Ads Here...

Man United ទទួលយកសំណើពី Everton សម្រាប់ Schneiderlin ក្នុងតម្លៃខ្លួន២២លានផោន

ក្លិប Manchester United បានទទួលសំណើដេញថ្លៃក្នុងទឹកប្រាក់២២លានផោន (ស្មើនឹង២៦,៨លានដុល្លារអាមេរិក) សម្រាប់ខ្សែបម្រើ Morgan Schneiderlin ដែលអាចនឹងកើនដល់២៤លានផោន បើបូកជាមួយនឹងប្រាក់ឧបត្ថម្ភផ្សេងៗទៀត។

images

ការដាក់សំណើជាលើកដំបូងរបស់លោក Ronald Koeman ក្នុងតម្លៃខ្លួន១៩លានផោន សម្រាប់ខ្សែបម្រើអន្តរជាតិបារាំងរូបនេះ ត្រូវបានច្រានចោលកាលពីសប្តាហ៍មុន ហើយក្លិប West Bromwich Albion ក៏បានបង្ហាញនូវសំណើស្រដៀងគ្នានេះផងដែរ ប៉ុន្តែ បានរងនូវការច្រានចោលដូចគ្នា ខណៈដែល Man United ចង់បានតម្លៃខ្លួន២៤លានផោន ដែលពួកគេបានចំណាយទៅឲ្យក្លិប Southampton សម្រាប់ Schneiderlin កាលពីខែកក្កដា ឆ្នាំ២០១៥។

ការចរចាផ្សេងៗបានបន្តក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ខណៈដែល Everton បច្ចុប្បន្នសង្ឃឹមថា នឹងបំពេញការផ្ទេរនេះក្នុងរយៈពេល៤៨ម៉ោងទៀត ក្រោយពីបានយល់ព្រមលើតម្លៃខ្លួនមួយកាលពីថ្ងៃអង្គារ។

លោក Koeman ដែលក៏បានយល់ព្រមក្នុងការអនុញ្ញាតឲ្យខ្សែប្រយុទ្ធ Oumar Niasse ចូលរួមជាមួយនឹងក្លិប Hull City ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ចុងរដូវកាលនេះ បានបញ្ជាក់ ក្រោយពីក្រុម Everton បានរងបរាជ័យក្រោមស្នាដៃ Leicester City ក្នុងការប្រកួតពាន FA Cup កាលពីថ្ងៃសៅរ៍ ថា លោកមិនចាប់អារម្មណ៍ទៅលើជម្រើសលើកីឡាករបម្រុងឡើយ។

ខណៈដែលលោកសម្លឹងរកក្នុងការពង្រឹងក្រុមរបស់លោកជាមួយនឹងកីឡាករម្នាក់ដែលលោកធ្លាប់បានដឹកនាំក្នុងក្លិប Southampton អស់រយៈពេល១រដូវកាល។ អ្នកចាត់ការទូទៅរបស់ក្លិប Everton រូបនេះបានឲ្យដឹងថា៖ «យើងដឹងពីអ្វីដែលយើងចង់បាន។ យើងស្គាល់កីឡាករជាច្រើនដែលយើងចង់បាន ហើយវាអាស្រ័យទៅលើក្រុមប្រឹក្សាក្នុងការបង្កើតឲ្យមានការផ្ទេរនេះ»៕

ប្រភពព័ត៌មាន៖ The Guardian