v9

Crystal Palace ស្ថិតយ៉ាងប្រកៀកក្នុងការចុះហត្ថលេខាជាមួយ Van Aanholt

2 years ago​ | ដោយ Dara

ក្លិប Crystal Palace កំពុងស្ថិតយ៉ាងប្រកៀកក្នុងឈានដល់ការព្រមព្រៀងគ្នាមួយជាមួយនឹងក្លិបកំពុងតែត្រដាបត្រដួសដូចគ្នាគឺ Sunderland ដើម្បីចុះហត្ថលេខាជាមួយនឹង Patrick van Aanholt ក្នុងកិច្ចសន្យាផ្ទេរមួយដែលអាចនឹងកើនដល់តម្លៃខ្លួន១២លានផោន (ស្មើនឹង១៥លានដុល្លារអាមេរិក៌) ខណៈដែលលោក Sam Allardyce រំពឹងទុកថា ខ្សែការពារសញ្ជាតិហូឡង់រូបនេះនឹងក្លាយជាកីឡាករ១ក្នុងចំណោមកីឡាករចំណូលថ្មី២នាក់ដែលត្រូវចូលរួមនៅឯកីឡដ្ឋាន Selhurst Park នាសប្តាហ៍នេះ។

ft-img-template

Van Aanholt ដែលបានផ្ទេរមកពីក្លិប Chelsea ក្នុងតម្លៃខ្លួន១,៥លានផោន កាលពីឆ្នាំ២០១៤នោះ បានចូលលេងជាទៀងទាត់សម្រាប់ក្រុម Sunderland ចាប់តាំងពីរូបគេបានចូលរួមជាមួយនឹងក្លិបនេះ ប៉ុន្តែ មិនបានផ្តល់ការជឿជាក់ដល់អ្នកចាត់ការទូទៅនាពេលបច្ចុប្បន្នគឺលោក David Moyes ទៅលើភាពរឹងមាំនៃការការពាររបស់គេឡើយ។

ប៉ុន្តែ ទោះបីជាយ៉ាងណា លោក Allardyce បានទទួលនូវការបង្ហាញពីទម្រង់លេងប្រកបដោយការជឿជាក់ជាងពីសំណាក់ខ្សែការពារអន្តរជាតិហូឡង់រូបនេះ ក្នុងពេលដែលលោកដឹកនាំនៅឯក្លិប Sunderland កាលពីរដូវកាលមុន ខណៈដែល Van Aanholt វ័យ២៦ឆ្នាំ បានក្លាយជាសមាជិកដ៏សំខាន់ក្នុងការជួយឲ្យក្រុមខ្លួនគេចផុតពីតំបន់កាត់ចោល។

Crystal Palace មិនមានខ្សែការពារកណ្តាលដ៏ជាក់លាក់ម្នាក់ឡើយ បើគិតចាប់តាំងពីកីឡាករ Pape Souare បានបាក់ឆ្អឹងភ្លៅ និងចង្ការបស់គេក្នុងគ្រោះថ្នាក់រថយន្តមួយកាលពីខែកញ្ញា។ ខ្សែការពារអន្តរជាតិសេណេហ្គាល់រូបនេះ ដែលការរងរបួសរបស់គេបាននាំឲ្យមានភាពស្រពេចស្រពិលទៅលើអនាគតរបស់គេក្នុងការប្រកួតកីឡាបាល់ទាត់នោះ បានវិលទៅធ្វើការហ្វឹកហាត់ស្រាលៗវិញ នៅឯ Beckenham កាលពីសប្តាហ៍មុន ប៉ុន្តែ នឹងមិនចូលលេងម្តងទៀតនៅរដូវកាលនេះឡើយ៕

ប្រភពព័ត៌មាន៖ The Guardian

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.