v9
V9BET

E-Sport កម្ពុជានាំពាន​ជើងឯក MATIC 2017 មកដល់​ទឹកដីកំណើត​ខ្លួនវិញ

2 years ago​ | ដោយ Phearak Chuon

(ភ្នំពេញ)៖ ប្រតិភូ និងកីឡាអេឡិចត្រូនិកកម្ពុជា (E-Sport) បានត្រឡប់ស្រុកកំណើតខ្លួនវិញហើយ នៅល្ងាចថ្ងៃទី១៧ ខែមករានេះ បន្ទាប់បីបញ្ចប់បេសកកម្មប្រកួតជើងឯកកីឡាអេឡិចត្រូនិកអន្ដរជាតិ MATIC 2017 នៅប្រទេសម៉ាឡេស៊ី ដោយនាំមកជានូវពានជើងឯក ១គ្រឿង អមដោយប្រាក់រង្វាន់ ១៥,០០០ដុល្លារទៀតផង ដែលដណ្ដើមបានដោយក្រុម Nevercare ដែលជាអតីតក្រុមជើងឯករងឆ្នាំចាស់។

fn

ក្រោយចុះពីយន្ដហោះភ្លាម ក្រុម Nevercare បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងថ្នាក់ដឹកនាំសហព័ន្ធរបស់ខ្លួន បន្ទាប់ពីក្រុមជើងឯករងថ្នាក់ជាតិនេះ បានបំបែកកំណត់ត្រាថ្មី ដែលជួយកម្ពុជាឲ្យឈ្នះជើងឯកពានរង្វាន់កីឡាអេឡិចត្រូនិកអន្ដរជាតិ MATIC ជាលើកទី២ ខណៈលើកទី១ ឈ្នះកាលពីឆ្នាំ២០១៥កន្លងទៅ។

fn

គួរបញ្ជាក់ថា មុនឈ្នះជើងឯក ក្រុមជើងខ្លាំងកម្ពុជានេះ បានឆ្លងកាត់ការប្រកួតសន្សំពិន្ទុយ៉ាងស្វិតស្វាញក្នុងពូល A និងបានយកឈ្នះគូប្រជែងជាបន្ដបន្ទាប់ទៀតផង រួមមានក្រុមម្ចាស់ផ្ទះម៉ាឡេស៊ី KC-KingOver, ក្រុម Shui Feng របស់ចិន, ក្រុម Troop History មកពីសិង្ហបុរី, ក្រុម Successful របស់កម្ពុជា និងអតីតក្រុមជើងឯកឆ្នាំចាស់ Superior របស់ថៃផងដែរ។

photo

បន្ទាប់ពីឆ្លងផុតវគ្គជម្រុះក្នុងពូល ក្រុម Nevercare បានទម្លាក់ក្រុម No Excuse មកពីសិង្ហបុរី នៅវគ្គ ៨ក្រុមចុងក្រោយ ដើម្បីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយជួបក្រុម Shui Feng ជាថ្មី ហើយក៏បានបន្ដទម្លាក់ក្រុមខ្លាំងមកពីចិននេះ ដើម្បីឡើងទៅជួបក្រុម Superior របស់ថៃនៅវគ្គផ្ដាច់ព្រ័ត្រ ហើយក៏បានយកឈ្នះក្រុមជើងឯក ២ជំនាន់នេះ ដើម្បីគ្រងជើងឯក MATIC ឆ្នាំ២០១៧ តែម្ដង។

fn

សូមបញ្ជាក់ថា ការប្រកួតកីឡាអេឡិចត្រូនិកអន្ដរជាតិ MATIC ឆ្នាំ២០១៧នេះ គឺធ្វើឡើងរយៈពេល ២ថ្ងៃប៉ុណ្ណោះ គឺថ្ងៃទី១៤ និងថ្ងៃទី១៥ ខែមករានេះ ដោយមានក្រុមខ្លាំងៗ ១២ក្រុមមកពី ៧ប្រទេសចូលរួម ដូចជាក្រុមម្ចាស់ផ្ទះម៉ាឡេស៊ី ៣ក្រុម, កម្ពុជា ២ក្រុម, សិង្ហបុរី ២ក្រុម, ចិន ២ក្រុម, ថៃ ១ក្រុម, មីយ៉ាន់ម៉ា ១ក្រុម និងក្រុមកីឡាអេឡិចត្រូនិកឥណ្ឌូណេស៊ី ១ក្រុម៕

ប្រភពពី khmertalking

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.