំងស្ថានភាពវង្វេងនោះ។ ទង្វើនេះលោកអាជ្ញាកណ្តាលសម្រេចដេញ Tongsak ឲ្យចេញពីលើសង្វៀន និងផ្តល់ជ័យជម្នះទៅឲ្យ អ៊ុំ ចំរើន។ ប៉ុន្តែចំរើន ត្រូវបានអ្នកឲ្យទឹកគ្រាមកទទួលជ័យជម្នះទាំងវេទនា និងមានអាការចង់ក្អួត នៅក្រោយការប្រកួតផងដែរ។

ចំណែក ឡុង សំណាង និងថៃ Jensuek បានវាយបកសងគ្នា៥ទឹកពេញជាមួយក្បាច់សម្លាប់ស្រដៀងគ្នាគឺការបុកជង្គង់ និងវាយកែង។ បើទោះបីជា ក្បាច់ជង្គង់របស់ ឡុង សំណាង ចេញបានល្អជាង ប៉ុន្តែនៅទឹកទី៥ ឡុង សំណាង បានការធ្លាក់កម្លាំងច្រើន និងបានដួល២ទៅ៣ដងផងដែរ ហើតសកម្មភាពនេះបានធ្វើឲ្យប្រធានវិនិច្ឆ័យសម្រេចប្រកាសឲ្យគូនេះស្មើគ្នា ដោយ Jensuek មានស្នាមបែកនៅលើចិញ្ចើមឆ្វេងត្រឡប់ទៅវិញ។
ទាក់ទងទៅនឹងការប្រកួតនេះ ឡុង សំណាង បាននិយាយក្រោយការប្រកួតថា៖ «ខ្ញុំខំប្រឹងវាយអស់ពីសមត្ថភាពហើយ ប៉ុន្តែបានត្រឹមស្មើពិន្ទុ។ ខ្ញុំទទួលយកលទ្ធផលស្មើនេះ ព្រោះសមត្ថភាពកីឡាករថៃម្នាក់នេះល្អដែរ ហើយខ្ញុំមានមោទនភាព ដែលបានប្រកួតជាមួយអ្នកខ្លាំងបែបនេះ ព្រោះវាអាចជួយពង្រឹងសមត្ថភាពរបស់ខ្ញុំកាន់តែប្រសើរជាងមុន»

នៅពេលសួរបញ្ជាក់ថា តើការប្រកួតលើកក្រោយៗចង់ជួបថៃជើងខ្លាំងជាងនេះទៀតឬក៏អត់នោះ? ឡុង សំណាង បានឆ្លើយតបថា៖ «បើសិនជាយើងចង់អភិវឌ្ឍខ្លួនឲ្យបានខ្លាំង យើងត្រូវតែប្រកួតជាមួយអ្នកខ្លាំង ហេតុនេះខ្ញុំមិនខ្លាចនឹងជួបអ្នកខ្លាំងនោះទេ។ ខ្ញុំនឹងប្រឹងប្រែងហាត់ឲ្យបានខ្លាំងជាងនេះពិសេសក្បាច់ជង្គង់ ព្រោះខ្ញុំចង់ធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់ខ្ញុំ មានភាពល្បីដូចគ្រូបង្វឹករបស់ខ្ញុំ(បឺត ខាំ និង បឺត សម្រេច) និងរៀមច្បងរបស់ខ្ញុំ(ឡុង សុភី និង ឡុង សុវណ្ណឌឿន) ហើយក៏ចង់ក្លាយជាកីឡាករលំដាប់កំពូលប្រចាំប្រទេសកម្ពុជា និងអាលបានចេញទៅប្រកួតនៅក្រៅប្រទេសផងដែរ»

– សូមទស្សនាការប្រកួតរវាង អ៊ុំ ចំរើន Vs Tongsak៖

– សូមទស្សនាការប្រកួតរវាង ឡុង សំណាង Vs Jensuek៖

អត្ថបទដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.