v9

ក្រុមវ៉ូវីណាមកម្ពុជា កំពុងប្រជែងជាមួយអត្តពលិកមកពី៥ប្រទេសនៅសៀមរាប

6 months ago​ | ដោយ Bopha

ក្រុមអត្តពលិកកីឡាវ៉ូវីណាមកម្ពុជា កំពុងធ្វើការប្រកួតប្រជែងជាមួយអត្តពលិកមកពី៥ប្រទេសផ្សេងទៀត ក្នុងការប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ីអាគ្នេយ៍ លើកទី៤ ឆ្នាំ២០១៧ ដែលកំពុងដំណើរការនៅក្នុងសណ្ឋាគារសុខាល័យ លើទឹកដីខេត្តសៀមរាបអង្គរ ហើយគ្រោងនឹងបញ្ចប់ នៅថ្ងៃសៅរ៍ស្អែកនេះ។

nn1

បើតាមគណៈកម្មការរៀបចំការប្រកួត បានឲ្យដឹងថា ព្រឹត្តិការណ៍នេះមានអត្តពលិកចំនួន៦ប្រទេសបានចូលរួម ក្នុងនោះមានកម្ពុជា ជាម្ចាស់ផ្ទះ វៀតណាម ឡាវ ឥណ្ឌូនេស៊ី ហ្វីលីពីននិងមីយ៉ាន់ម៉ា ហើយនេះជាលើកទី៣ហើយដែលកម្ពុជា បានធ្វើជាម្ចាស់ផ្ទះការប្រកួតជើងឯកអាស៊ីអាគ្នេយ៍មួយនេះ ព្រោះមានលោក រ័ត្ន សុខន ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា និងជាប្រធានសហព័ន្ធកីឡាវ៉ូរីណាមអាស៊ាន ជាអ្នកជួយជ្រោមជ្រែងទៅលើការចំណាយ និងការទំនាក់ទំនង។

សម្រាប់ការធ្វើជាម្ចាស់ផ្ទះចំនួន២លើកកន្លងមក ដោយលើកទី១ធ្វើនៅភ្នំពេញ ក្នុងឆ្នាំ២០១២ និងលើកទី២ធ្វើនៅខេត្តសៀមរាប ក្នុងឆ្នាំ២០១៣ គឺក្រុមវ៉ូវីណាមកម្ពុជា តែងតែឈរនៅចំណាត់ថ្នាក់ល្អ តាមរយៈការដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធ ច្រើន គឺបន្ទាប់ពីវៀតណាម ដែលជាម្ចាស់ក្បាច់គុនវ៉ូវីណាមនេះ។

ចំពោះការប្រកួតលើកនេះ កម្ពុជា បានដាក់អត្តពលិកចំនួន២៤នាក់ឲ្យធ្វើការប្រកួតប្រជែងនៅលើវិញ្ញាសាទាំងសម្តែង និងប្រយុទ្ធចំនួន៦ ជាមួយអត្តពលិកមកពី៥ប្រទេសខាងលើ ហើយលោក ទេព ជីវសុខុម គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា និងជាអគ្គលេខាធិការសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានអះអាងថា ក្រុមវ៉ូវីណាមកម្ពុជា នឹងទទួលបានលទ្ធផលល្អ គឺយ៉ាងហោចណាស់ ក៏បានឈរក្នុងចំណាត់ថ្នាក់លេខ២ ក្នុងចំណោម៦ប្រទេសចូលរួមដែរ គឺយើងអាចនៅក្រោមវៀតណាម តែមួយប៉ុណ្ណោះ៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77