v9

CR7​៖ ខ្ញុំ​សោកស្ដាយ​ដែល​អ្នក​ខ្លះ​មក​ពី Barcelona មិន​នៅ​ទីនេះ​ជាមួយ​យើង​

11 months ago​ | ដោយ Phearak Chuon

​នៅ​ក្នុង​ពិធី​​ប្រគល់​ពាន​រង្វាន់​ប្រចាំ​ឆ្នាំ​​២០១៦​របស់ FIFA ​នៅ Zurich ប្រទេស​ស្វ៊ីស យប់​ថ្ងៃ​ចន្ទ​ទី​៩​ខែ​មករា​ឆ្នាំ​២០១៧ ដែល Cristiano Ronaldo ​ឈ្នះ​ពាន​កីឡាករ​បាល់ទាត់​ឆ្នើម​បំផុត​លើ​លោក The Best FIFA’s Men Player ​នោះ ប្រធាន​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​វ័យ​៣១​ឆ្នាំ​​ហាក់​​ផ្លែផ្កា​បន្តិច​​ដាក់​​គូ​ប្រជែង​មក​ពី​ក្លិប Barcelona ដែល​មិន​​​បាន​មក​ចូល​រួម​​ ដ្បិត​​ត្រូវ​ប្រមូល​អារម្មណ៍​ហាត់​ត្រៀម​​ប្រកួត Copa del Rey ទល់​នឹង Athletic Bilbao ក្នុង​រយៈ​ពេល​៤៨​ម៉ោង​ក្រោយ​ពិធី​​។

Ronaldo_couldnt_resist_a_sly_dig

កំពូល​ខ្សែ​ប្រយុទ្ធ​របស់ Real Madrid ដែល​​ឈ្នះ​ពាន​បាល់​មាស Ballon d’Or ជា​លើក​ទី​៤​កាល​ពី​ខែ​ធ្នូ​កន្លង​ទៅ​ផង​នោះ និយាយ​ថា​៖ “សមិទ្ធផល​នេះ​ពិត​ជា​អស្ចារ្យ​ណាស់​សម្រាប់​កម្រិត​បុគ្គល​​។ ​ខ្ញុំ​​​​គ្មាន​ថ្ងៃ​បំភ្លេច​ឆ្នាំ​នេះ​ឡើយ​។ ខ្ញុំ​សប្បាយ​ចិត្ត​​ណាស់​។ សូម​អរគុណ​អ្នក​​ទាំង​អស់​គ្នា ខ្ញុំ​មិន​មានអ្វី​បន្ថែម​​ទៀត​ទេ​។

CR7_looks_down_on_his_award_with_pride

ខ្ញុំ​គិត​ថា​ពាន​រង្វាន់​នេះ​បរិយាយ​គ្រប់គ្រាន់​ហើយ​។ ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​មែនទែន​។ ខ្ញុំ​សោកស្ដាយ​ដែល​អ្នក​ខ្លះ​មក​ពី Barcelona ​មិន​នៅ​ទីនេះ​ជាមួយ​ពួក​យើង ប៉ុន្តែ​ករណី​នេះ​ជា​រឿង​ដែល​អាច​យល់​បាន​​​”​។

Ronaldo_with_family

អតីត​កីឡាករ​របស់ Sporting Lisbon និង Real Madrid ដែល​ឈ្នះពាន Champions League, UEFA Super Cup , FIFA Club World Cup 2016 ជាមួយ​ក្លិប​និង Euro 2016 ជាមួយ​ជម្រើស​ជាតិ​ព័រទុយហ្គាល់ បន្ថែម​ថា​៖ “ខ្ញុំ​សូម​អរគុណ​មិត្ត​រួម​ក្លិប Real Madrid ​និង​គ្រូ​បង្វឹក​។ អរគុណ​​សម្រាប់​គ្រប់​យ៉ាង​ដែល​អ្នក​បាន​ធ្វើ​​ដើម្បី​ខ្ញុំ​។

Ronaldo_with_presenters

ខ្ញុំ​ក៏​សូម​អរគុណ​គ្រួសារ​ខ្ញុំ បងប្អូន​ខ្ញុំ ម៉ាក់​ខ្ញុំ បុគ្គលិក​របស់​ខ្ញុំ​ ១០០​ភាគរយ​ចំពោះ​អ្វី​ដែល​ពួក​គេ​បាន​ផ្ដល់​ឱ្យ​ខ្ញុំ​។ ២០១៦ ជា​ឆ្នាំ​ដ៏​ល្អ​បំផុត​​នៃ​អាជីព​របស់​ខ្ញុំ​”​។ ក្នុង​ឆ្នាំ​២០១៦​កន្លង​ទៅ Ronaldo ​រក​គ្រាប់​បាល់​បាន​៥៥​គ្រាប់​ពី​ការ​ចូល​លេង​សរុប​៥៧​លើក​ទាំង​​នៅ​ក្លិប​និង​ជម្រើស​ជាតិ​៕

ប្រភពពី keiladaily

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77