v9

លោក Mcglynn៖ លោកនឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ដើម្បីដឹកនាំឲ្យក្លិបបឹងកេតអង្គរឆ្ពោះទៅកាន់ភាពជោគជ័យ

10 months ago​ | ដោយ Dara

លោក John Ynwa Mcglynn បានបញ្ជាក់ថា លោកនឹងខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាពរបស់លោកក្នុងការដឹកនាំឲ្យក្លិបបឹងកេតអង្គរ ធ្វើដំណើរឆ្ពោះទៅកាន់ជ័យជម្នះ ក្រោយពីលោកត្រូវបានតែងតាំងជាគ្រូបង្វឹកបង្គោលក្នុងកិច្ចសន្យារយៈពេល១ឆ្នាំ កាលពីថ្ងៃចន្ទ ជាមួយនឹងជម្រើសបន្តកុងត្រាបន្ថែមទៀត ដើម្បីជំនួសកន្លែងរបស់លោកប្រាក់ សុវណ្ណារ៉ា។

John

ការតែងតាំងនេះនឹងនាំឲ្យលោក McGlynn ក្លាយជាគ្រូបង្វឹកបង្គោលរបស់បឹងកេត ជាលើកទី២ ក្រោយពីបានចំណាយពេលដ៏ខ្លីក្នុងការដឹកនាំក្រុមម្ចាស់ជើងឯកមិត្តហ្វូនខេមបូឌានលីករដូវកាលឆ្នាំ២០១៥-២០១៦មួយនេះ កាលពីឆ្នាំ២០១៥ សម្រាប់យុទ្ធនាការដណ្តើមពានរង្វាន់សម្តេចហ៊ុនសែន។ កាលនោះ លោកបានជួយឲ្យក្រុមបឹងកេត បញ្ចប់ដោយឈរលេខ១ក្នុងពូលមួយដែលក៏មានក្រុមភ្នំពេញក្រោន និងក្រសួងការពារជាតិផងដែរ មុននឹងចាញ់ក្រុមណាហ្គាវើល ក្នុងការប្រកួតវគ្គ៨ក្រុមចុងក្រោយ។

គ្រូបង្វឹកសញ្ជាតិអូស្ត្រាលីវ័យ៤៩ឆ្នាំរូបនេះបានបញ្ជាក់ប្រាប់កាលពីម្សិលមិញថា៖ «ខ្ញុំពិតជារំភើបណាស់ ក្នុងការត្រូវបានតែងតាំងជាគ្រូបង្វឹកបឹងកេតអង្គរម្តងទៀត។ វាជាការងារដ៏ធំមួយ ប៉ុន្តែ ពិតណាស់ ខ្ញុំពិតជារីករាយក្នុងការវិលត្រឡប់មកវិញ»។ ការងារដ៏ចម្បងនៅចំពោះមុខរបស់លោកនាពេលបច្ចុប្បន្ន គឺការដឹកនាំក្រុមរបស់លោកឲ្យឆ្លងផុតការប្រកួតជម្រុះនៃពាន AFC Cup ក្នុងពេលប៉ះជាមួយនឹងក្រុមឡាវ Lao Toyota នាថ្ងៃទី៣១ ខែមករា នៅលើទឹកដីខ្លួនឯង មុននឹងប្រកួតជើងទី២ នាថ្ងៃទី៧ ខែកុម្ភៈ ខាងមុខនេះ។

លោក McGlynn បានទទួលស្គាល់ថា៖ «គោលដៅរបស់ខ្ញុំនៅពេលនេះគឺការដណ្តើមឲ្យបានជ័យជម្នះក្នុងការប្រកួតនេះ។ បើទោះបីនេះមិនមែនជាពេលវេលាដ៏ល្អបំផុតក្នុងការចូលកាន់តំណែង ប៉ុន្តែ វាក៏ជាឱកាសដ៏ល្អមួយសម្រាប់ខ្ញុំផងដែរ»។ លោក McGlynn ដែលបានចំណាយពេលរស់នៅកម្ពុជា រយៈពេល៤ឆ្នាំមកហើយនោះ បានចាប់ផ្តើមអាជីពក្នុងកីឡាបាល់ទាត់កម្ពុជាជាមួយនឹងក្លិបកីឡាបាល់ទាត់ភ្នំពេញក្រោន កាលពីរដូវកាលឆ្នាំ២០១៣-២០១៤ ក្នុងនាមជាគ្រូបង្វឹកជំនួយ៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77