v9

លោក ប្រាក់ សុវណ្ណារ៉ា ហាក់នៅអាឡោះអាល័យ នឹងក្រុមបឹងកេត

3 months ago​ | ដោយ Bopha

នៅទីបំផុត គ្រូបង្វឹកជើងចាស់ លោក ប្រាក់ សុវណ្ណារ៉ា ត្រូវបានចែកផ្លូវជាមួយក្លិបបឹងកេត ដ៏គួរឲ្យភ្ញាក់ផ្អើល ខណៈភាគីទាំង២ ចរចារគ្នាមិនត្រូវលើកិច្ចសន្យាថ្មីនោះ ប៉ុន្តែខាងក្លិបបានបញ្ជាក់ថា ការចាកចេញរបស់លោក សុវណ្ណារ៉ា គ្មានទាក់ទងនឹងបញ្ហាល្អក់កករអ្វីជាមួយគ្នានោះទេ។
លោក ប្រាក់ សុវណ្ណារ៉ា បានទទួលយកទាំងពេញចិត្ត នៅការមិនបន្តកុងត្រាថ្មីរបស់ក្លិបបឹងកេត ដោយលោកបានប្រាប់ថា៖«អាជីពគ្រូបង្ហាត់ ឫក៏អាជីពណា វាដូចតែគ្នាទេ គឺត្រូវតែមានកិច្ចព្រមព្រៀងមួយច្បាស់លាស់ ហើយខ្ញុំសប្បាយចិត្ត ដែលក្លិបបឹងកេតអង្គរ គោរពទៅតាមគោលការណ៏អាជីព»។

u

យ៉ាងណាក៏ដោយ នៅពេលសួរបញ្ជាក់ថា ក្រុមបឹងកេត មានធនធានកីឡាករល្អៗច្រើន និងជាក្រុមខ្លាំង ក្នុងលីកកំពូលកម្ពុជា អ៊ីចឹងតើលោកគ្រូមានការសោកស្តាយទេ នៅពេលលោកគ្រូ មិនបានបន្តដឹកនាំក្រុមមួយនេះទៀត? លោក ប្រាក់ សុវណ្ណារ៉ា បានឆ្លើយតបយ៉ាងខ្លីថា៖« ប្រាកដហើយ តែធ្វើម៉េចបើចរចារមិនត្រូវគ្នា ហើយនៅពេលនេះមិនទាន់ដឹងថាទៅណាទេ បើមានអ្វីប្រែប្រួលខ្ញុំនឹងប្រាប់»។

ft-img-template

ជុំវិញបញ្ហានេះ ក្លិបបឹងកេតអង្គរ បានប្រកាសនៅលើផេកហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃសៅរ៍ថា៖« ក្លិបបឹងកេតអង្គរសូមប្រកាសអំពីការចែកផ្លូវគ្នាជាមួយលោកគ្រូ ប្រាក់ សុវណ្ណារ៉ា នៅថ្ងៃនេះ ដោយមានការឯកភាពគ្នាទាំងសងខាង។ គ្រប់ៗគ្នានៅក្លិបបឹងកេតអង្គរ សូមអរគុណដល់លោកគ្រូ ប្រាក់ សុវណ្ណារ៉ា ចំពោះការរួមចំណែកយ៉ាងសំខាន់ក្នុងជោគជ័យរបស់ក្លិបអំឡុងពេល២រដូវកាលចុងក្រោយនេះ ដោយយើងបានឈ្នះជើងឯកលីកកំពូលកម្ពុជា ឆ្នាំ២០១៦ និង រងជើងឯកក្នុងពានរង្វាន់អន្ដរជាតិ Toyota Mekong Club Championship 2015 ដែលធ្វើឲ្យលោកគ្រូ ក្លាយជាគ្រូជោគជ័យបំផុតម្នាក់ក្នុងប្រវត្តិសាស្ត្ររបស់ក្លិប»។

សេចក្តីប្រកាសដដែលនេះ បានបន្តថា៖«ប៉ុន្តែក្លិប និងលោកគ្រូ ទទួលស្គាល់នូវលទ្ធផលមិនសូវសមប្រកបក្នុងរយ:ពេលចុងក្រោយនេះ ហើយជឿជាក់ថាការចែកផ្លូវគ្នានេះធ្វើឡើងដើម្បីផលចំណេញជាអតិបរមាចំពោះភាគីទាំងសងខាង។ ទន្ទឹមនឹងនេះដែរ ក្លិបសូមបញ្ជាក់ថា ការចាកចេញរបស់លោកគ្រូ ប្រាក់ សុវណ្ណារ៉ា ពុំមានបញ្ហាល្អក់កករអ្វីឡើយ ហើយបឹងកេតអង្គរ នៅតែមានការគោរព និងក្ដីស្រលាញ់ ចំពោះលោកគ្រូជានិច្ច។ ការផ្ដោតសំខាន់របស់ក្លិបនៅពេលនេះគឺធ្វើយ៉ាងណាពង្រឹងទេពកោសល្យកីឡាកររបស់យើង ឲ្យដល់សក្ដានុពលខ្ពស់បំផុតរបស់ពួកគេហើយក្លិបពុំមានការអត្ថាធិប្បាយអ្វីផ្សេងបន្ថែមទៀតនោះឡើយ រហូតដល់ការតែងតាំងគ្រូបង្គោលថ្មីត្រូវបានធ្វើឡើង»៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77