v9
V9BET

ឃីម ឌីម៉ា មិន​មើលស្រាល ឆៃ សារ៉ា តែ​ត្រៀម​ផ្លែសម្លាប់​​រួច​ហើយនាជំនួប​វគ្គ​ផ្តាច់​ព្រ័ត្រនេះ

2 years ago​ | ដោយ Bopha

កីឡាករ​ជើង​ខ្លាំង​ ឃីម ឌីម៉ា ​​ដែល​មិន​ធ្លាប់​ចាញ់​សោះ សម្រាប់ការ​ប្រកួត​ជិត​១ឆ្នាំ​នេះ ហាក់​មិន​បាន​មើលស្រាល​ទៅ​លើ​ ឆៃ សារ៉ា ​នោះ​ទេ សម្រាប់​ការឡើង​ប្រកួត​ផ្តាច់​ព្រ័ត្រ​​ដណ្តើម​ខ្សែ​ក្រវាត់​គោជល់ ទម្ងន់​៦៣,៥​គីឡូក្រាម នៅ​លើ​សង្វៀន CNC នា​យប់​ថ្ងៃ​សៅរ៍ ខាង​មុខ​នេះ។

កីឡាករ​មាន​ដើម​កំណើត​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ ឃីម ឌីម៉ា បាន​ប្រាប់​ថា៖​«ខាង​គេ​ក៏​ខំ​ហាត់​ដូច​យើង​នោះ​ដែរ ហេតុ​នេះ​ខ្ញុំ​មិន​ទាន់​ហ៊ាន​ថា​យ៉ាង​ម៉េច​នោះ​ទេ សម្រាប់​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​​នេះ អ៊ីចឹង​មាន​តែ​ចាំ​មើល​ដល់​ការ​ប្រកួតជាក់​ស្តែង ព្រោះ​ខ្ញុំ​មិន​ដែល​ជួប​គេ​ពី​មុន​មក​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​ត្រៀម​ខ្លួន​បាន​ល្អ​១០០​ភាគ​រយ​ហើយ ហើយ​ក៏​បាន​ពង្រឹង​ផ្លែ​សម្លាប់​របស់​ខ្ញុំ​មួយ​កំប្លេរ​ហើយ​ដែរ គឺ​ពង្រឹង​គ្រប់​ក្បាច់​តែ​ម្តង»។

ចំពោះ ឆៃ សារ៉ា វិញ​គឺ​គេ​បាន​ចាត់​ទុក​ការ​ប្រកួតនេះ​សំខាន់​បំផុត ក្នុង​អាជីព​របស់​គេ ព្រោះ ឆៃ សារ៉ា បាន​និយាយ​បន្ទាប់​ពី​រូប​គេ​បាន​យក​ឈ្នះ Farnimith ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ កាល​ពី​ថ្ងៃ​ទី​១០ ខែមិថុនា​ថា៖​​​«ការ​​បាន​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​នេះ ជាឱកាសដ៏កម្រ និង​ជាឱកាសដែល​ខ្ញុំ​បាន​ទន្ទឹង​រង់ចាំយូរ​មក​ហើយដែរ គឺ​ខ្ញុំគិតថា​​នឹង​បានជួប​កីឡាករ​ជើង​ខ្លាំង​​​​នៅ​​ស្រុក​ខ្មែរ ហើយ​ពេលនេះ​ក្តីសុបិន្ត​របស់​ខ្ញុំ​បាន​ក្លាយជា​ការ​ពិត​ហើយ ហេតុ​នេះ​បើ​ទោះ​បីជា ឃីម ឌីម៉ា ជា​កីឡាករជើងខ្លាំង ប៉ុន្តែ​ខ្ញុំ​នឹង​ព្យាយាម​ធ្វើ​ឲ្យ​បាន​ល្អ​ជាង​ការ​ប្រកួតជាមួយ Farnimith ​នៅ​ថ្ងៃ​នេះ​ទៅ​ទៀត»។

យ៉ាង​ណា​ក៏​ដោយ លោក ធន់ សុភា គ្រូ​បង្វឹក ឆៃ សារ៉ា ​បាន​មើល​ឃើញ​ថា ការ​ប្រកួតផ្តាច់​ព្រ័ត្រ​នេះ នឹ​ង​មាន​ភាព​តាន​តឹង​ខ្លាំងបំផុត គឺ​​​មិន​អាច​អ្នក​ណា​មួយ​ឈ្នះ​ដោយ​ងាយ​ស្រួល​នោះ​ទេ។ លោក​បាននិយាយ​​ថា៖​«​ការ​ឈ្នះ​ចាញ់ វាអាច​នឹង​កើត​ឡើង​ដោយ​ការ​ហេង​ស៊យ ព្រោះ​ពួក​គេ​ខ្លាំង​ដូច​គ្នា ហើយ​ហ្វឹក​ហាត់​បាន​ពេញ​ដូច​គ្នា ចំណែក​ក្បាច់វាយ​ចេញ​វិញ​គឺ​ទាត់ ម៉ាត់ និងកែង ភាគ​ច្រើន​ដូច​គ្នា ហេតុ​នេះ​អ្នក​ភ្លាត់​អាច​នឹង​ចាញ់ ប៉ុន្តែ​មិនអាច​ចាញ់​ដោយ​សន្លប់​ទេ លុះ​ត្រា​តែ​វាយ​កែង​បែក​ធំ ហើយត្រូវ​​អាជ្ញា​កណ្តាល​បញ្ឈប់»។

គួរ​រំឭក​ថា ឃីម ឌីម៉ា និង ឆៃ សារ៉ា បាន​​យក​ឈ្នះ​កីឡាករ​ថៃ​ទាំង​៤​លើកដូច​គ្នា នៅ​ក្នុង​ការ​ប្រកួត​វិល​ជុំ ចំណែក​ការ​ឡើង​មក​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ឃីម ឌីម៉ា ​បាន​យក​ឈ្នះ​ ឌុម កែវដា ដោយ​ពិន្ទុ ហើយ ឆៃ សារ៉ា ​កីឡាករ​ថៃ Farnimith ដោយ​ពិន្ទុ​ដូច​គ្នា។
ជាមួយ​នឹង​លទ្ធ​ផល​នោះ ឌុម កែវដា នឹង​ត្រូវ​ប្រកួត​ដណ្តើម​យក​ចំណាត់​ថ្នាក់​លេខ​៣ និង​លេខ​៤ ជាមួយ Farnimith នៅ​យប់​ថ្ងៃសៅរ៍​នោះ​ដែរ ខណៈ​ការ​ជួប​គ្នា​ក្នុង​វគ្គ​ជម្រុះ​វិលជុំ កន្លង​មក កែវដា បាន​ចាញ់​ពិន្ទុ Farnimith។ ចំណែក​​ជើង​ខ្លាំង ម៉ឺន សុភាព ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​ក្នុង​ទម្ងន់​៧១​គីឡូក្រាម​ជាមួយ​ថៃ Yassine Fdaoui នៅ​យប់​ថ្ងៃសៅរ៍​នោះ​ដែរ៕

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.