v9

ក្រុមខ្លាំងទាំង៣២ ត្រៀមរួចរាល់ក្នុងការប្រជែងយកពាន Ganzberg Futsal និងប្រាក់រង្វាន់១ម៉ឺនដុល្លារ

4 months ago​ | ដោយ Bopha

ក្រុម​ហ្វុតសាល​ចំនួន​៣២​ក្រុម ដែល​ទើប​ឆ្លង​ផុត​វគ្គជម្រុះ​តាម​មណ្ឌល​ទាំង​៤នោះ បាន​រៀបចំ​រួច​ជា​ស្រេច ក្នុង​ការ​ប្រកួត​យក​ពាន​ អម​ជាមួយ​ប្រាក់​រង្វាន់​ចំនួន​១ម៉ឺន​ដុល្លារ នៃ​​ការ​ប្រកួត​​បាល់​ទាត់​ហ្វុតសាល​ដណ្តើម​ពាន​រង្វាន់ GANZBERG ឆ្នាំ​២០១៧( GANZBERG Futsal Cup 2017) ដែលនឹង​ចាប់​ដំណើរ​ការ​ប្រកួត នៅទីលាន T-Soccer ចាប់​ពី​ថ្ងៃ​សុក្រស្អែក​នេះ​ទៅ។

mm1

ក្រុម​ទាំង​៣២ ដែល​បាន​ឡើង​មក​ដល់​វគ្គ​នេះ ត្រូវ​បាន​​កំណត់​គូ​ប្រជែង​រួច​រាល់​អស់​ហើយ ហើយ​អ្វី​ដែល​ពិសេស​នោះ​​​អតី​ត​កីឡា​ករ​ដ៏​ល្បី​លោក ហុក សុចិត្រា រួម​ជាមួយ​កីឡាករ​ដ៏​មាន​ប្រជា​ប្រិយ​របស់​កម្ពុជា គួច សុកុម្ភៈ, ឃឹម​ បូរី, អ៊ុំ វិចិត្រ, អ៊ុំ សេរីរ័ត្ន, ឈិន ឈឿន, អ៊ុក សុធី និង ទៀង ទីនី ត្រូវ​​បានគណៈកម្មការ​រៀបចំ និង​ម្ចាស់​ឧបត្ថម្ភ បាន​ឯក​ភាព​គ្នា​ដាក់​ឲ្យ​ជួយ​​បង្វឹក និង​ផ្តល់​យោបល​បន្ថែម​ដល់​ក្រុម​ទាំង​៣២ ដោយ​ក្នុង​១នាក់ ​ត្រូវ​កាន់​៤​ក្រុម។

mm2

តាម​រយៈ​ការ​ចាប់​ឆ្នោតបែង​ចែក​ក្រុម​ទាំង​៣២ សម្រាប់ឲ្យ​គ្រូបង្វឹក​វ័យ​ក្មេង​ទាំង​៨​នាក់ខាង​លើ ធ្វើ​ការ​ដឹក​នាំ នៅ​ស្ថានីយ​ទូរទស្សន៍ CTN កាលពី​​ព្រឹក​ថ្ងៃ​​ព្រហស្បតិ៍​នេះ បាន​ឲ្យ​ដឹង​ថា លោក ហុក សុចិត្រា ត្រូវ​ដឹក​នាំ​ក្រុម​ Young Fihter យុវជន​ក១២ ក្រុម​3G FC និង​ក្រុម​យុវជន​កំពង់សោម ឯ ទៀង ទីនី ត្រូវ​ដឹកនាំ​ក្រុម​បង​ឆើត ក្រុម​ប្រមាញ់​ទី​ក្រុង ក្រុម​ម្កុដពេជ្រ FC និង​ក្រុអាណាចក្រ​បៃ​តង ខណៈ ឈិន ឈឿន ត្រូវ​ដឹក​នាំ​ក្រុមនាឋអាស៊ី ក្រុមឪម៉ាល់ ក្រុម​ CFR ក្រុម​ Old Stadium។

mm4

ចំណែក ឃឹម បូរី ត្រូវ​ដឹក​នាំ​ក្រុមម្ចាស់ជើង​ឯក​ឆ្នាំ​ចាស់ Daniel FC ក្រុម​ហ្វតាបា FC ក្រុម Victory Youth ក្រុម Home Sport FC ឯ​អ្នក​ចាំ​ទី អ៊ុំ សេរីរ័ត្ន ត្រូវ​ដឹកនាំ​ក្រុម Rolling FC(A) ក្រុម World Cup Soccer ក្រុម​រតនៈ​គិរី FC និងក្រុម Down Toun Sport។ ចំពោះ គួច សុកុម្ភៈ ​ត្រូវ​ដឹក​នាំ​ក្រុម​ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្រុម Home Sport O.R និងក្រុមរស្មីសំពៅ​មាស ហើយអ្នក​ចាំ​ទី​ អ៊ុំ វិចិត្រ ត្រូវ​ដឹកនាំ​ក្រុម​យុវជន​៧មករា ក្រុម​ទីស្តីការគណៈរដ្ឋមន្រ្តី ក្រុម Heng Heng Family និងក្រុម​ឆន្ទៈកីឡា Bagette រីឯ អ៊ុក សុធី ត្រូវ​ដឹកនាំ​ក្រុម Rolling Youth FC ក្រុម V.Train ក្រុមដូន​ពេញ និងក្រុម​ឆន្ទៈ​កីឡា។

សម្រាប់ការ​ប្រកួត​ចាប់​ពីវគ្គ​៣២​ក្រុមនេះ រហូត​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ ដែល​ត្រូវ​ធ្វើ​ឡើង​នៅ​រៀងរាល់​​យប់​ថ្ងៃសុក្រ​នោះ នឹងមានការ​ផ្សាយ​ផ្ទាល់​ដោយ​ទូរទស្សន៍ MyTV។ ចំណែក​ការ​ប្រកួត​បែក​ឆាក នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ ក្រុមការពារតំណែងជើងឯក Daniel FC ​ត្រូវ​ជួប​ក្រុម Young Fighters នៅម៉ោង ២០:០០ ឯ​ក្រុម​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​ត្រូវ​ប្រកួត​ជាមួយក្រុម Young Fighter ចាប់​ពី​ម៉ោង ២១:០០ ហើយក្រុម​ឈ្នះត្រូវ​ឡើង​ទៅកាន់វគ្គ​បន្ត តែ​ក្រុម​ចាញ់​ត្រូវ​ធ្លាក់៕

mm5

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77