v9

គ្រូបឹងកេតអង្គរ លោក ប្រាក់ សុវណ្ណារ៉ា ហោះទៅរៀនបន្ថែមនៅជប៉ុន

5 months ago​ | ដោយ Bopha

លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្គោលក្រុមបឹងកេតអង្គរ ដែលទើបទទួលការខកចិត្ត ដោយលោកមិនអាចជួយក្រុមបឹងកេតអង្គរ ឲ្យបានឡើងទៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Toyota Mekong Club Championship 2016 នោះ បានធ្វើដំណើរដោយយន្តហោះទៅកាន់ប្រទេសជប៉ុន កាលពីម្សិលមិញ ដើម្បីចូលរួមសន្និសីទកំពូលសម្រាប់គ្រូបាល់ទាត់របស់ពេល៥ថ្ងៃ ដោយលោកសង្ឃឹមថា នឹងអាចនាំយកចំណេះដឹងថ្មីៗបន្ថែមទៀត មកជួយអភិវឌ្ឍបាល់ទាត់នៅកម្ពុជា។

kk1

ជាមួយការចេញទៅប្រទេសជប៉ុននេះ លោក ប្រាក់ សុវណ្ណារ៉ា បានបង្ហោះរូបថតមួយសន្លឹក ដែលថតនៅព្រលានយន្តហោះ អមជាមួយសារខ្លីមួយ នៅលើផេកហ្វេសប៊ុកផ្លូវការរបស់លោកថា៖«បានត្រៀមធ្វើដំណើរទៅទីក្រុងហ៊ីរ៉ូស៊ីម៉ា (Hiroshima) ប្រទេសជប៉ុន ដើម្បីចូលរួមសន្និសីទកំពូលសម្រាប់គ្រូបាល់ទាត់ប្រទេសនេះរយះពេល៥ថ្ងៃ។ សង្ឃឹមថា អ្វីដែលខ្ញុំបានដឹង(ពីសន្និសីទកំពូល) អាចយកមកចែករំលែកដល់ក្រុមគ្រួសារបាល់ទាត់យើង ឲ្យមានការអភិវឌ្ឍន៏ទៅមុខ»។

គួរបញ្ជាក់ថា សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Toyota Mekong Club Championship 2016 នៅពហុកីឡដ្ឋានជាតិ កាលពីថ្ងៃទី៣១ ខែធ្នូ កន្លងមកនេះ ក្រុមបឹងកេតអង្គរ បានធ្លាក់ចេញពីការប្រកួតនេះ បន្ទាប់ពីពួកគេបានចាញ់ក្រុម Lanexang United របស់ឡាវ ៣-០ នោះ។

លទ្ធផលនេះបានជួយឲ្យក្រុម Lanexang ឡើងទៅជួបក្រុម Buriram United របស់ថៃ នៅវគ្គផ្តាច់ព្រ័ត្រ ដែលមាន២ជើង ខណៈការប្រកួតជើងទី១ Lanexang បានយកឈ្នះក្រុម Buriram ១-០ នៅលើទឹកដីខ្លួនឯង ប៉ុន្តែ Lanexang ត្រូវទៅប្រកួតជើងទី២ ដើម្បីកាត់សេចក្តីរកក្រុមម្ចាស់ពាន នៅលើទឹកដីថៃរបស់ក្រុម Buriram វិញម្តង គឺនៅថ្ងៃទី៨ ខែមករា ខាងមុខនេះ។

យ៉ាងណាក៏ដោយ លោក ប្រាក់ សុវណ្ណារ៉ា នៅមានការងារធំៗចំពោះមុខចំនួន៣ទៀត ដែលលោកត្រូវដឹកនាំក្រុមបឹងកេតអង្គរ ក្នុងឆ្នាំ២០១៧នេះ គឺការចូលរួមការប្រកួតក្របខ័ណ្ឌលីកកំពូលកម្ពុជា ឆ្នាំ២០១៧ ការប្រកួតពានរង្វាន់សម្តេចហ៊ុនសែន ឆ្នាំ២០១៧ ពិសេសការប្រកួតជម្រុះវគ្គ Play-off Round នៃពានរង្វាន់ AFC Cup 2017 ដោយពួកគេត្រូវជួបក្រុម Lao Toyota របស់ឡាវ ចំនួន២ជើង គឺនៅថ្ងៃទី៣១ ខែមករា បឹងកេត ត្រូវស្វាគមន៍ក្រុម Lao Toyota ហើយនៅថ្ងៃទី៧ ខែកុម្ភៈ បឹងកេត ត្រូវទៅលេងនៅទឹកដីក្រុម Lao Toyota វិញ ដើម្បីរកក្រុមឈ្នះត្រូវឡើងទៅលេងនៅវគ្គ Group Stage៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77