v9

ក្រុមទ័ព ដំឡើងប្រាក់ខែដល់កីឡាករខ្មែរ ដើម្បីបង្គើនគុណភាពលេង

9 months ago​ | ដោយ Bopha

ក្រុមក្រសួងការពារជាតិ(ទ័ព) ​បាន​សម្រេច​ដំឡើង​​ប្រាក់​បៀរវត្សរ៍​ទៅ​ដល់​កីឡាករ​ក្នុងស្រុក​ប្រមាណ​៥០​ភាគ​រយ បន្ថែម​ទៅ​លើ​ប្រាក់​ខែ​ចាស់ ​ដើម្បី​ធ្វើ​ឲ្យ​កីឡាករ​មាន​កម្លាំង​ចិត្ត​កាន់តែ​ខ្លាំង​ក្នុងការ​ប្រកួតប្រជែង​ជាមួយ​ក្រុមផ្សេងៗ​ទៀត ខណៈ​ការ​ប្រកួតក្របខ័ណ្ឌ​លីកកំពូល​កម្ពុជា ក្នុងឆ្នាំ​២០១៧នេះ ក្រុម​ទ័ព ​បាន​ដាក់​គោល​ដៅ​យក​ពាន​ឲ្យបាន គឺ​យ៉ាង​ហោច​ណាស់​ក៏​បាន​លេខ​២​ដែរ ដើម្បី​ទទួល​បាន​ឱកាស​ចូល​រួម​ប្រកួត​ពាន​រង្វាន់ AFC Cup។

mm1

ទាក់​ទង​ទៅ​​នឹង​ការ​ដំឡើង​​ប្រាក់​បៀរវត្សរ៍​នេះ លោក ខូវ ឆាយ អ្នកចាត់ការ​ទូទៅ​របស់​ក្លិប​ក្រសួងការពារជាតិ ​បាន​និយាយ​ក្នុងសន្និសីទ​កាសែត នៅ​ផាកកាហ្វេ កាល​ពី​ល្ងាច​ម្សិល​មិញ​ថា៖​«ចំពោះ​គម្រោង​នៃ​ការ​ដំឡើង​​ប្រាក់​បៀរវត្សរ៍​ដល់​កីឡាករ​ខ្មែរ​នេះ គឺ​យើង​បាន​ធ្វើ​តាំង​ពី​ឆ្នាំ​២០១៥​មក​ម្ល៉េះ ដោយ​យើង​បាន​ដំឡើង​​ទៅ​តាម​កម្រិត​របស់កីឡាករ ប៉ុន្តែ​នៅ​ក្នុង​ឆ្នាំ​២០១៧នេះ មាន​ការ​ដំឡើង​​ច្រើន​ទៅ​លើ​កីឡាករ​ក្នុងស្រុក ព្រោះ​យើង​ចង់​បង្កើន​នៅ​កម្រិត និងមុខ​មាត់កីឡាករ​របស់​យើង»។

លោក​បាន​បន្ត​ថា៖​«​យើង​ដឹក​ហើយ​ថា ក្លិបក្រសួង​ការពារជាតិ ស្ថិត​នៅ​ក្រោមការ​គ្រប់​គ្រង​របស់កងទ័ព អ៊ីចឹង​កញ្ចប់​ថវិកា​របស់​យើង​គឺ​មាន​កំណត់ ប៉ុន្តែ​ដោយ​សារយើង​ធ្វើ​ការ​ងារ​ច្រើន​ជាមួយ​យុវជន ក្នុងការ​ទទួល​បាន​ការ​ចែក​រំលែក​នៅកញ្ចប់​ថវិកា ដើម្បី​លើកស្ទួយប្រាក់បៀរវត្សរ៍​របស់​កីឡាករ​យើង​​ឲ្យ​​ដើ​រ​ទាន់​ក្លិប​ធំៗ​ផ្សេង​ទៀត គឺ​យើងតម្លើងប្រហែល​៥០​ភាគ​រយ​ទៅ​លើ​​ប្រាក់​ខែ​ចាស់»។

mm2

យ៉ាង​ណា​ក៏​ដោយ លោក ខូវ ឆាយ មិន​បាន​បញ្ជាក់​ពី​ប្រាក់ខែ​គោល ដែល​កីឡាករ​របស់​ក្រុម​ទ័ព ទទួល​បាន​នោះ​ទេ ដោយ​សារ​នេះ​ជាកិច្ច​ការ​សម្ងាត់​របស់ក្លិប​​នៅ​កម្ពុជា។ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ពី​ទិស​ដៅ​របស់​ក្លិប​ក្រសួងការពារជាតិ យ៉ាង​ដូច្នេះ​ថា៖«​នៅ​ឆ្នាំ​២០១៧នេះ យើងមាន​ទិស​ដៅ​គឺធ្វើ​យ៉ាងណា​ឲ្យ​កម្រិត​លេង​របស់​យើង អាចឈាន​ទៅ​ប្រកួតប្រជែងក្នុង​តំបន់​បាន អ៊ីចឹង​បើ​យើងមាន​ឱកាស​លើក​ពាន​លីក ឬ​ក៏​ទទួល​បាន​លេខ​២ យើង​អាច​មានឱកាស​ទៅ​ប្រកួត​ក្នុងតំបន់ ព្រោះ​យើងកំពុង​តវ៉ា​​ទៅ AFC ឲ្យ​មាន​គោល​ការណ៍​២​ក្លិប​សម្រាប់​កម្ពុជា ក្នុងការ​ប្រកួត AFC Cup ហេតុ​នេះ​យើង​សង្ឃឹម​ថា យើងនឹង​អាច​ធ្វើ​បាន​ក្នុងរដូវកាល​​ឆ្នាំ​២០១៧នេះ»។

ជាមួយ​ទិស​ដៅ​ដ៏​ធំ​​នេះ ក្លិប​ក្រសួងការពារជាតិ បាន​ដាក់​ផែន​ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិជាមួយ​ក្លិប​ធំៗ នៅតំបន់​អាស៊ី​ ជា​បន្ត​​បន្ទាប់ ក្នុង​ឆ្នាំ​២០១៧នេះ ហើយ​នៅ​ល្ងាច​ម៉ោង ៦:៤៥ ថ្ងៃព្រហស្បតិ៍នេះ ក្រុម​ទ័ព នឹង​ត្រូវ​ធ្វើ​ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ ជាមួយ​ក្លិប Melaka United ដែល​ទើប​លើក​ពាន​ក្របខ័ណ្ឌ​លីក​ទី​២​របស់​ម៉ាឡេស៊ី ខណៈ​ការ​ប្រកួតនេះ គ្មានការ​លក់​សំបុត្រ​ទេ គឺ​អាច​ចូល​រួម​ទស្សនា​ដោយសេរី៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77